Monday, September 10, 2012

មនុស្ស​ចាស់​ជា​ធនធាន​ដ៏​សំខាន់​នៅ​ក្នុង​សង្គម


120907_02
ស្រ្តី​វ័យ​ចំណាស់​ទាំង​នេះ ត្រូវ​បាន​ទទួល​ឲ្យ​ស្នាក់​នៅ​មណ្ឌល​មនុស្ស​ចាស់​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​កាល​ពី​ពេល​កន្លង​មក​​​។ រូបថត សហ​ការី
វប្បធម៌​អាស៊ី​តាំង ពី​បរម​បុរាណ​មក នៅ ពេល​កូន​នៅ​តូចៗ​ ឪពុក​ម្ដាយ​តែង​តែ​ខិត​ខំ​បីបាច់​ថែ​រក្សា​ពួកគេ លុះ​ដល់​ឪពុក​ម្ដាយ​មាន​វ័យ​វឌ្ឍនា​ការ​ទៅ​មុខ​ កូនៗ​បាន​ក្លាយ​ជា​អ្នក​មើល​ថែ​ទាំ​ពួក​គាត់​វិញ​ម្ដង។ វប្បធម៌​ប្រពៃណី​នេះ បាន​បង្រៀន​​កូនៗ​ឲ្យ​ចេះ​គោរព​ចាស់​ព្រឹទ្ធាចារ្យ​ដែល​ស្នាក់​នៅ​ជា​មួយ​​ និង​​មើល​ថែ​ពួក​គាត់​នៅ​ពេល​ពួក​គាត់​ឈាន​ដល់​វ័យ​ចាស់​ជរា។
ខ្ញុំ​បាន​ ធ្វើ​ដំណើរ​មក​ពី​សហ​រដ្ឋ​អាមេរិក​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​គោរព​ប្រតិបត្តិ​ព្រះ​រាជ​បិតា​របស់​ខ្ញុំ​ដែល​បាន​យាង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ និង​គង់​ប្រថាប់​នៅ​សម្រាប់​ពេល​វេ​លា​ដែល​នៅ​សេស​សល់​នៃ​ជីវិត​របស់​ ព្រះអង្គ​។ ក្នុង​នាម​ជា​កូន​ច្បង​ វា​ជា​កាតព្វ​កិច្ច​របស់​ខ្ញុំ​នៅ​ក្នុង​ការ​មើល​ថែរក្សា​ព្រះ​អង្គ​ ខណៈ​ព្រះអង្គ​ឥឡូវ​នេះកំពុង​មាន​ព្រះ​ឈួន​ និង​ចង់​បាន​ការ​ថែ​ទាំ​ពី​ក្រុម​គ្រួសារ​របស់​ព្រះ​អង្គ។ ប៉ុន្តែ​មិន​មែនកូន​ៗគ្រប់​គ្នា​ចេះ​តែ​អាច​ធ្វើ​បាន​នោះ​ទេ។ កូន​ជា​ច្រើន​ត្រូវ​ធ្វើ​ការ​ ហើយ​មាន​គ្រួសារ​ផ្ទាល់​ខ្លួន​ទៀត​។ ខ្ញុំ​តែង​តែ​ជឿ​ថា បើ​អ្នក​ពិត​ជា​ចង់បាន​​អ្វី​មួយ​អាក្រក់​ អ្នក​នឹង​រក​វា​បាន។ ដូច​គ្នា​ដែរ ការងារ​អាច​មាន​និង​ក៏អាច​មិន​មាន​ដែរ​​ តែ​ឆាក​ជីវិត​អ្នក​មាន​តែ​ឪពុក​ម្ដាយ​តែ​មួយ​ប៉ុណ្ណោះ​។
នៅ​សហរដ្ឋ អាមេរិក​ នៅ​ពេល​ឪពុក​ម្ដាយ​ចាស់​ជរា​ ពួក​គាត់​ត្រូវ​បាន​កូនៗ​នាំ​យក​ទៅ​ផ្ញើ​នៅ​​គិលានុបដ្ឋាន​។​ បុគ្គលិក​នៅ​កន្លែង​នោះ​ គឺ​មាន​តាំងពី​ផ្នែក​រដ្ឋ​បាល​ គិលានុបដ្ឋាយិកា និង​ការ​ផ្គត់​ផ្គង់​​ដែល​ជា​អ្នក​មើល​ថែទាំ​មនុស្ស​ចាស់​ជរា​ ខណៈ​ប្រាក់​សោធននិវត្តន៍​របស់​គាត់ ឬក៏​កូនៗ​គាត់​ជា​អ្នក​បង់​ប្រាក់​សម្រាប់​ថ្លៃ​មើល​ថែ​ពួក​គាត់​។​ ប៉ុន្តែ​ការ​ដាក់​មនុស្ស​ចាស់​នៅ​គិលានុបដ្ឋាន គឺ​មិន​មែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ។ មាន​គេ​រាយ​ការណ៍​ថា មាន​រឿង​រ៉ាវ និង​ករណី​រំលោភ​បំពាន​ផ្លូវ​កាយ​ជាច្រើន​នៅ​កន្លែង​មើល​ថែរក្សា​មនុស្ស​ ចាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រាយការណ៍​ថា ពល​រដ្ឋ​វ័យ​៦៥​ឆ្នាំ និង​មាន​វ័យ​ចាស់​ជាង​នេះ​ដែល​​បាត់​បង់​ការ​ចងចាំ​នោះ​មាន​ជំងឺ​ធ្ងន់ធ្ងរ មិន​មាន​សកម្មភាព​ផ្លូវ​ភេទ និង​​គិត​ថា ពួកគេ​ត្រូវ​បាន​គេ​បោះ​បង់​ចោល ឬក៏​ជា​បន្ទុក​មួយ​ដល់​អ្នក​ដទៃ។ និយាយ​ជា​រួម មនុស្ស​ចាស់​ជរា​ដែល​មិន​មាន​មុខ​មាត់​នៅ​ក្នុង​សង្គម​ វប្បធម៌ ឬ​មិន​មាន​ប្រាក់​កាស​នោះ​ អាច​កាន់​តែ​នៅ​ដាច់​ឆ្ងាយ​ពី​សង្គម​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​​ ក្រោយ​របស់​ពួក​គាត់ និង​មាន​ភាព​កណ្ដោច​កណ្ដែង​​តែ​ម្នាក់​ឯង។
សង្គម​ខ្មែរ​សព្វ​ថ្ងៃ​ ក្មេង​ជំនាន់​ក្រោយ​ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្លៃ​គ្រួសារ​សោះ​។
ឪពុក ​ម្ដាយ​មមា​ញឹក​ខ្លាំង​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​មាន​ពេល​វេលាគ្រប់​គ្រាន់​​បង្រៀន​កូន​ៗគាត់​ ​ពី​អ្វី​ដែល​អ្នក​ជំនាន់មុន​​ និង​ឪពុក​ម្ដាយ​របស់​គាត់​បាន​បង្រៀន​ពី​មុន​មក​។ សារៈសំខាន់​នៃ​តម្លៃ​គ្រួសារ​ជះ​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​និង​សន្តិសុខ របស់​យើង ហើយ​យើង​មាន​វិធី​ក្នុង​ការ​គ្រប់គ្រង​គ្រួសារ​របស់​យើង។
ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​ពាក់​កណ្ដាល​គឺ​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​។ ពលរដ្ឋ​ខ្មែរ​ចាស់ៗ​ដែល​មាន​ជីវិត​រួច​ផុត​ពី​របប ប៉ុល ពត​ បាន​រង​ផល​លំបាក​យ៉ាង​ខ្លាំង។ ពលរដ្ឋ​ចាស់​ៗ​ត្រូវ​ការ​ឲ្យ​គេ​ចាត់​ទុក​ពួក​គាត់​ជា​កោសិកា​សំខាន់​មួយ​ របស់​សហគមន៍​ដោយ​ពួក​គាត់​មិន​ចង់​ឲ្យ​គេ​ចាត់​ទុក​ពួក​គាត់​ជា​បន្ទុក​ មួយ​នោះ​ទេ។ ពួក​គាត់​នៅ​តែ​អាច​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សង្គម​របស់​យើង ហើយ​វត្ត​មាន​ពួក​គាត់​តែ​មួយ​ប៉ុណ្ណោះ​គឺ​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​ សម្រាប់​ប្រវត្តិសាស្ត្រ​របស់​យើង ព្រោះ​ពួក​គាត់​គឺ​ជា​អ្នក​និទាន​រឿង​ប្រាប់​ពី​អតីត​កាល​ដ៏​អស្ចារ្យ​របស់ កម្ពុជា។
ហ្វូកាស កម្ពុជា​ (Focus Cambodia) គឺ​ជា​សមាគម​មិន​ធ្វើ​អាជីវកម្ម​រក​ផល​កម្រៃ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ ទីក្រុង Perth ប្រទេស​អូស្រ្តាលី​ និង​ដឹក​នាំ​ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត។ សមាគម​នេះ ​មាន​កម្មវិធី​សម្រាប់​មនុស្ស​ចាស់​ហៅ​ថា​ គម្រោង​ផ្ដោត​លើ​មនុស្ស​ចាស់​កម្ពុជា (Focus Cambodia Elderly Project)។
ការ ស្រាវ​ជ្រាវ​របស់​សមាគម​នេះ ​បាន​បង្ហាញ​ថា មនុស្ស​ចាស់​ភាគ​ច្រើន​ជា​ស្ត្រី​រស់​នៅ​តំបន់​ក្រី​ក្រ​ ក្នុង​ទីក្រុង​ដែល​គ្មាន​មធ្យោបាយ​ក្នុង​ការ​​ផ្គត់​ផ្គង់​ចិញ្ចឹម​ជីវិត។ ពួក​គាត់​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ណា​ម្នាក់​ក្នុង​ការ​ស្វែង​រក​អាហារ​ ឬ​ដើរ​​សុំ​អាហារ​គេ​ ខណៈ​ពួក​គេ​មាន​ជំងឺ​ ហើយ​មិន​អាច​ផ្គត់​ផ្គង់​ដោយ​ខ្លួន​ឯង​បាន​។ ជួន​កាល​ពីរ​ថ្ងៃ​ទើប ពួក​គាត់​មាន​អាហារ​ពិសា​ម្ដង​។ ដោយ​មាន​ការ​ផ្ដល់​អំណោយ​សប្បុរសធម៌​ពី​អ្នក​ឧបត្ថម្ភ កម្មវិធី​នេះ​ផ្ដល់​អាហារ​ល្អៗ​ ទឹក​ស្អាត និង​ការ​គាំ​ពារ​សុខភាព​ជូន​ដល់​មនុស្ស​ចាស់​ម្នាក់​សម្រាប់​រយៈ​ពេល​មួយ ឆ្នាំ។
កម្ពុជា​ត្រូវ​បង្កើត​កម្មវិធី​មួយ​ដើម្បី​ជួយ​ផ្គត់​ផ្គង់​ មនុស្ស​ចាស់​ មិន​ត្រឹម​តែ​ជា​កម្មវិធី​ដ៏​សំខាន់​ក្នុង​ការ​រស់នៅ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជា​សកម្មភាព​សង្គម​ និង​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ចំពោះ​ពួកគាត់​ផង​ដែរ។ ចូរ​យើង​ជួយ​ថែទាំ​ចាស់​ជរា​នៅ​កម្ពុជា​របស់​យើង និង​រាប់​អាន​ពួក​គាត់​ប្រកប​ដោយ​ចិត្ត​មេត្តា និង​ការ​គោរព​ ហើយ​សំខាន់​បំផុត​នោះ ​គឺ​ការពារ​តម្លៃ​គ្រួសារ​តាំង​ពី​​បរម​បុរាណ​មក​នេះ៕ PN

Comments system

Disqus Shortname