ខេត្តកោះកុង ៖ ផ្ទះបាយមួយខ្នង និងសម្ភារមួយចំនួនទៀតត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ដោយសារតែការឆាបប្រេងសាំង ខណៈដែលម្ចាស់ផ្ទះផ្ទេរប្រេងសាំងចេញពីក្នុងរថយន្តផ្ទុកប្រេងចូលក្នុងស៊ីទែនស្តុក កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៩ កញ្ញា ២០១២ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះឈ្មោះពែក សុគន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជាអ្នកលក់គ្រឿងទេស និងប្រេងសាំងមានទីលំនៅភូមិខាងលើ ។
តាមសមត្ថកិច្ចដែលចុះទៅជួយពន្លត់ភ្លើងអះអាងថា មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះនេះ គឺដោយសារតែម្ចាស់ផ្ទះបានដឹកប្រេងសាំងមកផ្ទេរចេញពីក្នុងរថយន្តចូលក្នុងស៊ីទែនស្តុក ជិតចង្ក្រានបាយពេកទើបធ្វើឱ្យចំហាយប្រេងសាំងឆាបឆេះតែម្តង ។ ការឆាបឆេះនេះធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួនដូចជាម៉ូតូ២គ្រឿង កង់២គ្រឿង ប្រេងសាំងអស់៣ពាន់លីត្រ ប្រេងម៉ាស៊ូត៥ពាន់លីត្រ ផ្ទះបាយមួយខ្នង ព្រមទាំងសម្ភារមួយចំនួន និងបណ្តាលឱ្យម្ចាស់ផ្ទះឈ្មោះពែក សុគន់ ត្រូវភ្លើងឆេះរលាកបន្តិចបន្តួច ខណៈគាត់ចូលទៅយកសម្ភារទ្រព្យសម្បត្តិចេញពីគំនរភ្នក់ភ្លើងដែលកំពុងឆាបឆេះ ។(KOH)