វត្តមាននៃ ស្រ្តីវ័យក្មេងជិត៥០នាក់ នៅស្នាក់ការសមាគមដើម្បីការពារប្រជាជន នៅក្នុងសង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោក ធ្វើឲ្យមានការសង្ស័យពីអាជ្ញាធរ ប៉ុន្តែសមត្ថកិច្ចមិនទាន់ធ្វើការចោទប្រកាន់នៅឡើយទេ មកទល់នឹងព្រលប់ថ្ងៃម្សិលមិញ។
លោក កែវ ធា ប្រធាននគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ បានថ្លែងថា អ្វីដែលនគរបាលបានរកឃើញ គឺក្រុមស្រ្តីដែលមានបំណងមកពិនិត្យផ្ទៃមុខដោយបុរសជនជាតិ កូរ៉េខាងត្បូងពីរនាក់ ដែលនឹងក្លាយជាអនាគតប្តីពួកនាង។
លោកនិយាយថា ៖ «ស្រ្តីទាំងនោះអាយុលើស១៨ឆ្នាំ ហើយបានស្ម័គ្រចិត្តរៀបការទៅកូរ៉េ»។
លោក បន្តថា៖ «ប៉ុន្តែទោះយ៉ាងណាក៏ការស៊ើបអង្កេតរបស់យើងមិនទាន់បញ្ចប់នៅ ឡើយ។ យើងកំពុងសួរចម្លើយពួកគេទាំងនោះ ដើម្បីដឹងថា តើពួកគេត្រូវឆបោកដោយមេខ្យល់ឬយ៉ាងណា?»។
លោកបញ្ជាក់ដែរថា ស្រ្តីចំនួន ៤៩នាក់នោះ គឺជាអនាគតកូនក្រមុំសម្រាប់បុរសកូរ៉េ។
ពួកគេមានអាយុពី១៨ឆ្នាំទៅដល់២៥ឆ្នាំ រីឯបុរសជនជាតិកូរ៉េទាំងពីរនាក់នោះ គឺមានអាយុចន្លោះពី៤០ទៅ៥០ ឆ្នាំ។
លោក បន្ថែមថា ស្រ្តី៩នាក់ ដែលជាអ្នកឃុំ ខ្លួនស្ត្រីទាំង៤៩ នាក់នោះ នៅកំពុងសួរចម្លើយនៅឡើយទេកាលពីល្ងាចមិញ ពួកគេគឺជាជនជាតិកម្ពុជាទាំងអស់ ហើយមានអាយុច្រើនជាងស្រ្តីៗទាំងអស់នោះ។
ដោយមានការអនុញ្ញាត ពី ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក ហៀង សុភក្ត្រកម្លាំងនគរបាលបានចុះបង្ក្រាបទីភ្នាក់ងារនោះ ដែលជាភ្នាក់ងារមានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីឆ្នាំ ២០០៨ ដោយជាប់សង្ស័យថា ស្រ្តី៩នាក់នោះបានល្បួងស្រ្តីវ័យក្មេងទាំងនោះមកពីបណ្តាល ខេត្តនានា ដូចជា ខេត្តកំពង់ចាម ជាដើម ។
ទោះយ៉ាងណាក៏ដោយ បើតាមពលការិនី សុផា ឡែន អាយុ ២៥ឆ្នាំ ដែលបងប្អូនស្រីរបស់នាង ក៏នឹងក្លាយជាអនាគតកូនក្រមុំដែរនោះ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅខាងក្រៅទីភ្នាក់ងារនេះកាលពីម្សិលមិញ ខណៈកំពុងរង់ចាំបងប្អូនស្រីរបស់នាងថា នេះមិនមែនជាករណីជួញដូរនោះទេ។
នាងបន្តថា៖ «យើងស្គាល់សមាគមនេះតាមរយៈមិត្តភក្តិ និងសាច់ញាតិយើង ដែលបានរៀបការនៅកូរ៉េ។ ភាគច្រើនក្នុងចំណោមពួកយើងចង់រស់នៅ និងធ្វើការនៅបរទេសតាមរយៈការរៀបការជាមួយបុរសកូរ៉េ»។ នាងបានអះអាងថា ការរស់នៅកូរ៉េខាងត្បូង អាចធ្វើឲ្យនាងរកប្រាក់បានច្រើន។
នាងថា ៖ «បងប្អូនស្រីរបស់ខ្ញុំក៏បានដាក់ពាក្យដែរ។ ថ្ងៃនេះជាថ្ងៃដែលនាងត្រូវមកទីនេះ ដើម្បីឲ្យកូនកំលោះមើលមុខមាត់ថា តើនាងអាចជាប់ឬអត់»។
ស្រ្តី ម្នាក់ទៀតដែលមុខមាត់នាងកំពុងត្រូវគេពិនិត្យមើល បានថ្លែងថា នាងបានដាក់ពាក្យធ្វើជាកូនក្រមុំទៅកូរ៉េអស់រយៈពេលពីរបីខែ មកហើយ។
នាងបានថ្លែងថា៖ «ខ្ញុំចង់ព្យាយាមទៅរស់នៅបរទេស ពីព្រោះវាអាចរកប្រាក់បានច្រើនដើម្បីផ្គត់ផ្គង់គ្រួសារ»។
លោក Eric Meldrum នាយកប្រតិបត្តិនៃអង្គការប្រឆាំងការជួញដូរមនុស្ស និងកេងប្រវ័ញ្ច Sisha បានថ្លែងថា កូរ៉េខាងត្បូង គឺជាចំណុចគោលដៅធំមួយរបស់ស្រ្តីកម្ពុជា ដែលចង់រៀបការ ដោយសារពួកគេសង្ឃឹមថា អាចមានជីវិតរស់នៅប្រសើរនៅទីនោះ។
លោក បានបន្តថា ៖ «ប៉ុន្តែពីអ្វីដែលខ្ញុំយល់ វាក៏អាចមិនមែនជាជីវិតល្អមួយ សម្រាប់ពួកគេដែរ វាអាចពាក់ព័ន្ធនឹងការបំពានលើរាងកាយ និងការរំលោភបំពានផ្លូវភេទ»។
រដ្ឋាភិបាលបានផ្អាកបណ្តោះអាសន្ន ចំពោះការរៀបការជាមួយបុរសកូរ៉េនេះ កាលពីខែមីនា ឆ្នាំ២០១០ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដែលរាជរដ្ឋាភិបាលគិតថា ដើម្បីការពារមិនឲ្យមានការជួញដូរមនុស្ស។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ការហាមប្រាមនេះបានលុបចោលវិញហើយ ឲ្យតែបុរសនោះមានអាយុក្រោម៥០ឆ្នាំ ហើយធ្វើសំណើត្រឹមត្រូវទៅស្ថានទូត មកក្រសួងការបរទេស និងក្រសួងមហាផ្ទៃកម្ពុជា។
លោកបន្តថា ៖ «ទាក់ទិននឹងការចុះបង្ក្រាបនេះ ខ្ញុំគិតថា ប្រហែលនគរបាលសង្ស័យថា មានអ្វីមួយខុសនីតិវិធី»។
លោកថា ៖ «ប្រសិនបើគោរពតាមច្បាប់ នោះមិនមានបញ្ហាទេ ប៉ុន្តែប្រហែលជាពួកគេមិនបានគោរពតាមច្បាប់»។
លោក Mathieu Pellerin មន្រ្តីប្រឹក្សាយោបល់នៅអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា សូម្បីតែស្រ្តីម្នាក់ស្ម័គ្រចិត្តរៀបការជាមួយជនចម្លែក វានឹងអាចត្រូវបានចាត់ទុកថា ជាការជួញដូរមនុស្សដែរ ប្រសិនបើពួកគេត្រូវបានឆបោក អំពីលក្ខណៈដែលពួកគេរៀបការនោះ។
លោក បន្តថា៖ «ប្រសិនបើមានភស្តុតាងបង្ហាញថាជាការរៀបចំអាពាហ៍ពិពាហ៍ នោះអាចជាទម្រង់នៃការជួញដូរ»។ «ប៉ុន្តែអ្នកត្រូវតែមានភស្តុតាងបង្ហាញថាវាជាគោលដៅនៃការ ជួញដូរ»៕ PS រាយការណ៍បន្ថែមShane Worrell ឃុត សុភចរិយា ឆាយ ច័ន្ទនីដា និង ជាង សុខា