គ្រោះថ្នាក់ចរាចរ ដែលបានផ្ដាច់ជីវិតយុវជនរូបនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទី ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅផ្លូវបំបែកជាបួន សួនច្បារ រិទ្ធីសែននាងកង្រី ក្បែរវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនរងគ្រោះ សុខ ចំរើន អាយុ ២១ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលទើបប្រឡងជាប់បាក់ឌុប និងទទួលបានទិទ្ទេសល្អប្រសើរ ប្រចាំខេត្ដ កំពង់ឆ្នាំង បានបើកម៉ូតូតែម្នាក់ឯង ម៉ាកស្កុបពី ពាក់ស្លាកលេខកំពង់ឆ្នាំង 1C-6200 ក្នុងល្បឿនលឿនគួរសម ហើយក៏ជ្រុលទៅបុករថយន្ដកូរ៉េ ដឹកទំនិញពាក់ស្លាកលេខ ភ្នំពេញ 2C-2640 ចេញពីផ្សារដើមគ ក៏ត្រូវរថយន្ដកិន បែកក្បាល ហូរឈាមស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ អ្នកបើករថយន្ដបានបើកទ្វាររត់គេចខ្លួន ដោយឡែកម៉ូតូ និងរថយន្ដត្រូវបានសមត្ថកិច្ចដឹកបញ្ជូន ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយបន្ដទៀត៕