ភ្នំពេញៈ ស្រ្តីវ័យក្មេងម្នាក់បានចងកសម្លាប់ខ្លួន បន្ទាប់ពីវិលត្រឡប់មកពីធ្វើការវិញ ខណៈពេលប្តីចុះទៅលេងបាល់ បាត់ ចំណែកប្តីបានអះអាងថា មានការខ្វែងសម្តីគ្នា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ ដោយប្រពន្ធរបស់គេសុំ យកកូនចេញពីក្នុងផ្ទៃ ប្រហែល៣ខែមកហើយ នោះតែរូបគេជាប្តីមិនឲ្យយកចេញ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ លីដា ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ រស់នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើតនៅភូមិសំឡឆៅ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង មានប្តីឈ្មោះ នេត តារ៉ា អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករ មានស្រុកកំណើតភូមិក្អែកពង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នអ្នកទាំងពីរស្នាក់ នៅផ្ទះជួលកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីធ្វើការរោងចក្រ ជាមួយនិងប្តី ក្រោយមកប្តីក៏ចុះទៅលេងបាល់បាត់ រហូតដល់ម៉ោងកើតហេតុបងថ្លៃស្រីរបស់ជនរងគ្រោះត្រឡប់មកពីធ្វើការវិញ លុះមកដល់ផ្ទះជួលក៏គោះទ្វារ ប៉ុន្តែពុំមានអ្នកបើក និងស្រែកហៅក៏មិនឮ ដោយទ្វារជាប់គន្លឹះ ក៏ងាកមកអើតតាម ចន្លោះបង្អួចស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ហើយ ក៏កើតមានការភ្ញាក់ផ្អើលតែម្តងទៅ។
ចំណែកឯប្តីរបស់ជនរងគ្រោះវិញ បានប្រាប់នគរបាលថា ប្រពន្ធរបស់គេជាប្រពន្ធរៀបការពេញច្បាប់ ហើយបាន រៀបការចំនួន៦ខែ មកហើយ ចំណងស្នេហារបស់ពួកគេបានបន្សល់កូននៅក្នុងផ្ទៃរបស់នាង ប្រហែលជា ៣ខែ ប៉ុន្តែកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ នាងបានសុំរូបគេយកកូនក្នុងផ្ទៃចេញ ដោយទុកពេល រកស៊ីសិន ប៉ុន្តែរូបគេមិនឲ្យយកចេញ ហើយការខ្វែងសម្តីគ្នាពីរឿងកូននេះមិនខ្លាំងក្លានោះទេ ក៏មិននឹកស្មានថា នាងដាច់ចិត្តចងកសម្លាប់ខ្លួនទាល់តែសោះ។
ក្រោយកើតហេតុ គេឃើញនគរបាលមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យ និងធ្វើកោសល្យ វិច័យ រួចហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន៕