ភ្នំពេញ ៖ បុរសវ័យចំណាស់ជាង៨០ឆ្នាំម្នាក់បានជួបគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យបាក់ម្រាមជើងនិងបាក់ភ្លៅស្តាំ ដោយសាររថយន្តបែនដឹកដីប្រភេទយីឌុបរបស់ក្រុមហ៊ុនលីឈួងបានឈប់នៅលើផ្លូវ រួចបើកថយក្រោយមិនបានមើលអ្នកជិះម៉ូតូមកពីក្រោយក៏កិនម៉ូតូខ្ទេច និងមនុស្សរបួសធ្ងន់ ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរដ៏រន្ធត់បានកើតឡើងនៅវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ចែម ភេទប្រុស អាយុ៨២ឆ្នាំ មានទីលំនៅភូមិស្របក់ ឃុំត្រពាំងលាវ ស្រុកបាទី ខេត្តតាកែវ(ជិះពីក្រោយ) និងកូនប្រុសគាត់ជាអ្នកឌុបមានឈ្មោះ ជា សុខា អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ស៊េរី២០១០ ពាកស្លាកលេខកណ្តាល 1L-3832 ធ្វើដំណើរពីកើតទៅលិច ។ ចំណែករថយន្តបង្កហេតុមានម៉ាក FUSO ព៍ណស ពាក់ស្លាក់លេខភ្នំពេញ 3A-5362 បើកបរដោយឈ្មោះ អ៊ួង ប៊ុនថា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើដំណើរស្របទិសគ្នា ។
ប្រភពពីជនរងគ្រោះឈ្មោះជាសុខា ត្រូវជាកូនបានឲ្យដឹងថា រូបលោកនិងឪពុកបានជិះម៉ូតូពីកើតមកលិចតាមផ្លូវជាតិលេខ២ស្រាប់តែរថយន្តបង្កហេតុនោះបានបើកចេញពីត្បូងមកបើកទៅលិច។ រីឯរូបគាត់ជិះពីក្រោយរថយន្តនោះ ពេលកំពុងធ្វើដំណើរស្របទិសគ្នាសុខៗមិនដឹងជាហេតុអ្វីស្រាប់តែរថយន្តនោះឈប់ង៉ក់កណ្តាលផ្លូវហើយថយក្រោយកិនម៉ូតូគាត់តែម្តង។
ដោយឡែកអ្នកបើកបររថយន្តបានឲ្យដឹងដែរថា រូបគេបានបើកឡានចេញពីហូបបាយ ចម្ងាយពីកន្លែងកើតហេតុប្រហែល១០០ម៉ែត្រ ក៏ប៉ុន្តែពេលដែលរូបគេកំពុងបើកបរក៏នឹកថាខ្លួនបានភ្លេចទូរស័ព្ទដៃនៅកន្លែងហូបបាយក៏ឈប់រថយន្តរួចបើកថយក្រោយក្នុងគោលបំណងទៅយកទូរស័ព្ទ។ តែពេលដែលរូបគេឈប់រថយន្តនោះមិនដឹងជនរងគ្រោះជិះម៉ូតូមកចូលឡានទេ។
សមត្ថកិច្ចបានឲ្យដឹងដែរថា ជនរងគ្រោះបាក់ភ្លៅស្តាំ និងម្រាមជើង រីឯម៉ូតូខូចខាតយ៉ាងដំណំ ហើយជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅមន្ទីរពេទ្យភ្លាមៗ។ រថយន្តបង្កហេតុនិងម៉ូតូជនរងគ្រោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំភាគីទាំងសងខាងចូលដោះស្រាយតាមច្បាប់៕