រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ
© លី ម៉េងហួរ
លិខិតក្រើនរំលឹករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលនេះ
ជាលើកទី២ហើយ ដើម្បីឲ្យអង្គភាពកាសែតទាំងអស់ រាប់ទាំងកាសែតបោះពុម្ព
ទស្សនាវដ្តី ព្រឹត្តិបត្រ និងគេហទំព័រ
យកចិត្តទុកដាក់ទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះការផ្សព្វផ្សាយ
ឬបង្ហោះតាមគេហទំព័រនូវរូបភាពដែលមើលទៅគួរឲ្យរន្ធត់និងភ័យខ្លាច
ប្រទេសខ្មែរ។
តាមលិខិតចុះថ្ងៃទី២៧កក្កដា ឆ្នាំ២០១២
ការផ្សព្វផ្សាយនូវរូបភាពអំពើហិង្សាកាចសាហាវ
រូបភាពគ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យរន្ធត់ និងរូបភាពឧក្រិដ្ឋ
ដោយមិនបានបិទបាំង នូវអត្តសញ្ញាណ និងមុខមាត់ជនរងគ្រោះ
ជាទង្វើប្រាសចាកក្រមសីលធម៌ វិជ្ជាជីវៈ
និងច្បាប់ស្តីពីរបបសារព័ត៌មាន។ មិនតែប៉ណ្ណោះ លោករដ្ឋមន្ត្រី
ចាត់ទុកថា រូបភាពទាំងនោះ
បានធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តគ្រួសារជនរងគ្រោះ
ដែលនាំឲ្យមានការតវ៉ា មកក្រសួងព័ត៌មានអំពីបញ្ហានេះ។
ក្នុងលិខិត ដែលបានផ្សព្វផ្សាយដល់អ្នកកាសែត កាលពីថ្ងៃទី៣០ ខែកក្កដា
ឆ្នាំ២០១២ ក៏បានក្រើនរំលឹកជាថ្មីម្តងទៀត
ដល់គ្រប់អង្គភាពសារព័ត៌មានបោះពុម្ពផ្សាយ និងគេហទំព័រទាំងអស់ថា
ចាប់ពីពេលនេះតទៅ រាល់ការផ្សព្វផ្សាយអំពីរូបភាព
បង្ហាញនូវអំពើហិង្សាកាចសាហាវ រូបភាពគ្រោះថ្នាក់ចរាចរណ៍
ដែលគួរឲ្យរន្ធត់ និងរូបភាពឧក្រិដ្ឋ
ដោយមិនបានបិទបាំងនូវអត្តសញ្ញាណមុខមាត់ជនរងគ្រោះ
ត្រូវតែបញ្ឈប់នូវការដាក់រូបភាពទាំងនោះ នៅលើទំព័រសារព័ត៌មាន
និងគេហទំព័ររបស់ខ្លួន។
លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ការចុះផ្សាយរូបភាពបែបនេះ
ជាកំហុសមួយ ដែលនគរបាល បានបញ្ជូនរូបភាព ទៅឲ្យអ្នកកាសែត។
ដូច្នេះនគរបាលក៏ត្រូវបញ្ឈប់ការបញ្ជូនរូបថតគួរឲ្យរន្ធត់ទាំងនោះផង
ដែរ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកត់សម្គាល់ថា នេះក៏ជាបញ្ហាមួយ
ដែលទាក់ទងទៅនឹងក្រមសីលធម៌ធំណាស់ ហើយហាក់បីដូចជាអ្នកកាសែតកម្ពុជា
មិនបានស្គាល់តម្លៃអំពីមនុស្សធម៌ មិនបានស្គាល់អ្វីជាភាពថ្លៃថ្នូរ
និងមិនបានស្គាល់ពីវីជ្ជាជីវៈរបស់ខ្លួន។ ដូច្នេះលោក
អំពាវនាវឲ្យសមាគមអ្នកសារព័ត៌មានទាំងអស់ ពិចារណាឡើងវិញ
ហើយក្រុមប្រឹក្សាវិន័យ ក៏ត្រូវគិតអំពីបញ្ហានេះ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ក្រសួងព័ត៌មាន
បានចេញលិខិតណែនាំម្តងរួចហើយ
ទៅដល់បណ្តាអង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់
ឲ្យបញ្ឈប់ការផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យរន្ធត់
និងរូបភាពឧក្រិដ្ឋ នៃអំពើហិង្សាលលើស្ត្រី និងកុមារ ដោយមិនបាន
បិទបាំងនូវអត្តសញ្ញាណមុខមាត់របស់ជនរងគ្រោះ។
សម្រាប់កាសែត គិតថា រូបភាពទាំងនោះ អាចទាក់ទាញអ្នកអានកាន់តែច្រើន
លើអត្ថបទ ដំណឹងពីឃាតកម្ម
ឬគ្រោះថ្នាក់ចរាចរណ៍ខណៈដែលអ្នកអានភាគច្រើនក៏ចង់ឃើញរូបភាព
ដោយផ្ទាល់ភ្នែក៕