Monday, September 10, 2012

យូណេស្កូ​បន្ត​ផ្តល់​ជំនួយ​ដល់​ការ​ជួសជុល​អង្គរ​វត្ត


120907_03
ទិដ្ឋភាព​ប្រា​សាទ​អង្គរ​វត​្តរបស់​ខ្មែរ​ ដែល​មាន​ភាព​ល្បី​ល្បាញនៅ​ទូទាំង​ពិភព​លោក។ រូបថត ហេង ជី​វ័ន
ភ្នំពេញៈ អាជ្ញាធរ​អប្សរា​ និង​អង្គការ​យូណេស្កូ​ ប្រចាំ​កម្ពុជា ​បាន​ចុះ​ហត្ថ​លេខា​ លើកិច្ច​ព្រម​ព្រៀង​ ស្តី​ពីការ​បន្ត​គាំពារ​ប្រាសាទ​អង្គរវត្ត ក្នុង​ទំហំ​ទឹក​ប្រាក់​ ២៥ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ផ្តោត​ទៅ​លើ​ការ​ជួស​ជុល​គូទឹក នៅ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​។
ការ​ចុះ​ហត្ថលេខា​ ត្រូវ​បាន​ធ្វើ​ឡើង ​រវាង​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី​សុខ អាន​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា ជា​មួយ​លោក​ស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​ កាល​ពី​ម្សិល​មិញ​ លើ​គម្រោង​ការ​វគ្គទី ២​ ដែល​ផ្តោត​ទៅលើ​ការ​ជួសជុល និង​ថែរក្សា​គូទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក។
លោក សាស្ត្រាចារ្យ Valter Mar Santoro ប្រធាន​បេសកកម្ម​បច្ចេកទេស របស់​ប្រទេស​អ៊ីតាលី លើ​ការ​ថែទាំ​ថ្ម​ប្រាសាទ​ ថ្លែង​ថា នេះ​ជា​កិច្ច​សហប្រតិបត្តិការ ​របស់​ក្រុម​អ្នក​ជួស​ជុល​នៃ​ប្រទេស​អូស្ត្រាលី និង​កម្ពុជា​ ក្នុង​ការ​ជួសជុល​ថែរក្សា​នូវ​កន្លែង​ទ្រុឌទ្រោម នៃ​ប្រាសាទ​អង្គរវត្ត។
លោក សុខ អាន បាន​ថ្លែង​ក្រោយ​ការ​ចុះ​ហត្ថលេខា​នេះ​ថា នេះ​ជា​គម្រោង​នៃ​ការ​គាំពារ​ប្រាសាទ​អង្គរ​វត្ត របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ក្នុង​ទឹក​ប្រាក់​ ២០ ម៉ឺន​ដុល្លារ និង​រដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្តល់​ដល់​អាជ្ញាធរ​អប្សរា​ចំនួន​ ៥ ម៉ឺន​ដុល្លារ​។ លោក​បន្ត​ថា ៖ «នេះ​ជា​ការ​ជួស​ជុល នៃ​កាំជណ្តើរ ​គូទឹក ជុំវិញ​ប្រាសាទ​អង្គរ​វត្ត​ ដែល​មាន​ប្រវែង​ ៥,៦ គីឡូ​ម៉ែត្រ»។ លោក​សុខ អាន​ បាន​ឲ្យ​ដឹង​ថា ប្រទេស​អូស្ត្រាលី បាន​ជួយ​តាម​រយៈ​អង្គការ​យូណេស្កូ ដល់​ការ​ថែ​ទាំ​តំបន់​អង្គរវត្ត តាំង​ពី​ឆ្នាំ​១៩៩៤​ មក ក្នុង​នោះ​មាន​គម្រោង​ថែទាំ​ប្រាសាទ​ប្រែ​រូប​តាំង​ពី​ឆ្នាំ​១៩៩៤​មាន​ទឹក ប្រាក់​ប្រមាណ ២ លាន​ដុល្លារ។ លោក​ថ្លែង​ថា​៖ «នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ ពី​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ និង​ការ​គាំទ្រ​ជានិច្ច ​ក្នុង​កិច្ច​គាំ​ពារ​តំបន់​អង្គរ​វត្ត​ ក៏​ដូចជា​រួម​ចំណែក ដល់​ការ​អភិវឌ្ឍ​សង្គម ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា»។
បើ​តាម​លោក ​សុខ អាន តាំងពី​មាន​ការ​បង្កើត​គណៈ​កម្មការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) ពី​ឆ្នាំ ១៩៩៣ មក មាន​ប្រទេស​ចំនួន​ ១៤ និង​អង្គការ​ចំនួន​ ២៨ បាន​អនុវត្ត​កិច្ច​គាំពារ​តំបន់​អង្គរ លើ​គម្រោង​ការ​ចំនួន​ជាង​៦០ រួច​មក​ហើយ​។
លោក​ស្រី Anne Lemaistre តំណាង​អង្គការ​យូណេស្កូ​ នៅ​កម្ពុជា ថ្លែង​ថា អាជ្ញាធរ​អប្សរា​បាន​​រួម​ចំណែក​ជាច្រើន ដល់​ការ​ជួយ​គាំពារ ​ប្រាសាទ​អង្គរ​ និង​តំបន់​អង្គរ ដែល​ក្នុង​នោះ ​បាន​ដើរ​តួជា​ដៃ​គូ ជា​មួយ​អង្គការ​យូណេស្កូ ក្នុង​ការ​ផ្តល់​នូវ​អ្នក​ជំនាញ​កម្ពុជា​ជាច្រើន​រូប លើ​កិច្ចការ​គម្រោង​គាំពារ​ប្រាសាទ​។
លោក​ស្រី​ថ្លែង​ថា៖ «​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ ពី​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​កម្ពុជា ជាមួយ​នឹង​ជំនាញ​ការ​ជាតិ​កម្ពុជា​ ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ពង្រឹង​សមត្ថភាព ជា​លក្ខណៈ​អន្តរជាតិ​។ អង្គការ​យូណេស្កូ មាន​មោទនភាព ក្នុង​ការ​ធ្វើ​ជា​ដៃ​គូ​ ជាមួយ​គ្នា​»។
លោក​ឧបនាយក​រដ្ឋ​មន្ត្រី ក៏​បាន​ប្រកាស នូវ​ការ​រៀបចំ​ខួប​លើកទី ២០​ ឆ្នាំ នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​អង្គរវត្ត ក្នុង​បេតិកភណ្ឌ​ពិភពលោក​ នាខែ​ធ្នូ​ ឆ្នាំ​២០១២​ និង​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​នូវ​កិច្ច​ប្រជុំ​ លើកទី​ ៣៧​ នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នា​ឆ្នាំ​២០១៣ ខាង​មុខ​នេះ៕

Comments system

Disqus Shortname