ភ្នំពេញ ៖ ក្រុមអ្នកចាប់ម៉ូយឲ្យឡានតាក់ស៊ីនៅបេនគល់ស្ពានជ្រោយចង្វាប្រមាណ២ទៅ៣កន្លែងដែលរងការរិះគន់ថាបង្កភាពអនាធិបតេយ្យនោះ អាជ្ញាធរខណ្ឌដូនពេញនៅព្រឹកថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១២ បានចុះរៀបចំសណ្ដាប់ធ្នាប់មិនឲ្យបង្កភាពអនាធិបតេយ្យកកស្ទះចរាចរណ៍ពេញដងផ្លូវនោះទៀត។
ជារឿយៗចំណុចរង្វង់មូលគួចកាណុងរហូតដល់ក្រោមស្ពានជ្រោយចង្វាក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញមានការកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីក្រុមអ្នកចាប់ម៉ូយដាក់ឡានតាក់ស៊ីបានរត់ប្រសេកប្រសាចពេញផ្លូវចាប់ម៉ូយទាញដាក់ឡានមិនគិតពីគ្រោះថ្នាក់អ្វីឡើយ។ ដោយទើសភ្នែកនឹងទង្វើរបស់ក្រុមអ្នកចាប់ម៉ូយនិងក្រុមម៉ូតូឌុបទាំងនោះចេះតែបង្កភាពអនាធិបតេយ្យពីមួយថ្ងៃទៅមួយថ្ងៃទើបអាជ្ញាធរចុះទៅរៀបចំសណ្ដាប់ធ្នាប់មិនឲ្យកើតមានភាពកកស្ទះនៅទីតាំងនោះតទៅទៀត៕