Thursday, September 6, 2012

កម្ពុជា​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពេល​ជួប​ទឹក​ជំនន់


មន្ត្រី​កង​រាជ​អាវុធហត្ថ និង​មន្ត្រី​យោធា​ក្រសួង​ការពារ​ជាតិ កំពុង​ត្រៀម​ខ្លួន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ពេល​ជួប​គ្រោះ​ទឹក​ជំនន់ ដោយ​ធ្វើ​លំហាត់​សមយុទ្ធ​សង្គ្រោះ​លើ​ផ្ទៃ​ទឹក ដើម្បី​ត្រៀម​លក្ខណៈ​មុន​គ្រោះ​ទឹក​ជំនន់​កើត​ឡើង។
RFA/Den Ayuthea
សកម្មភាព​គ្រូពេទ្យ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​លំហាត់​សមយុទ្ធ នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២។

តប​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​២០១២ ក្រសួង​ការពារ​ជាតិ និង​កង​រាជ​អាវុធហត្ថ បាន​ត្រៀម​កម្លាំង​ប្រមាណ​៥ពាន់​នាក់ សម្រាប់​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។
លោក​ឧត្តម​សេនីយ៍​ត្រី ម៉ា ភិរម្យ ជា​មេ​បញ្ជាការ​ហ្វឹកហ្វឺន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា កម្លាំង​យោធា​កងពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​ចំនួន​ជិត​៣០០​នាក់ បាន​រួម​គ្នា​ហ្វឹកហ្វឺន ដើម្បី​ត្រៀម​យុទ្ធនាការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ។ សមយុទ្ធ​នេះ បាន​រៀបចំ​លើ​ផ្ទៃ​ទឹក​ធំ​ល្ហល្ហេវ នៅ​ម្តុំ​តំបន់​កោះដាច់ និង​កោះឧកញ៉ាតី ក្បែរ​បន្ទាយ​កងទ័ព​ជើង​ទឹក ស្ថិត​ក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ។
ឧត្តម​សេនីយ៍​ត្រី ម៉ា ភិរម្យ៖ «ត្រូវ​តែ​មាន​ផែនការ​ត្រៀម​លក្ខណៈ​មុន​ជានិច្ច ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ពេល​ណា​ដែល​មាន​ទឹក​ជំនន់​មក​ដល់។ កុំ​ដល់​ពេល​មាន​ទឹក​ជំនន់​មក​ដល់​ហើយ ទើប​រក​អូប័រ រក​ឡាន គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​គ្រោះ​ថ្នាក់។ ដូច្នេះ ត្រូវ​តែ​ត្រៀម​លក្ខណៈ​ទាំង​សម្ភារៈ ទាំង​ស្បៀង ថ្នាំ​ពេទ្យ អូប័រ​សព្វ​យ៉ាង​ទាំង​អស់ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់»
លោក ម៉ា ភិរម្យ បន្ត​ថា សម្ភារៈ​ដែល​យក​មក​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ជួប​គ្រោះ​ទឹក​ជំនន់​ពេល​នេះ មាន​អូប័រ រថយន្ត​សង្គ្រោះ រថយន្ត​ដឹក​ជញ្ជូន​ពលរដ្ឋ​រងគ្រោះ សរុប​ជិត​៦០​គ្រឿង និង​ផ្ដោត​លើ​មុខ​សញ្ញា​ចំនួន​ពីរ គឺ​សង្គ្រោះ​អ្នក​លង់​ទឹក និង​សង្គ្រោះ​អ្នក​ទើរ​លើ​កោះ ឬ​ទួល។ ក្រៅ​ពី​នេះ ក៏​បាន​ត្រៀម​តង់​ចល័ត ត្រៀម​អាហារ ទឹក​ស្អាត បង្គន់​អនាម័យ និង​គ្រូពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ថែម​ទៀត។
ចំណែក​មន្ត្រី​ដឹកនាំ​កងពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ នៃ​ក្រសួង​ការពារ​ជាតិ មាន​ជំនឿ​ថា បច្ចេកទេស​ដែល​ទទួល​បាន​ក្រោយ​ហ្វឹកហាត់​សមយុទ្ធ​លើ​ផ្ទៃ​ទឹក នឹង​ជួយ​ឲ្យ​ការងារ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ក្នុង​ហេតុការណ៍​ទឹក​ជំនន់​មាន​លទ្ធផល​ល្អ។
យ៉ាង​ណា​ក៏​ដោយ លោក ញឹម វណ្ណដា អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ទំហំ​ផ្ទៃ​ទឹក​មិន​ទាន់​កើន​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ទោះ​មាន​ខេត្ត​ខ្លះ​ទំហំ​ទឹក​ទន្លេ​បាន​កើន​ខ្ពស់​ក្តី។
លោក​ថ្លែង​ថា ឆ្នាំ​នេះ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ត្រៀម​កម្លាំង និង​សម្ភារៈ​ជា​ស្រេច ដើម្បី​ទប់ស្កាត់ និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ពេល​ជួប​គ្រោះ​ទឹក​ជំនន់៖ «យើង​ឃើញ​ថា ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ មាន​ទឹក​ឡើង​អ៊ីចឹង​មែន។ ប៉ុន្តែ កំពង់ចាម ព្រៃវែង កណ្ដាល ទឹក​កំពុង​តែ​ហូរ​ទៅ​តាម​ដង​ស្ទឹង​ទៅ​តាម​ទន្លេ​តូច ចូល​បឹងបួ និង​ស្រែ​ប្រជាជន។ រីឯ​ទន្លេសាប ទឹក​កំពុង​តែ​ហូរ​ចាក់​ឆ្លង​កាត់​ស្រុក​បាធាយ ខេត្ត​កំពង់ចាម និង​តាម​ដង​ទន្លេសាប។ ហើយ​ទឹក​កំពុង​តែ​ហូរ​ចុះ​ទៅ​ក្រោម ឆ្លង​កាត់​ខេត្ត​តាកែវ ឆ្លង​កាត់​ទន្លេបាសាក់ និង​មក​ទន្លេ​មេគង្គ​ក្រោម ឆ្ពោះ​ទៅ​តាម​ប្រទេស​ជិត​ខាង គឺ​តាម​ខេត្ត​កណ្ដាល ខេត្ត​ព្រៃវែង ត្រង់​ម្តុំ​អ្នក​លឿង ហូរ​កាត់​ទៅ​ក្រោម។ យើង​គិត​ថា ទឹក​នេះ​បើ​សិន​ជា​ឡើង​ក៏​មិន​យូរ​ដែរ»
ទាក់​ទិន​បញ្ហា​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​ជាង​៦៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​ស្ដារ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុង​ខេត្ត​ចំនួន​៦ ដែល​បំផ្លាញ​ដោយ​សារ​ទឹក​ជំនន់​ឆ្នាំ​២០១១។ ខេត្ត​ទាំង​៦ មាន​ខេត្ត​ព្រៃវែង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម និង​ខេត្ត​កណ្ដាល ដែល​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ជាង​គេ។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​វាយ​តម្លៃ​ថា ការ​ខូច​ខាត​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ឆ្នាំ​២០១១ ក្នុង​ខេត្ត​ចំនួន​១៨ ក្នុង​ប្រទេស​កម្ពុជា មាន​តម្លៃ​សរុប​ជិត​៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត​២លាន​នាក់ និង​បាន​សម្លាប់​មនុស្ស​ចំនួន​២៥០​នាក់ និង​មាន​ប្រជាពលរដ្ឋ​ជាង​៥ម៉ឺន​គ្រួសារ ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព៕

Comments system

Disqus Shortname