ភ្នំពេញ ៖ “ឈាមស្រែក ស្បែកហៅ” មិនទាន់រំលងបានប៉ុន្មានថ្ងៃផង សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនស្ដ្រីម្នាក់ ជាជនសង្ស័យឃាតកអារ.កសម្លាប់បុរសជនពិការម្នាក់ក្នុងសង្កាត់បឹងព្រលិតកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើនេះមានឈ្មោះ ប៉ុក វណ្ណធី ហៅ ស្រីនាង អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ ស្នាក់នៅផ្ទះលេខ៣៣E2 ផ្លូវ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា នៅក្បែរកន្លែងកើតហេតុតែម្ដង ។
ប្រភពបានបន្ដទៀតថា ក្រោយពីការឃាត់ខ្លួនស្ដ្រីជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះដោយផ្ទាល់ដៃពិតប្រាកដមែន ដោយការសម្លាប់នេះមិនមែនជាការប្លន់យកទ្រព្យសម្បត្ដិទេ ឬជាការគំកួន អ្វីនោះទេ ។ ស្ដ្រីជនសង្ស័យបានបន្ដទៀតថា មូលហេតុដែលធ្វើឱ្យខ្លួនសម្លាប់ជនរងគ្រោះនោះ ដោយសារជនរងគ្រោះ បានបោកបញ្ឆោតរូបខ្លួនឱ្យជួយរកតេឡេទូរទស្សន៍មកសារ៉េ តែផ្ទុយទៅវិញ ជនរងគ្រោះបានចាប់សម្រាតខោរបស់ខ្លួន និងចាប់ក្បាលផ្ទប់ទៅនឹងឥដ្ឋបម្រុងចាប់រំលោភ ពេលនោះខ្លួនក៏មានការខឹងសម្បាយ៉ាងខ្លាំង ហើយក្រឡេកឃើញកូន កាំបិតនៅលើតុក៏យកចាក់ និងអារ.កជនរងគ្រោះបណ្ដាលឱ្យស្លាប់តែម្ដងទៅ ។ បន្ទាប់ពីហេតុ ដោយមានឈាមហូរ ច្រើនពេកនោះ ខ្លួនបានចេញមកសោចាក់ពីក្រៅ ហើយខ្លួនរត់មកសំងំនៅផ្ទះរបស់ខ្លួន ។
សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា បានឱ្យដឹងទៀតថា ដោយមានការសហការគ្នាល្អរវាងផ្នែកចក្ខុ(ផ្នែកកោសលវិច័យ) និងមន្ដ្រីមូលដ្ឋាន និងប៉ុស្ដិ៍ល្អ ទើបដំណើរការស៊ើបអង្កេតនេះឈានដល់ឃាត់ខ្លួនជនសង្ស័យបានដើម្បីយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
គួរបញ្ជាក់ផងដែរថា ស្ដ្រីជាជនសង្ស័យទើបតែឆ្លងទន្លេបានរយៈពេល១ខែកន្លះ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់នៅ អធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕