Monday, September 10, 2012

អភិបាល ខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាព ទឹកជំនន់ តាមដងស្ទឹងសែន ដើម្បីត្រៀមវិធានការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ


www.dap-news.comព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា រួមជាមួយប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា នេះ បានចុះទៅត្រួតពិនិត្យមើលស្ថានភាពទឹក នៅតាមដង ស្ទឹងសែន ដែលកំពុងមានការកើនឡើង ដោយសារតែឥទ្ធិពលទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតាមព្រំដែន។
លោក អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពស់ទឹកស្ទឹងសែន បានកើនឡើងរហូតដល់ ១១,២៥ម៉ែត្រ ហើយកម្រិតទឹកដែលត្រូវប្រកាសអាសន្ន គឺនៅកម្ពស់ ១១,៣០ម៉ែត្រ ។
លោកអភិបាលខេត្តរូបនេះ បានលើកឡើងពីវិធានការ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលមាន សុវត្ថិភាព បើសិនជាកម្ពស់ទឹកមានការកើនឡើងជាបន្តទៀត ដោយសារតែភ្លៀងធ្លាក់ ហើយអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលអាចទទួលឥទ្ធិពលដោយសារគ្រោះទឹកជំនន់នេះ រួមមាន ស្រុកជាំក្សាន្ត ស្រុកគូលែន ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដែលអាជ្ញាធរស្រុកពាក់ព័ន្ធទាំងនេះ នឹងត្រៀម ជួយប្រជាពលរដ្ឋ នៅពេលកម្ពស់ទឹកឡើងខ្លាំង ដល់កម្រិត ប្រកាសអាសន្ននោះ ។
យ៉ាងណាក៏ដោយ ចំពោះកម្ពស់ទឹកស្ទឹងសែន គិតត្រឹមថ្ងៃអាទិត្យ នេះ ត្រូវបានលោកអភិបាលខេត្តអះអាងថា មានផលប៉ះពាល់មិនទាន់ច្រើននោះឡើយ ដល់ផ្ទះសម្បែង និងដំណាំរបស់ប្រជាពលរដ្ឋ។
លោក អ៊ុំ ម៉ារ៉ា បានបន្តថា បើសិនទឹកភ្លៀងនៅបន្តធ្លាក់តាមព្រំដែនទៀតនោះ វានឹងធ្វើឲ្យកម្ពស់ស្ទឹងសែន ឡើង ដល់ចំណុចប្រកាសអាសន្ន ដែលនឹងជួយជម្លៀសប្រជាពលរដ្ឋ នៅកាន់ទីទួលមានសុវត្ថិភាព។
ជាមួយគ្នានេះ លោកអភិបាលខេត្ត អ៊ុំ ម៉ារ៉ា និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សាវ៉ាន់ បានធ្វើដំណើរ ទៅពិនិត្យមើល ការរស់នៅលើទីទួល សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀស ទៅរស់នៅទីនោះ ជាង ១០០គ្រួសារ ដែលស្ថិតនៅតំបន់អន្លង់វិល ក្នុងភូមិ-សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ដែលពីដងស្ទឹងសែន ទៅកាន់តំបន់នោះ មានចម្ងាយ ២គីឡូម៉ែត្រ។
នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោក អ៊ុំ ម៉ារ៉ា បានធ្វើការផ្តាំផ្ញើ និងណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការ ប្រុងប្រយ័ត្នចំពោះកូនចៅតូចៗរបស់ខ្លួន កុំឲ្យទៅស្ទូចត្រី ឬដើរផ្តេសផ្តាស ចៀសវាងលង់ទឹក។
លោក អ៊ុំ ម៉ារ៉ា ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងនោះ ត្រូវរក្សាអនាម័យកុំឲ្យបត់ជើងផ្តេសផ្តាស ដែលនាំឲ្យ ឆ្លងរោគ នៅពេលបរិភោគទឹក ហើយទន្ទឹមគ្នានេះ លោកអភិបាលខេត្ត ក៏បានប្រាប់ទៅប្រធានមន្ទីរ សុខាភិបាលឲ្យបញ្ជូន មន្ត្រីរបស់ខ្លួន និងគ្រូពេទ្យ ទៅពិនិត្យមើល និងតាមដាន ពីអាការៈជំងឺ និងរោគឆ្លងផ្សេងៗនៅតំបន់នោះ៕(DAPNEWS)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
Photo by DAP-NEWS
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname