ភ្នំពេញ ៖
កាលពីព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១២ នេះក្រុមខ្មែរម៉ូតូស័្ពរ ( Khmer Sport Bike (K S B) ) បាននាំយក អំណោយជា ថវិការចំនួន ៤.៥៦០.០០០រៀលទៅ ជូនដល់មន្ទីរពេទ្យគន្ធបុបា្ជ ដើម្បីរួមចំណែកក្នុងការ ជួយសង្គ្រោះ កុមារ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយការនាំយកអំណោយទៅចែកជូន នាពេលនោះ គឺដឹកនាំ ដោយ លោក ធី ខេមរិន ប្រធានក្រុមខ្មែរម៉ូតូស័្ពរ (KSB) និងរួមដំណើរ ដោយសមាជិកក្រុម ខ្មែរម៉ូតូស័្ពរ ជាច្រើនរូប ទៀត។
ឆ្លៀតក្នុងឱកាស ចុះប្រគល់អំណោយ ដល់សិស្សខាងលើនេះ លោក ធី ខេមរិន ប្រធានក្រុមខ្មែរម៉ូតូស្ព័រ (KSB) បានមានប្រសាសន៍ ពីប្រវត្តិដែលក្រុមរបស់លោក បានបង្កើតជាក្រុមខ្មែរម៉ូតូស្ព័រនេះថា ក្រុមយើងខ្ញុំ បានបង្កើត អស់រយៈពេលជាងប្រាំបីខែមកហើយ និងបង្កើតឡើង ដោយមុនដំបូងមានសមាជិកត្រឹមតែ ៨នាក់ ប៉ុណ្ណោះ រហូត មកទល់ពេលនេះ មានសមាជិករហូតទៅដល់ ៤២នាក់។
លោក ធី ខេម រិន បានញ្ជាក់ថា គោលបំណង ដែលយើងខ្ញុំបង្កើតក្រុមខ្មែរម៉ូតូស័្ពរ (KSB) ខាងលើនេះ គឺដើម្បីជួយ លើកស្ទូយ មុខមាត់ប្រទេសជាតិ និងចូលរួមចំណែក ក្នុងការងារមនុស្សធម៌ ហើយជាពិសេស ក្រៅពីក្រុមរបស់ លោកនាំយកអំណោយ មកជូនដល់មន្ទីរពេទ្យគន្ធបុប្ជានាពេលនេះ គឺកន្លងមកក្រុមខ្មែរម៉ូតូស្ព័រ បានចែក អំណោយ ជាសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់សិស្សសាលាបឋមសិក្សាតានៃ និងព្រះសង្ឃក្នុងវត្តតា នៃ ខេត្តព្រះសីហនុ និងក្រុមខ្មែរម៉ូតូស្ព័រ ធ្លាប់ចូល រួមបរិចាគមួកសុវត្ថិភាពដល់កុមារ នៅសាលាបឋមសិក្សា ក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសក្រុមយើងខ្ញុំ ក៏ធ្លាប់ចូលរួមបរិចាគថវិកា ជួយដល់កុមារកំព្រា នៅក្នុងប្រទេស កម្ពុជាយើងផងដែរ ។
ក្នុងការប្រគល់អំណោយ ដល់មន្ទីរពេទ្យគន្ធបុប្ជាខាងលើនេះ សមាជិកក្រុមខ្មែរម៉ូតូស្ព័រទាំងអស់ម្នាក់ៗ មានភាព ត្រេកអរ និងសប្បាយរីករាយណាស់ នៅពេលដែល បានចូលរួមចំណែក ក្នុងការងារសង្គម ហើយពួកគាត់បាន សន្យាថា និងព្យាយាមបន្ថែមទៀត ទៅលើអ្វីដែលមាន ដើម្បីរកជំនួយផ្សេងៗ ពីសប្បុរសជន តាមរយៈក្រុម ខ្មែរម៉ូតូស្ព័រ ( Khmer Sport Bike ) ក្នុងការចូលរួមការងារ មនុស្សធម៌នេះ។
ហើយពេលនេះដែរ គ្រូពេទ្យម្នាក់ ដែលតំណាងឲ្យមន្ទីរពេទ្យគន្ធបុប្ជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន ចំពោះក្រុមខ្មែរម៉ូតូស្ព័រ KSB បាននាំយកអំណោយជាថវិកា មកជូនមន្ទីរពេទ្យ ដែលបច្ចុប្ប្នមានក្មេងៗជាច្រើនកំពុង តែកើតជំងឺគួរឲ្យព្រួយបារម្ភ ហើយពេលនេះក្រុមខ្មែរម៉ូតូស្ព័រ បានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការលំបាក របស់ក្មេងៗ៕