ភ្នំពេញៈ អ្នកប្រដាល់ ខុន ចាន់ថន លួន សុខខេង និង ឈិន ក្វាន់ង៉ុយ បាន និងកំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ព្រោះនៅល្ងាច ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អ្នកទាំង៣ ត្រូវឡើងវាយការពារជ័យជម្នះរបស់ពួកគេរៀងៗខ្លួន នៅលើសង្វៀនប៉ុស្តិ៍លេខ៣ ពីការសុំប្រកួតសងសឹករបស់ ហេង វិឆ័យ ហ៊ឹម សារ៉ាន់ និងកីឡាករជនជាតិបារាំងហ្វឹកហាត់នៅស្រុកខ្មែរ ដេ រ៉ិច។
សិស្ស គុនមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ហ៊ឹម សារ៉ាន់ បានបរាជ័យក្រោមកណ្តាប់ដៃ លួន សុខខេង ពីរលើកកន្លងមកហើយ ហើយការឡើងសងសឹកលើកទី២របស់គេ នៅលើសង្វៀនប៉ុស្តិ៍លេខ៣ កាលពីថ្ងៃទី១៤ ខែកក្កដា សារ៉ាន់ ត្រូវបានសិស្សគុនក្លិបសិង្ហកីឡា លួន សុខខេង ម៉ាត់ត្រូវឡើងហើមភ្នែកខាងឆ្វេងយ៉ាងធំ មុនពេលចៅក្រមទាំង៥នាក់ បានសម្រេចឲ្យគេចាញ់ពិន្ទុ សុខខេង។
សម្រាប់ ការជួបគ្នាលើកទី៣នេះ ហ៊ឹម សារ៉ាន់ បាននិយាយថា៖«ខ្ញុំត្រូវតែប្តូរយុទ្ធសាស្រ្តប្រកួតនៅក្នុងការ ប្រកួតលើកទី៣នេះ។ ខ្ញុំត្រូវតែចូលប្តូរជាមួយគេទើបបាន ហើយខ្ញុំសង្ឃឹមថា កម្លាំងស៊ុហ្វ និងសុខភាពដ៏អំណោយផលរបស់ខ្ញុំ អាចនឹងកែប្រែលទ្ធផលសម្រាប់ការប្រកួតនេះបាន ប៉ុន្តែបើសិនខ្ញុំនៅតែប្រកាន់យកនូវការវាយបកមួយៗហើយដកថយដូច មុនទៀតនោះ ខ្ញុំច្បាស់ជាចាញ់គេម្តងទៀត ព្រោះគេខ្ពស់ជាងខ្ញុំ»។
រីឯ សិស្សគុនក្លិបកងពលធំអន្តរាគមន៍លេខ៣ ខុន ចាន់ថន បានធ្វើឲ្យ ហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ បាត់បង់ឱកាសឡើងទៅប្រកួតបន្តនៅវគ្គ១/២ផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក១០លានស្រាផែនដី ដែលរៀបចំឡើងនៅសង្វៀនស៊ីធីអិនកន្លងមក បន្ទាប់ពីចៅក្រមបានសម្រេចឲ្យ ចាន់ថន ឈ្នះពិន្ទុ វិឆ័យ ក្រោមការរិះគន់នោះ ហេតុនេះការជួបគ្នាលើកនេះ វាជាពេលវេលាដ៏សំខាន់របស់ ហេង វិឆ័យ ដើម្បីបញ្ជាក់ឲ្យឃើញថា តើស្នៀតជើងរបស់គេ អាចយកឈ្នះលើល្បិចប្រកួតបែបចាស់ទុំរបស់ ខុន ចាន់ថន បានដោយរបៀបណា?
ដោយឡែកអ្នកប្រដាល់ជនជាតិបារាំង ដេ រ៉ិច ដែលបានសំងំហ្វឹកហាត់ក្បាច់ប្រដាល់បុរាណខ្មែរនៅក្នុងក្លិបតា ព្រហ្មមានជ័យ បន្ថែមលើក្បាច់ល្បុក្កតោ ដែលគេទទួលបានពីលោកតាក្រមាស សាន គឹមស៊ាន នោះ ក៏នឹងត្រូវធ្វើការទូទាត់បញ្ជីចាស់ជាមួយអ្នកប្រដាល់កំពុងសាង ភាពល្បី ឈិន ក្វាន់ង៉ុយ របស់ក្លិបមកុដរាជសីហ៍នៅថ្ងៃនោះផងដែរ ខណៈការជួបគ្នានៅលើសង្វៀនបាយ័ន កាលពីខែមុន ដេ រ៉ិច ត្រូវបាន ក្វាន់ង៉ុយ បុកជង្គង់ ម៉ាត់ និងវាយកែងបង្ខំឲ្យរូបគេសុំបោះបង់ការប្រកួតនៅត្រឹមទឹកទី៥ នោះ។
តែទោះបីជាយ៉ាងណា ការជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមលើកនេះ ដេ រ៉ិច អាចមានប្រៀបផ្នែកថាមពល ព្រោះបើតាមប្រភពអ្នកផ្តល់ការឧបត្ថម្ភដល់ ឈិន ក្វាន់ង៉ុយ បានបង្ហើបឲ្យដឹងថា ក្វាន់ង៉ុយ នៅពេលនេះមានទម្ងន់ពិតត្រឹមតែ៦០គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែអ្នកជួយជ្រោមជ្រែងរូបនេះ នៅតែប្រាកដក្នុងចិត្តថា ក្វាន់ង៉ុយ អាចនឹងផ្តួល ដេ រ៉ិច ឲ្យសន្លប់ម្តងទៀត៕