Saturday, September 1, 2012

ខឹងប្តីមិនឲ្យ យកកូនចេញ ចងកផ្តាច់ជីវិត


ភ្នំពេញ៖ ស្រ្តីជាកម្មការិនីម្នាក់ បានដាច់ចិត្តចងក សម្លាប់ខ្លួនចោល ប្តីដោយសារតែខឹងលោក ប្តីរបស់នាង មិនឲ្យយក កូនចេញ ខណៈកូននៅ ក្នុងពោះចំនួន៣ខែ ។ សពស្រ្តីរងគ្រោះត្រូវបាន គេប្រទះឃើញ និងបង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ៧៖៣០នាទី យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅក្នុង ផ្ទះជួលរបស់ជនរងគ្រោះ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ូវ លីដា អាយុ១៨ ឆ្នំាំ មានស្រុកកំណើត នៅខេត្តស្វាយរៀង រីឯប្តីរបស់ខ្លួន មានឈ្មោះ ណេត ដារ៉ា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយពួកគេទាំងពីរនាក់ ជាកម្មករ និងកម្មការិនី រោងចក្រកាត់ដេរ ។
សេចក្តីរាយការណ៍ បានបន្តថា មុនពេលកើតហេតុ គេបានឮមាន កាឈ្លោះគ្នា រវាងស្រ្តីរងគ្រោះ និងប្តីរបស់ខ្លួន ដោយសារតែស្រ្តីរងគ្រោះ ដែលមានកូននៅ ក្នុងពោះចំនួន៣ខែនោះ ចង់យកកូនចេញ ដោយខ្លួន និងប្តីមិនទាន់ រកលុយបានច្រើន ខណៈខ្លួនទាំងពីរនាក់ ជាប់រវល់ធ្វើការ ។
បើយោងតាម សេចក្តីរាយការណ៍ ក្រោយពីការ ឈ្លោះគ្នានោះ បុរសជាប្តី មិនអនុញ្ញាតឲ្យ ប្រពន្ធរបស់ខ្លួន យកកូនចេញ ស្រាប់តែស្រ្តីរងគ្រោះ បានដាច់ចិត្តចងក សម្លាប់ខ្លួនតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ច ជំនាញ បានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ ហើយសន្និដ្ឋានថា ស្រ្តីរងគ្រោះ ពិតជាចងក សម្លាប់ខ្លួនមែន ហើយប្រគល់ សពជនរងគ្រោះ ដល់ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕(dapnews)

Comments system

Disqus Shortname