Sunday, November 11, 2012

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ផ្ញើ​ព្រះរាជសារ​ជូន​សម្តេច ហ៊ុន សែន ចំពោះ​ការចាត់ចែង​រៀបចំ​បុណ្យ​ថ្វាយ​សម្តេច​ឪ​


ភ្នំពេញ: ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​ផ្ញើ​ព្រះរាជសា​រួមគ្នា អរគុណ​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការចាត់ចែង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​សម្តេច​ឪ សម្តេចព្រះ នរោត្តម សីហនុ​។​ គុណ​បំណាច់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​លើក​បង្ហាញ រួមទាំង​ព្រះរាជ​បន្ទូល​របស់​សម្តេចឪ ដែល​បាន​កោត​សរសើរ​​ដល់​វីរភាព​​របស់​សម្តេច ហ៊ុន សែន ក៏​ត្រូវ​បាន​ព្រះករុណា​ទាំងពីរ​ព្រះអង្គ គូស​​បញ្ជាក់​ជូន​​សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល ហ៊ុន សែន ផងដែរ។

​ ក្នុង​ព្រះរាជសារ​រួមគ្នា ចុះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ សម្តេចព្រះ នរោត្តម មុនីនាថ សីហនុ ផ្តើមដំបូង​ឡើយ ដោយ​សំដែង​នូវ​អំណរគុណ និង​កតវេទិតា​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត ជូន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ហឫទ័យ​ដ៏​សប្បុរស​ជាទីបំផុត ក្នុង​ការអញ្ជើញ​ទៅកាន់​រដ្ឋធានី​ប៉េកាំង ដង្ហែ​ព្រះ​បរមសព​ព្រះករុណា សម្តេចឪ យាង​មកកាន់​រាជធានី​ភ្នំពេញ និង​ណែនាំ​ចាត់​វិធានការ​យ៉ាង​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ ដោះស្រាយ​សំរួល​គ្រប់​កិច្ចការ​បាន​ឆាប់រហ័ស ថ្វាយ​ព្រះ​បរមសព​ព្រះករុណា ព្រះវររាជបិតា​ជាតិ​ខ្មែរ បាន​សក្តិសម​នឹង​ព្រះ​កិត្តិយស ព្រះកិត្តិនាម ជា​ព្រះមហាវីរក្សត្រ នៃ​ប្រជាជាតិ ប្រជារាស្ត្រ​កម្ពុជា​។​

​ ព្រះមហាក្សត្រ និង​សម្តេចម៉ែ ក៏បាន​គូសបញ្ជាក់​ជម្រាប​ជូន​ស​ម្តេច ហ៊ុន សែន ថា "​ពាក្យពេចន៍​សច្ចាប្រណិធាន ដែល​សម្តេច​អគ្គ​មហាសេនាធិបតី​តេ​ជោ បាន​ថ្លែង​ជា​ឱឡារិក នៅ​ចំពោះមុខ​ព្រះ​បរមសព នាំ​ឲ្យ​ហឫទ័យ​របស់​យើងខ្ញុំ រំជួល​ក្តុកក្តួល​ឥតឧបមា ហើយ​ជា​កម្លាំងចិត្ត​ចំពោះ​យើងខ្ញុំ នៅក្នុង​ឱកាស​ដ៏​មហា​សែន​ក្រៀមក្រំ ពោរពេញ​ទៅ​ដោយ​មហាទុក្ខ​ប៉ុន​ភ្នំ​ព្រះ​សុមេរុ​"​។​

​ជាមួយគ្នា​នោះ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ ក៏បាន​លើកឡើង​ថា "​យើងខ្ញុំ​ចងចាំ​ជា​ដរាប​នូវ​គុណូប​ការគុណដ៏​ធំធេង នៃ​សម្តេច​អគ្គមហាសេនាបតី​តេជោ និង​លោកជំទាវ​ធំ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​អញ្ជើញ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង យាង​ព្រះករុណា ព្រះវររាជបិតា​ជាតិ​ខ្មែរ មាតុភូមិ​និវត្តន៍​មក​កាន់​មាតុប្រទេស នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ហើយ​បាន​ថ្វាយ​ព្រះអង្គ​នូវ​ព្រះ​ឋានៈ​ជា​ប្រមុខរដ្ឋ នៃ​កម្ពុជា​។ ទង់ជាតិ ភ្លេង​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បដិសន្ធិ​ឡើង​វិញ នៅលើ​ទឹកដី​អង្គរ​ដ៏​បវរ​រុងរឿង​។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្វាយ​យុត្តិធម៌​ដល់​ព្រះករុណា ព្រះវររាជបិតា​ជាតិ​ខ្មែរ ក្នុង​ការបំរើ​ប្រជាជាតិ មាតុភូមិ ប្រជារាស្ត្រ​កម្ពុជា និង​ជូន​សង្គមរាស្ត្រនិយម​"​។​

​ជាមួយគ្នា​នោះ សម្តេច​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ ក៏បាន​គូសបញ្ជាក់​ជម្រាប​ជូន​ស​ម្តេច ហ៊ុន សែន ថា "​សម្តេច​អគ្គមហាសេនាបតី​តេជោ និង​លោកជំទាវ​ធំ កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សំដែង​នូវ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ បាន​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ឧទ្ទិស​ថ្វាយ​ព្រះ​វិញ្ញាណក្ខ័ន្ធ​ ព្រះករុណា ព្រះវររាជបិតា​ជាតិ​ខ្មែរ នៅក្នុង​ឱកាស​ថ្ងៃ​ខួប​ចំរើន​ព្រះ​ជន្មាយុ គំរប់ ៩០ ព្រះវស្សា នៅ​ថ្ងៃ​ទី​៣០-៣១ ខែតុលា ឆ្នាំ​២០១២ ដែលមាន​សម្តេច​ព្រះ​មហា​សង្ឃរាជ​ទាំង​ពីរ​គណៈ និង​ព្រះសង្ឃ ចំនួន​សរុប ៩២ អង្គ​"។

ព្រះរាជសារ​របស់​ព្រះករុណា​ទាំង​ពីរ​ព្រះអង្គ ក៏បានគូសបញ្ជាក់ថា "ព្រះករុណា ព្រះវររាជបិតា​ជាតិ​​ខ្មែរ រមែង​សំដែង​នូវ​ការកោតសរសើរ​ដ៏​កក់ក្តៅ​បំផុត ចំពោះ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ អ្នកដឹកនាំ​ជាតិ​ដ៏​ឈ្លាសវៃ ប៉ិនប្រសព្វ ក្នុង​ការបំរើ​ប្រជាជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា​។ សមិទ្ធិផល​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សក្ខីកម្ម​ជា​ប្រវត្តិសាស្ត្រ នៃ​ការ​បំពេញបេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​​អគ្គមហាសេនាបតី​តេជោ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា​"៕​

Comments system

Disqus Shortname