ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីមានករណីផ្ទុះអាវុធចំនួន២គ្រាប់ នៅក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិ-សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងដីឡូត៍ផ្ទាល់របស់ឧកញ៉ា ឡោ ហួ ដែលជនសង្ស័យបានបាញ់ទៅលើអង្គរក្សរបស់គាត់ចំនួន២គ្រាប់រួចគេចខ្លួនបាត់ទៅ ។
មុនពេលកើតហេតុសាក្សីបានឱ្យដឹងថា នៅវេលាម៉ោងដូចខាងលើគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ចូលទៅកាន់ដីឡូត៍របស់ឧកញ៉ា ឡោ ហួ ក្រោយមកជនសង្ស័យបានដើរសំដៅទៅកាន់ឧកញ៉ា ឡោ ហួ ធ្វើជាចាប់ដៃស្វាគមន៍ ខណៈនោះឧកញ៉ា ឡោ ហួ ហាក់ដូចជាមានការសង្ស័យ ក៏បានស្រែកហៅអង្គរក្ស ក្រោយមកក៏ជនសង្ស័យបានដកកាំភ្លើងខ្លីបាញ់ទៅលើអង្គរក្សចំនួន២គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ រួចហើយជនសង្ស័យបានបើកម៉ូតូគេចបាត់ស្រមោល ។
ករណីផ្ទុះអាវុធដែលគេសង្ស័យថាជាអំពើប្លន់នេះ ពុំមានប្រភពណាមួយពីក្រុមគ្រួសារជនរងគ្រោះក៏ដូចជាសមត្ថកិច្ចថាជារឿងអ្វីពិតប្រាកដនៅឡើយទេ ដែលពេលនេះសមត្ថកិច្ចកំពុងតែយកចិត្ដទុកដាក់ក្នុងការចុះពិនិត្យនិងស្រាវជ្រាវ ៕