ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម មានកាព្រួយបារម្ភខ្លាំង ចំពោះខេត្តព្រះវិហារ និងកំពង់ធំ ដែលមានកម្ពស់ទឹកកើនឡើង ជិតដល់ចំណុចប្រកាស ប្រកាសអាសន្ន នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២នេះ ដែលទាមទារឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យធនធានទឹក និងឧតុនិយម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអំម្ពិល តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី៦នេះថា លោកមានការព្រួយបារម្ភចំពោះខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយសារតែទឹកស្ទឹងមាន កម្ពស់កាន់តែឡើងខ្ពស់ ជាពិសេសនៅខេត្តកំពង់ធំ «ស្ថានភាពទឹក នៅ ស្ទឹងសែន មានការកើនឡើងយ៉ាងឆាប់រហ័ស មកដល់ពេលនេះកម្ពស់ទឹកបានឡើងទៅដល់១០.៣៥ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន មានកំម្ពស់ ១១ម៉ែត្រ»។
លោកបន្តថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ខេត្តព្រះវិហារ និងអាចលិចតំបន់ទំនាប ដែលនៅតាមបណ្តោយស្ទឹងសែន និងខេត្តកំពង់ធំមួយចំនួនផងដែរ។ ក្រៅពីខេត្ត ទាំងពីរនេះ ក៏មានខេត្តមួយ ចំនួនទៀត ដូចជាខេត្តកំពង់ស្ពឺ ទទួលបានទឹកភ្លៀងច្រើន រីឯខេត្តស្វាយរៀង និងព្រៃវែង ដែលស្ថិតក្រោមការតាមដាន របស់មន្រ្តីធនធាន ទឹក។ ចំណែកខេត្តកំពត ក៏មានភ្លៀងធ្លាក់មធ្យមផងដែរ កាលពីម្សិលមិញ បើតាមការព្យាករណ៍ របស់មន្រ្តីធនធានទឹក នៅថ្ងៃព្រហស្បតិ៍នេះថា និងមានភ្លៀងធ្លាក់ ពីរថ្ងៃជាប់ៗគ្នារច្រើន ដូចខេត្តកំពង់ស្ពឺផងដែរ។
លោកបានបញ្ជាក់ថា ក្នុងក្របខណ្ឌទូទាំងប្រទេស មានភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលពីរសប្តាហ៍នេះ ហើយនឹងបន្តធ្លាក់ ក្នុងបរិមាណច្រើនទៀតផង។ ទោះបីជា មានការព្យាករណ៍ ពីក្រសួងធនធានទឹកថា នឹងមានសភាពស្ងប់ស្ងាត់ទៅវិញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១២ខាងមុខនេះក្តី តែបើតាមប្រសាសន៍របស់លោក ចាន់ យុត្ថា បានឲ្យដឹងថា នេះគឺជាការព្យាករណ៍ ជំហានដំបូងប៉ុណ្ណោះ ភ្លៀងនឹងបន្តធ្លាក់ជាបន្តបន្ទាប់ នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនដំណឹង ដល់សាធារណជន ឲ្យបានជ្រាបស្តីពីកម្ពុជា ទទួលឥទ្ធិពលជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចៀសវាងការគ្រោះថ្នាក់ ផ្សេងៗដោយយថា ហេតុ។ ខេត្តទទួលរងនូវបាតុភូតធម្មជាតិ ដែលបង្កើនឥទ្ធិពលខ្លាំងលើតំបន់ខ្ពង់រាប និងវាលទំនាប ធ្វើអឲ្យមានភ្លៀងធ្លាក់ច្រើន និងបង្កឲ្យមានជំនន់ទឹកភ្លៀង នៅតាម បណ្តាខេត្តមួយចំនួនមានដូចជាៈ ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និងខេត្តកំពត ជាពិសេស ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពងស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តតាកែវ៕