អ្នកភូមិ ខ្មែរមានទាំងជនជាតិភាគតិចផងបង្ហាញក្នុងវេទិកា ថា ពួកគេត្រូវបង្ខំឲ្យទទួលយកប្រាក់ ត្រឹម១៥០ដុល្លារ ក្នុងដី១ហិកតា ពីក្រុមហ៊ុនDM គ្រុប និងក្រុមហ៊ុនដទៃៗទៀត តាមការបង្ខំឲ្យផ្តិតមេដៃលើឯកសារផង ជាហេតុធ្វើឲ្យអស់សម្អាងផ្លូវច្បាប់ បាត់បង់ដី និងធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងគ្មានពន្លឺទៅអនាគត។
លោក ទូច ម៉ូលី តំណាងរាស្រ្តគណបក្សហ្វ៊ុនស៊ិនប៊ិច ជាអធិបតីមួយរូបក្នុងវេទិកា រួមជាមួយនឹងមេឃុំសេដា លោក ធុំ ផាន់ បានខឹងនឹងអ្នកភូមិ ដែលមកប្តឹងប្តល់រឿងនេះ ខណៈគាត់ព្រមទទួលយកសំណងរួចហើយនោះ។
លោក ទូច ម៉ូលី និងលោក អ៊ូ ចន្ទរិទ្ធិ តំណាងរាស្រ្តមកពីគណបក្សសិទ្ធិមនុស្ស ជាអធិបតី២រូបត្រូវប្រជាពលរដ្ឋ ២៩គ្រួសារ ដាក់បណ្តឹងសុំឲ្យជួយដោះស្រាយលើ ករណីក្រុមហ៊ុន DM គ្រុបបានដុតផ្ទះគាត់កាលពីខែមិថុនាឆ្នាំមុន។
លោក ម៉ូលី មានប្រតិកម្មតបទាំងខឹងសម្បាតបទៅអ្នកចូលរួមថា៖ «អ្នកភូមិព្រមទទួលយកប្រាក់ ហើយបានផ្តិតមេដៃលើឯកសាររួចហើយ តើឲ្យខ្ញុំធ្វើម៉េច»។
លោកបន្តថា៖ «អាជ្ញាធរមូលដ្ឋានតែងតែរាយការណ៍ល្អៗទៅលោកនាយករដ្ឋ មន្រ្តី ប៉ុន្តែ មិនរាយការណ៍ពេលមានរឿងអាក្រក់កើតឡើងនៅក្នុងមូលដ្ឋានទេ។ វេទិកានេះជាឱកាសល្អឲ្យអ្នកភូមិលើកអំពីកង្វល់របស់ខ្លួន »។
លោក សឿង សារ៉ាត អាយុ៥០ឆ្នាំ ពិការជើងម្ខាង ដោយត្រូវកាត់ព្រោះតែនគរបាលខេត្តបាញ់របួសក្នុងជម្លោះដី ជាមួយក្រុមហ៊ុន DM គ្រុប ពីឆ្នាំ២០០៨ បានលើកឡើងថា៖ «នេះគឺជាការបាញ់ព្រមាន»។ «នេះគឺជាមេរៀនមួយ» ដែលកើតឡើងនៅពេលគាត់ព្យាយាមការពារដីខ្លួន»។
ទោះជាបញ្ហា ជាមួយអាជ្ញាធរពីមុន ត្រូវបានធ្វើឲ្យស្ងប់ស្ងៀមទៅក្តី អ្នកភូមិនៅតែអះអាងថា ពួកគាត់ពុំមែនជា«មិត្តភក្តិ»ជាមួយអាជ្ញាធរមូលដ្ឋាននោះទេ។
វេទិកា នេះ ដែលពីដំបូងមានប្រជាជនតែ៥០នាក់ចូលរួម បានកើនដល់ជាង២០០នាក់នៅកន្លះម៉ោងក្រោយ ដោយមានទាំងមេឃុំសេដាផង។ មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា ការណ៍នេះគឺមកពីអាជ្ញាធរ ប្រាប់ទៅអ្នកភូមិនៅចុងសប្តាហ៍ថា វេទិកានេះត្រូវលុប បន្ទាប់ពីធ្វើឲ្យខកខានមួយកាលពីថ្ងៃសុក្រ។
ខណៈ ក្រុមហ៊ុនផ្តល់ឲ្យអ្នកភូមិ ១៥០ដុល្លារ ក្នុងដីមួយហិកតា ដែលគេយកធ្វើជាចម្ការកៅស៊ូ។ អ្នកភូមិរស់នៅតំបន់នេះយូរឆ្នាំម្នាក់ថា គាត់ទិញដីនេះ១ហិកតា តម្លៃ៦០០ដុល្លារ ពីឆ្នាំ២០០៤ តែឥឡូវ ដីនេះអាចលក់បាន៥ម៉ឺនដុល្លារ។ម្ចាស់ដីដើម ដែលពុំមានប័ណ្ណកាន់កាប់ដី ប្រឈមនឹងជម្រើសទទួលយកប្រាក់តិចតួចនេះហើយបើមិនព្រមយក ក៏ក្រុមហ៊ុននៅតែរឹបយកដីពួកគេដែរ។
លោក ប៉ាង ញយ អាយុ៦៧ឆ្នាំ ជាជនជាតិទំពូន លើកឡើងក្នុងវេទិកាថា អ្នកភូមិគាត់ធ្វើចម្ការលើដីនោះតាំងពីឆ្នាំ២០០២ ប៉ុន្តែ នៅឆ្នាំ២០១១ ក្រុមហ៊ុន DM បានមកវាស់កាត់យកដីនោះ។ ប្រជាជនស្វែងរកគ្រប់វិធី ដើម្បីឲ្យមានការដោះស្រាយ ប៉ុន្តែ គ្មាននរណាចេញមុខជួយឡើយ។
លោកស្រែកខ្លាំងៗទាំងកំហឹងក្នុង វេទិកាថា ៖ «យើងជាជនជាតិភាគតិច ចេះតែធ្វើចម្ការ យើងមិនចេះរកស៊ីអីទេ សូមរកយុត្តិធម៌ឲ្យយើងផង បើមិនដូច្នោះ យើងនឹងក្រខ្សត់រហូតដល់ស្លាប់មិនខាន។ ពួកអ្នក ធ្វើមិនត្រឹមត្រូវទេ ដែលមកកាត់យកដីខ្ញុំ និងដុតបំផ្លាញខ្ទមខ្ញុំ។ តើជនជាតិភាគតិចដូចពួកយើងមិនមែនជាមនុស្សឬ?
លេខាក្រុម អង្កេតការងារបោះឆ្នោតខុម ហ្វ្រែល ប្រចាំខេត្តរតនគិរី មកតាមដានវេទិកានេះ លោក ឈួន ភិនដារា ថ្លែងថា«តាមច្បាប់ក្រុមប្រឹក្សាឃុំគឺតម្រូវឲ្យធ្វើវេទិកា បើកចំហប្រចាំខែ ស្តាប់ពីកង្វល់ប្រជាជននៅក្នុងឃុំ ប៉ុន្តែវេទិកាបែបនេះមិនធ្លាប់មានក្នុងឃុំទេ។
វេទិកាធ្វើកាលពីថ្ងៃចន្ទនេះ គ្មានការរំខានពីសមត្ថកិច្ចទេ។
លោក អ៊ូ ចន្ទរិទ្ធ សមាជិកសភាពីគណបក្សសិទិ្ធមនុស្ស មានប្រសាសន៍ថា បញ្ហាជាប្រព័ន្ធនៅក្នុងខេត្តរតនគិរីនេះ គឺថាប្រជាជនក្រីក្រខ្វះការយល់ដឹងអំពីសិទ្ធិដីធ្លី។
លោកថា៖ «ពួកគេព្រមលក់ដីឲ្យទៅគេក្នុងតម្លៃថោក ហើយឥឡូវចង់បានដីនោះមកវិញ ប៉ុន្តែ គ្មានអ្វីអាចធ្វើទៅរួចនោះទេ»។ ពួកគាត់បានប្តឹងទៅអាជ្ញាធរឃុំ ស្រុកនិងខេត្ត និងប្តឹងទៅតុលាការ ហើយតុលាការមិនទទួលយកបណ្តឹងនោះទេ និងប្រាប់ឲ្យយកប្រាក់រួចចាកចេញពីដីនោះ។
លោក ថ្វា កានួន ប្រធានគ្រប់គ្រង DM គ្រុប ប្រចំាខេត្តរតនគិរី ថ្លែងតាមទូរស័ព្ទថា លោកបដិសេធនូវការទាមទាររបស់អ្នកភូមិដោយសារថា ក្រុមហ៊ុនមានប័ណ្ណកាន់កាប់ដីមានជម្លោះនោះ។
លោកបន្តថា៖ «គ្មានការទន្ទ្រានយកដីធ្លីរបស់ពលរដ្ឋនោះទេ ។ ពួកគាត់បានកាប់រានយកដីក្រុមហ៊ុន។ យើងផ្តល់ឲ្យគាត់ចំនួន ១៥០ដុល្លារ ក្នុង១ហិកតា ដើម្បីឲ្យគាត់ឈប់រានដីនោះ ប៉ុន្តែ ពួកគាត់មិនឈប់។ លោកថា ក្រុមហ៊ុនមិនដែលប្រើកម្លាំងបង្ក្រាបទៅលើអ្នកភូមិទេ។ យើងមានជម្លោះដីជាមួយគាត់ ប៉ុន្តែ បានដោះស្រាយចប់ហើយ»។
លោក ប៉ាវ ហមផាន អភិបាលខេត្តរតនគិរី បានរិះគន់វេទិកាពីថ្ងៃចន្ទនេះថា៖ «ខ្ញុំមិនយល់ បុគ្គលិកសិទ្ធិមនុស្សកម្ពុជាជារឿយៗ អះអាងថា ចុះអប់រំនៅតាមតំបន់មានជម្លោះដីធ្លី។ ក៏ប៉ុន្តែ វេទិកានេះ មិនមែនជាវេទិកាអប់រំទេ ព្រោះវាបានតែបង្ករឿងដូចគ្នា គឺគ្មានធ្វើអី្វសោះ»។ លោកបន្តថា មិនបានចាំពីចំនួនក្រុមហ៊ុនឯកជនធ្វើចម្ការក្នុងខេត្តទេ ប៉ុន្តែ ថា ក្រុមហ៊ុនទាំងនោះពុំមានការពាក់ព័ន្ធនឹងការរានដីធ្លីនោះទេ។
លោក ថ្លែងថា៖ «ពលរដ្ឋគ្មានការបារម្ភអី្វឡើយនៅពេលឃើញគ្រឿងចក្រ ហើយប៉ុនប៉ងបំផ្លាញគ្រឿងចក្រទាំងនោះ។ ប្រជាពលរដ្ឋត្រូវគេញុះញង់ឲ្យធ្វើការប្រឆាំងតវ៉ាជាមួយ ក្រុមហ៊ុន»។
លោកអះអាងថា ៖ «វាគ្មានឥទ្ធិពលអ្វីទៀត អំពីបញ្ហាដីធ្លីរបស់ប្រជាជននោះទេ។ ជម្លោះដីធ្លីទាំងអស់ត្រូវបានដោះស្រាយចប់រួចរាល់ហើយ»៕ PS/SP