Wednesday, September 5, 2012

អគ្គី​ភ័យ​ឆាបឆេះ​ដេប៉ូ​លក់​សាំង​មួយ​កន្លែង​និង​ផ្ទះ​៣​ខ្នង​ទៀត​នៅ​ពោធិ៍សាត់​


ខេត្ដពោធិ៍សាត់​ ៖​ ដេប៉ូ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង​ដែល​មាន​យីហោ​ ទឹម​ ទូច​ ឋិត​នៅ​ភូមិ​-​ឃុំ​ត្រ​ញំ​ង​ជង​ ស្រុក​បាកាន​ ខេត្ដពោធិ៍សាត់​ នៅ​រសៀល​ថ្ងៃ​ទី​៥​ខែកញ្ញា​ឆ្នាំ​២០១២​ ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​ និង​រាល​ទៅ​លំនៅ​ឋាន​អ្នក​ជិតខាង​អស់​៣​ខ្នង​ ដែល​ជំហាន​ដំបូង​សង្ស័យ​បណ្ដាល​មក​ពី​ខុស​បច្ចេកទេស​បញ្ចូល​អា​គុយ​ បណ្ដាល​ឱ្យ​ ទុ​ស្សេ​ខ្សែភ្លើង​ និង​ខ្លះ​ថា​បណ្ដាល​មក​ពី​កន្ទុយបារី​ដែល​គេ​បោះចោល​ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ឈ្មោះ​ ទឹម​ ទូច​ មាន​បញ្ចូល​ភ្លើង​អា​គុយ​ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​២​និង​៥០​នាទី​ ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ បាន​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ មិន​អាច​ជួយ​ពន្លត់​បាន​ ហើយ​បាន​រាលដាល​ទៅ​លំនៅ​ឋាន​របស់​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ឆេះ​អស់​៣​ខ្នង​បន្ថែម​ទៀត​ ។​ ដោយសារ​តែ​ស្ថានភាព​ភ្លើង​ឆេះ​ខ្លាំង​ គឺ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​មិន​អាច​ជួយ​អន្ដរាគមន៍​ជះ​ទឹក​ពន្លត់​បាន​ នោះ​ទេ​ ពីព្រោះ​ឆ្លើ​ង​បាន​ឆាបឆេះ​ស៊ីទែន​លក់​ប្រេង​យ៉ាង​ពេញទំហឹង​ ។​
​ប្រភព​ព័ត៌មាន​ដែល​បានឱ្យ​ដឹង​ថា​ ករណី​ដែល​បណ្ដាល​ឱ្យ​ឆាបឆេះ​ខាងលើ​នេះ​  អាច​បណ្ដាល​មក​ពី​មាន​ភាព​ធ្វេស​ ប្រហែស​ដោយសារ​មាន​បុរស​ម្នាក់​បាន​កេះ​ដែកកេះ​អុជ​បារី​ជក់​នៅ​ពេល​ម្ចាស់ផ្ទះ​ឈ្មោះ​ ទឹម​ ទូច​ កំពុង​ចាក់​សាំង​លក់​ ឱ្យ​ភ្ញៀវ​ ទើប​បណ្ដាល​ឱ្យ​ឆាបឆេះ​ឡើង​តែ​ម្ដង​ ។​
​នៅ​ក្នុង​ហេតុការណ៍​នេះ​ គេ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ជួយ​អន្ដរាគមន៍​ ដូច​ជា​លោក​ សៅ​ សា​រឿ​ន​ អភិបាលស្រុក​បាកាន​,​ លោក​ ប៉ែន​ ទុង​ អធិការ​ស្រុក​បាកាន​ និង​លោកស្នងការ​នគរបាល​ ខេត្ដ​ សា​រុន​ ច​ន្ធី​។​ តែ​ទោះ​យ៉ាងណា​ អាជ្ញាធរ​ខាងលើ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លំអិត​ណាមួយ​ជុំវិញ​ករណី​ឆេះ​ ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ខាងលើ​នេះ​ទេ​ ដោយសារ​តែ​ស្ថានភាព​ភ្លើង​រហូត​មក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​ នៅ​តែ​បន្ដ​ឆាប​ឆេះ​នៅឡើយ​ ។​
​នៅ​ក្នុង​ហេតុការណ៍​ឆាបឆេះ​នេះ​ គេ​សង្កេត​ឃើញ​រថយន្ដ​ពន្លត់អគ្គីភ័យ​តែ​១​គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​ចូល​ទៅ​អន្ដរា​ គម​ន៍​ពន្លត់​ ប៉ុន្ដែ​មិន​អាច​ទប់ស្កាត់​ឥទ្ធិពល​ភ្លើង​ដែល​កំពុង​ឆាបឆេះ​ស៊ីទែន​ប្រេង​បាន​នោះ​ទេ​ គឺ​ភ្លើង​នៅ​តែ​បន្ដ​ឆេះ​ និង​ឆេះ​រាលដាល​ទៅ​ដល់​លំនៅ​ឋាន​អ្នក​ជិតខាង​ថែម​ទៀត​ផង​ ។​
​រហូត​មក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ គេ​នៅ​មិន​ទាន់​អាច​វាយតម្លៃ​អំពី​ទំហំ​នៃ​ការ​ខូចខាត​ ដែល​បង្ក​ ឡើង​ដោយ​ការ​ឆាបឆេះ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ខាងលើ​នេះ​បាន​ទេ​ ហើយ​ក៏​គេ​មិន​ទាន់​ដឹង​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ដែរ​ ប៉ុន្ដែ​សម្រាប់​ផ្ទះ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ ទឹម​ ទូច​ គឺ​ខូចខាត​ទាំងស្រុង​ ដោយ​មិន​បាន​ ប្រមូល​យក​សម្ភារ​បន្ដិច​ណាមួយ​ចេញពី​ភ្លើង​ដែល​កំពុង​ឆាបឆេះ​នោះ​បាន​ទេ​ ៕

Comments system

Disqus Shortname