Sunday, September 2, 2012

បុស្បា ប៉ាន់​​​ ទទួល​​​​អាហារូបករណ៍​​​ពី​សាលា​តន្ត្រី​​​​​​​​​ល្បី​​ ចេញ​ដំណើរ​ទៅ​រៀន​​9ឆ្នាំ​​ប្រកប​ដោយ​មោទ​ន​ភាព​​


រាជ​ធានីភ្នំពេញ​ ៖ «ឆ្ពោះ​​​​ទៅ​រក​ភាព​រីក​ចម្រើន​​​​​ថ្មី​​​​មួយ​ទៀត​​សម្រាប់​​​ជំនាញ​សិល្បៈ​​​​»​ នេះ​​គឺ​ជា​​​អ្វី​ដែល​​​​បុស្បា ប៉ាន់​ កំពុង​​ធ្វើ​​​ ។ តារា​​ចម្រៀង​​​វ័យ​ក្មេង​​​​​ដ៏​លេច​ធ្លោ​​​​រូបនេះ​​ បាន​ចាក​ចេញ​​​ពី​កម្ពុជា​​​​​តា​ម​យន្ត​​ហោះ​​​​កាល​ពី​​​រាត្រី​ថ្ងៃ​​​​ទី​​២៩ សីហា ​​ឆ្ពោះ​ទៅ​​​សិក្សា​​នៅ​​​សាលា​​ WALNUT HILL SCHOOL FOR THE ARTS ជា​សាលា​​​​សិល្បៈ​​តន្ត្រី​​​​ល្បី​ឈ្មោះ​​​បំផុត​​​ក្នុង​សាកល​លោក​​ ស្ថិត​​​នៅ​ក្រុង​បូស្តុន​​ រដ្ឋ​ម៉ាសា​ឈូសេត​ សហ​រដ្ឋ​​អាមេ​រិក​ ។​
​បុស្បា ​​ប៉ាន់ ជា​កូន​​​​ខ្មែរ​​​ម្នាក់​ប្រកប​​​ដោយ​​មោទ​ន​ភាព​​​ ព្រោះ​​​មាន​តែ​នាង​​​ជា​អ្នក​​ចម្រៀង​​​​​អូប៉េរ៉ា​ ​ម្នាក់​​​គត់​ចេញ​ពី​​​​បណ្តា​ប្រទេស​​​ក្នុង​សមា​គម​​​ប្រជា​ជាតិ​​​​​អាសីុ​​​​អាគ្នេយ៍​​​​ដែល​បាន​ចូល​រៀន​នៅ​​សាលា​នោះ​​​ដំបូង​​គេ ។​សាលា​​​ WALNUT HILL SCHOOL FOR THE ARTS ផ្តល់​​អាហារ​​ូបករ​ណ៍​ឱ្យ​​​​បុស្បា ​ប៉ាន់​​ ៥០%​​ ខណៈ​​សិស្ស​​រៀននៅ​​​សាលា​​នោះ​​​ក្នុង​មួយ​ឆ្នាំ​​ត្រូវ​​​បង់​ថ្លៃ​សិក្សាចំនួន​​៥ម៉ឺន​ដុល្លារ​ ។ ​ក្រៅ​ពី​​នេះ​វិស័យ​ឯក​ជន​​​​ និង​សប្បុរស​​ជន​​ក្នុង​ស្រុក​​​​ឧបត្ថម្ភ​​​​​បុស្បា ​ប៉ាន់ ៣០%​​ ។​
នៅ​​​​សល់​​២០​%​​​ទៀត​ ជា​អ្វី​​​ដែលបុស្បា ប៉ាន់​​​​​ ពិសេស​​ឪពុក​ម្តាយ​​នាង​កំពុង​ខ្វល់​ខ្វាយ​​​​ ព្រោះ​ពួក​គាត់​ព​ុំ​មាន​​លទ្ធ​ភាព​​ ។​ ​ដូច្នេះ​​ហើយ​​អ្នក​មាន​គុណ​​​របស់​តា​រា​ចម្រៀង​​​​វ័យ​ក្មេង​​​​ដែល​យក​ចិត្ត​ទុក​ដាក់​​​បណ្តុះ​​បណ្តាល​កូន​​​​​គួរ​ឱ្យ​សរសើ​រ​​​នេះ កំពុង​​តែ​​​​ស្វះ​ស្វែង​​​រក​​​ការ​ឧបត្ថម្ភ​​ ។ ពួក​គាត់​​​​​អំពាវ​នាវ​​​​ឱ្យ​សប្បុរស​​ជន​​​ជួយ​សម្រាប់​ការ​​សិក្សា​​​​​របស់​​​បុស្បា ប៉ាន់​ ​ព្រោះ​​​ថ្វី​ដ្បិត​​​​សម្រាប់​​​​ការ​ចេះ​ដឹង​​​ផ្ទាល់​​​ខ្លួន​​​របស់​នាង​​ តែនាង​​​​ជា​​ធន​ធាន​​​សិល្បៈ​​មួយ​របស់​​​កម្ពុជា​​ ហើយ​​នាង​នឹង​​​ចូល​រួម​ចំណែក​​​អភិ​វឌ្ឍក្នុង​វិស័យ​សិល្បៈ​ វប្ប​ធម៌​ជាតិ​​​​នាពេល​ខាង​មុខ​ ។​
​តាម​លោក​ប៉ាន់​​ ម៉េង​​ហ៊ាង​ ជ​ា​ឪពុក​​​​ឱ្យ​ដឹង​ថា​ កូន​​​ស្រី​របស់​​លោក​​​ត្រូវ​សិក្សា​​​​នៅ​សាលា​​នោះ​​​រយៈ​ពេល​​​៩​ឆ្នាំ ​​​។ នាង​​​​ត្រូវ​ចំណាយ​​​ពេល​បី​ឆ្នាំ​​​​នៅ​សាលា​នោះ​​ មុន​នឹង​​​បន្ត​​​រយៈ​ពេល​​៦​ឆ្នាំ​ទៀត​​ ​ដើម្បី​​​បញ្ចប់​​​កម្រិត​​​ខ្ពស់​​បំផុត​​​ផ្នែក​​​ចម្រៀង​​​​អូប៉េរ៉ា និង​​​តន្ត្រី ។​
​បុស្បា ប៉ាន់​ ​ជា​សិស្ស​​​ក្មេង​​ជាង​គេ​​​​​នៅសាលា​​នោះ​​ ព្រោះ​សាលា​​ទទួល​​​សិស្ស​​​​អាយុ​​ចាប់​ពី​​១៨​ឆ្នាំ​​​​ឡើង​ ខណៈ​នាង​​​​មាន​អាយុ​​​​ទើប​​​តែ​​១៥​​​ឆ្នាំ​​​​ប៉ុណ្ណោះ​​ ប៉ុន្តែ​​​ដោយ​នាង​មាន​​ទេព​កោសល្យ​ខ្ពស់​​​ទើបមាន​​ឱ​កាស​​​ពិសេស​​​នេះ ។​​​សាលា​​ WALNUT HILL SCHOOL FOR THE ARTS ​បើក​​​ដំបូង​​​នៅ​ឆ្នាំ ​​១៨៩៣ ​និង​ក្លាយ​ជា​​​​សាលា​តន្ត្រី​​​ល្បីឈ្មោះ​​​ក្នុង​​​លោក​ ។​ ឆ្នាំនេះ សាលា​​​ទទួល​សិស្ស​​មាន​ទេព​កោសល្យ​​​ផ្នែក​​ចម្រៀង​​​អូប៉េរ៉ា​​​​ តែ​​៥​រូប​​​​ប៉ុណ្ណោះ ​ក្នុង​នោះ​​​មាន​បុស្បា ប៉ាន់​ ពី​កម្ពុជា​​​​គួរ​ឱ្យ​​​​មាន​មោទ​ន​ភាព ។
​ទាំង​​សប្បាយ​​រីក​រាយ​​ ទាំង​ព្រួ​យ​បារម្ភ​​​ នេះជា​អារម្មណ៍​​ដែល​បុស្បា ប៉ាន់​​​ ទទួល​​សម្រាប់​ការ​ឈាន​​​​ឆ្ពោះ​​ទៅ​​ចូល​សាលា​​​តន្រ្តី​​​​​លំដាប់​​​​ខ្ពស់​នោះ​ ។ មុន​ពេល​​​​ឡើង​​យន្ត​ហោះ​​​​នៅ​អាកាស​​យាន​ដ្ឋាន​​​អន្ត​រ​ជាតិ​​​ភ្នំពេញ​ ​នាង​​​និយាយ​​​ថា «ខ្ញុំ​​សប្បាយ​​​ចិត្ត​​​ព្រោះបាន​​​​ទៅ​រៀន​នៅ​​សាលា​ល្បី​ឈ្មោះ​ និង​​​​បំពេញ​​​តាម​ក្តី​​​សុបិន​របស់ខ្លួន​​ ប៉ុន្តែ​​​​​​ទន្ទឹម​​​នេះក​៏​មិន​​​​​សប្បាយ​ចិត្ត​ដែរ​​ ព្រោះ​ត្រូវ​​ឃ្លាត​ពី​​​ឪពុក​ម្តាយ​​ បង​ប្អូន​ និង​ម្យ៉ាង​ទៀត​​​ព្រួ​យ​បារម្ភ​​​ផ្នែក​​ប្រាក់​​​​សម្រាប់​​បង់​ថ្លៃ​សិក្សា​​ ខ្លាច​មិន​​​អាច​បន្ត​​​បាន​ចប់​ចុង​ចប់​ដើម​​​​» ។​ជា​មួយ​​ក្តី​បារម្ភ​នេះ​​ តារា​ចម្រៀង​​​​អូប៉េ​រ៉ា​ ​វ័យ​​​ក្មេង​របស់​​​កម្ពុជា​​រូប​​នេះ​​ ចង់​ឱ្យ​​​​សប្បុរ​សជន​​​​​ជួយ​ដល់​​​នាង​​ ដើម្បី​​​​​មាន​លទ្ធ​​ភាព​​​​អា​ច​សិក្សា​​​​បាន​ចប់​​ចុង​​ចប់​ដើម​​ ​ហើយ​ត្រឡប់​​​មក​កម្ពុជ​ាវិញ​​ ដើម្បី​​​​រួម​ចំណែក​​​ក្នុង​វិស័យ​​​សិល្បៈ​​​វប្បធម៌​ និង​ជួយ​​​បណ្តុះ​​​បណ្តាល​​​​​អ្នក​ជំនាន់​ក្រោយ​​​ពីនាង​ទៀត​ ។​
​លោក ឃួន ​សិទ្ធិ​​​ស័ក្ខិ​ ជា​អ្នក​ចម្រៀង​​​អូប៉េរ៉ា​​ទោល​​តែ​ម្នាក់​​​​គត់នៅ​កម្ពុជា​​ និង​ជា​គ្រូ​​​​បង្ហាត់​បុស្បា ប៉ាន់​​​ ​រយ​ៈ​ពេល​​​១​ឆ្នាំ​​ចុង​ក្រោយ​​​​នេះ​​សរសើរ​​ថា ​​នាង​មាន​សំឡេង​​​ល្អ​​ ដូច្នេះនាង​នឹង​មានការ​​​រី​ក​ចម្រើន​​ ហើ​យ​អាច​​​នឹង​ឈាន​​​ជើង​ទៅ​​កាន់​​​​លំដាប់​​​អន្ត​រ​ជាតិ​​​ ។
​លោក​សិទ្ធិ​​ស័ក្ខិ​ ​កត់​សម្គាល់​​​ថា ​បុស្បា ប៉ាន់​ ​រៀន​រយ​ៈ​​​ពេល​មួយ​​ឆ្នាំ​ជា​មួយ​​​លោក​​ស្មើ​នឹង​​​​ជន​បរទេស​​​រៀន​ចម្រៀង​​នេះ​១០​ឆ្នាំ​ ។​
​ក្រៅ​ពី​​​ចម្រៀង​​​អូប៉េ​រ៉ា​​ ដែល​បុស្បា ប៉ាន់​​ ចេះ​ច្រៀង​​​​យ៉ា​ងពី​រោះ​​​ពី​ធម្ម​ជាតិ​​​ គួ​ប​ផ្សំ​​​​ជា​មួយ​​​ការ​ហាត់​​​​រៀន​ផង​​​នោះ​ នាង​ចេះ​​​ប្រើ​​ឧបករណ៍​​​តន្ត្រី​​​ព្យ៉ាណូ ហ្គីតា​ និង​​វីយូឡុង​​​​យ៉ា​ងស្ទាត់​ជំនាញ​ ។ នេះ​​​ជា​លទ្ធ​ផល​​​​នៃ​ការ​​​ខិត​ខំ​​​កសាង​​​ខ្លួន​របស់​​​បុស្បា ប៉ាន់​ ​ជ​ា​មួយ​​នឹង​​​ការ​យក​ចិត្ត​ទុក​ដាក់​​​​​​បណ្តុះ​​​​បណ្តាល​​​​អនាគត​​​កូន​របស់​​​ឪពុក​ម្តាយ​​នាង ។​
មហា​ជ​​ន​សរសើរ​​​បុស្បា ប៉ាន់​​ ដែល​មាន​​​ទេព​កោសល្យ​​​សិល្បៈ​​​ល្អ​ ​ហើ​​​យ​​អប​អរ​​សាទរ​​​ និង​គាំ​ទ្រ​ចំពោះ​​ការ​ចេញ​​ទៅ​សិក្សា​​នៅ​​សាលា​តន្ត្រី​​​​លំដាប់​​​​ខ្ពស់​​ និង​ល្បី​​ល្បាញ​​របស់​នាង​ ។​​គេ​រំពឹង​​​ថា រយ​ៈ​ពេល​​​៩​​ឆ្នាំ​ក្រោយដែល​​បុស្បា ប៉ាន់​ ​បញ្ចប់​ការ​សិក្សារ​​​​​​នៅ​សាលា​តន្ត្រី​​​នោះ នាង​នឹង​​​លូត​​លាស់​​​​ជា​តារា​ចម្រៀង​​​អូប៉េរ៉ា​​ឆ្នើម​​សម្រាប់​កម្ពុជា​​  ហើយ​អា​ច​​ឈាន​ចូល​​​​លំដាប់​​​អន្តរ​ជាតិ​​​​គួ​​រ​ជាទី​​មោទ​ន​​​ៈ​សម្រាប់​​​រូប​នាង​​​ផ្ទាល់​​ ក្រុម​គ្រួសារ​​ និង​​កម្ពុជា​​​​ទឹក​ដី​អនុស្សា​វរីយ៍​​​នៃការ​ចាប់​​ផ្តើម​​​ដុះ​​ពន្លក​​​លូត​លាស់​​​របស់​នាង​ ៕​

Comments system

Disqus Shortname