ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ បានរអិលជើងធ្លាក់ពីលើអគារ កំពស់៦ជាន់ ខណៈកំពុងធ្វើការ ហើយត្រូវបានកម្មករធ្វើការ ជាមួយដឹកតាមម៉ូតូឌុប ទៅសង្គ្រោះនៅ មន្ទីរពេទ្យរុស្ស៊ីភ្លាមៗ ពេលទៅដល់មន្ទីរ ដោយស្ថានភាពរបួសស្រាល ក៏ដឹកត្រឡប់មកការដ្ឋានសំណង់វិញ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ នៅការដ្ឋានសំណង់ របស់ឈ្មោះ ម៉ៅ ស្រ៊ី ភេទស្រី អាយុ ៥១ឆ្នាំ ស្ថិតនៅក្រុម៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសំដីជាកម្មករ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ដន រ៉ាដេត អាយុ២០ឆ្នាំ ស្នាក់នៅជិតការដ្ឋានសំណង់ មានស្រុកកំណើតនៅភូមិ រំចេក៤ ក្រុង-ខេត្ដបាត់ដំបង ។
តាមប្រភព ព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានឡើងទៅលើសំណង់អគារ ដែលមានកម្ពស់៦ជាន់ និងធ្វើការ នៅជាន់ទី២ ដោយយុវជន រងគ្រោះបាន ឈោងតោងខ្សែរ៉តជញ្ជូនដុំឥដ្ឋ ពីក្រោមឡើងជាន់ទី២ នៅពេលឈោងចាប់យកខ្សែរ៉ត ជញ្ជូនឥដ្ឋមកនោះ ស្រាប់តែរអិលជើង នឹងដីខ្សាច់ធ្លាក់មក ក្រោមតែម្តង ប៉ុន្ដែសំណាងល្អធ្លាក់មកចំពំនូកខ្សាច់ បណ្តាលឲ្យរងរបួសបន្តិចបន្តួច បើប៉ះចំថ្មវិញ កម្មកររូបនេះ ប្រហែលមិនធានាជីវិតនោះទេ៕