Sunday, September 9, 2012

នឹល អារីយ៉ា ចង់​ល្បី តែ​មិន​ចង់​ក្លាយ​ជា​តារា​រាត្រី


120907_23
តារា​ចម្រៀង​មិន​ទាន់​មាន​ផលិត​កម្ម​នាង នឹល អារីយ៉ា​។ រូបថត ស៊ូ វុទ្ធី
ភ្នំពេញៈ បើ​ទោះ​ជា​នៅ​មិន​ទាន់​មាន​ទ្រនំ​ ឬ​កេរ្តិ៍ឈ្មោះ​ដ៏​សម​គួរ​នៅ​ក្នុង​សង្វៀន​សិល្បៈ​ក៏​ដោយ​ តែ​តារា​ចម្រៀង​រាង​តូច​ច្រឡឹង​ វ័យ​២០​ឆ្នាំ​កញ្ញា​ នឹល​ អារីយ៉ា​ បាន​ប្រៀប​ប្រដូច​​សំឡេង​ខ្លួន​ឯង​ទៅ​នឹង​តារា​ចម្រៀង​កូន​កាត់​ចិន​ នាង​ លី អ៊ីវ៉ាធី​ណា ហើយ​នាង​ក៏​បាន​ប្រាប់​ពី​មហិច្ឆតា​របស់​ខ្លួន​ថា ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​បាន​កា​ររីក​ចម្រើន​មិន​ខាន​នៅ​ក្នុង​ការ​តស៊ូ​​ ក្នុង​របត់​ជា​អ្នក​សិល្បៈ។​
ក្នុ​ងជំនួប​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ អារីយ៉ា​ បាន​រៀបរាប់​ថា ​នាង​ជា​កូន​ទី១​ក្នុង​ចំណោម​បង​ប្អូន​២នាក់​ ដែល​មាន​ឪពុក​ជា​មន្រ្តី​ប៉េ​អឹម និង​ម្តាយ​ជា​អាជីវករ​។ ​នាង​បាន​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី១២​ កាល​ពី​ឆ្នាំ​២០១០​-២០១១​ ហើយ​ពេល​នេះ​ នៅ​មិន​ទាន់​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​ណា​នៅ​ឡើយ​​នោះ​ទេ​។ កាល​ដែល​នាង​សម្រេច​​ដក​ឃ្លា​ពី​ការ​សិក្សា​នេះ ​មិន​មែន​មាន​គំនាប​ពី​ខាង​ណា​នោះ​ដែរ ពោល​គឺ​នាង​យក​ពេលវេលា​នេះ​មក​ជួយ​ការងារ​ផ្ទះ​ជំនួស​ដៃ​ជើង​ម្តាយ ព្រោះ​ថា​ ក្រៅ​ពី​ឪពុក​ទៅ​ធ្វើ​ការ ​និង​ប្អូន​ប្រុស​ទៅ​រៀន​​គឺ​មាន​តែ​នាង​ម្នាក់​គត់​ ដែល​អាច​ជំនួស​ការងា​រលក់​ដូរ​បាន ហើយ​នៅ​សល់​ពេល​វេលា​គឺ​នាង​ហាត់​ច្រៀង​។
ដោយ​ការ​តាំង​ចិត្ត​និង​មិន​ បោះ​បង់​នូវ​មហិច្ឆតា​របស់​ខ្លួន នាង​លើក​ឡើង​ថា៖​​«​មាន​និស្ស័យ​សិល្បៈ​ចូល​ចិត្ត​ចម្រៀង​តាំង​ពីតូច​ ហើយ​ក្តី​ប្រាថ្នា​ធំ​ឡើង​គឺ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ និង​មាន​កេរ្តិ៍​ឈ្មោះក្នុង​ឆាក​សិល្បៈ​ចម្រៀង​ដូច​គេ​ ដូច​ឯង​ផង​ដែរ​»។
ជា ​មួយ​នឹង​អំនួត​ដ៏​ម៉ាត់ៗ​ តារា​ចម្រៀង​ដែល​ទើប​រំកិល​កាយ​មក​ជិត​ឆាក​តន្រ្តី​យុវវ័យ​ កញ្ញា​ នឹល អារីយ៉ា ក៏​បាន​ប្រៀប​ប្រដូច​សំឡេង​នាង​ទៅ​នឹង​តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ ផលិតកម្ម​ថោន​ម្នាក់​ ដោយ​នាង​អះអាង​ថា៖​«​តារា​ចម្រៀង​ដែល​ខ្ញុំ​យក​ធ្វើ​ជា​និមិត្ត​រូប​ និង​គំរូ​សំឡេង​នោះ​គឺ​តារា​ចម្រៀង​កូន​កាន់​ចិន លី អ៊ីវ៉ាធីណា»។
ការ និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា នាង​នៅ​មិន​ទាន់​ស្គាល់​ឆាក​តន្រ្តី​នោះ​ទេ​ តារា​ចម្រៀង​រាង​តូច​ល្អិត​សាច់​សខ្ចី​ដែល​ចាត់​ទុក​ការ​ច្រៀង​រាំ​សំខាន់​ ជាង​ការ​សិក្សា​រូប​នេះ បាន​លើក​ឡើង​ថា​៖​«ដ្បិត​ថា​ ពេល​នេះ​ ទឹក​ដម​ចម្រៀង​របស់​ខ្ញុំ​នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​ ហើយ​​មិន​ទាន់​មាន​ទ្រនំ​ជ្រក​ជាក់​លាក់​ក៏​ដោយ​ ប៉ុន្តែ​កន្លង​មក ​ខ្ញុំ​ក៏​ធ្លាប់​ឡើង​ច្រៀង​ក្នុង​កម្ម​វិធី​ប្រគំ​តន្រ្តី​ចុង​សប្តាហ៍​ជា ញឹកញាប់​ដែរ​»។
នាង​ឲ្យ​ដឹង​ថា កន្លង​មក​នាង​ធ្លាប់​ឡើង​ច្រៀង​ជា​តារា​កិត្តិ​យ​ស​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​ លេខ​៥ ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣ និង​ចុង​ក្រោយ​ទូរទស្សន៍​ហង្សមាស​ហៅ ឡើង​ច្រៀង​ជា​កិត្តិយស ហើយ​ក្នុង​សប្តាហ៍​នេះ​នាង​ក៏​ត្រូវ​បាន​កម្មវិធី​ មរតក​តារា ​របស់​ទូរទស្សន៍​អប្សរា​ហៅ​ឡើង​ជា​តារា​កិត្តិយស​ផង​ដែរ​។
ទោះ​ជា​មាន ភាព​ត្រេក​ត្រអាល​នឹង​អាជីព​ចម្រៀង​យ៉ាង​នេះ​ក្តី​ តែ​នាង​តារា​ចម្រៀង​តូច​ល្អិត​​រូប​នេះ ​បែរ​ជា​ប្រកាស​ខ្លួន​មិន​ចង់​ក្លាយ​ជា​តារា​រាត្រី​ចរ​នោះទេ​ ដោយ​នាង​អះអាង​ថា ​បើ​ទោះ​ជា​យ៉ាង​ណា​នាង​មិន​តោង​យក​កន្លែង​លក់​សំនៀង​ពេល​រាត្រី​ឡើយ​ ក្រៅ​ពី​ប្រាថ្នា​ចង់​ក្លាយ​ជា​តារា​ម្នាក់​ដែល​មាន​ទ្រនំ​ត្រឹមត្រូវ​។
មួយ ​រយៈ​ចុង​ក្រោយ​នេះ​ ឱកាស​ឡើង​បញ្ចេញ​ទឹក​ដម​សំនៀង​របស់​តារា​រះ​ថ្មី ​នឹល​ អារីយ៉ា ធ្វើ​ឲ្យ​នាង​ហាក់​រំកិល​កេរ្តិ៍​ឈ្មោះ​ឡើង​បាន​មួយ​កាំ​។ ក្នុង​ទឹក​ចិត្ត​ ពោរ​ពេញ​ដោយ​ភាព​ជឿជាក់​នោះ​ តារា​ចម្រៀង​មិន​ធ្លាប់​ឆ្លង​កាត់​វគ្គ​ប្រឡង​សមត្ថ​ភាព​រូប​នេះ ​ក៏​បាន​ប្រកាស​ដោយ​ចំហ​ថា ​ខ្លួន​នឹង​ខំ​ប្រឹង​ប្រែង​តស៊ូ​ក្នុង​ដំណើរ​សិល្បៈ​របស់​ខ្លួន រហូត​​ក្លាយ​ជា​តារា​ក្នុង​ដួង​ចិត្ត​ទស្សនិកជន៕

Comments system

Disqus Shortname