Friday, November 9, 2012

ក្រុម​ប្រឹក្សា​​​ស្រុក​រលា​ប្អៀរ​ ម្នាក់​រង​​បទ​ចោទ​ប្រកាន់​​ ឆបោក​ប្រាក់​២៥​ម៉ឺ​ន​​ដុល្លារ​

ខេត្ត​កំពង់ឆ្នាំង ៖ ​អតីតមេ​ឃុំ​​ស្វាយ​ជ្រុំ ​និង​បច្ចុ​ប្បន្ន​​ជា​ក្រុម​ប្រឹក្សា​ស្រុក​រលា​ប្អៀរ​ម្នាក់​ត្រូវ​បាន​ សាលា​ដំបូង​​ខេត្ត​ ​សម្រេច​ធ្វើ​ការ​ឃុំ​ខ្លួន​ដាក់ពន្ធ​នា​គារ​​ខេត្ត​ជា​បណ្តោះ​អាសន្ន កាល​ពី​វេលា​ម៉ោង​៤​និង​​៣០​នាទី​​រសៀល​ថ្ងៃទី​​៨ វិច្ឆិកា បន្ទាប់​​ពី​ព្រះ​​រាជ​អាជ្ញា​ និងចៅក្រម​​បាន​ធ្វើ​ការ​សាក​សួរ​អស់​រយៈ​ពេល​​ពេញ​មួយ​ថ្ងៃ​ក្នុង​សំណុំ​ រឿង​​យក​ប្រាក់​របស់​ដើម​បណ្តឹង​ចំនួន​២៥​ម៉ឺន​ដុល្លារ ​ដើម្បី​ទិញ​ដី​ជាង​១​ពាន់​ហិកតា ​ឱ្យ​ដើម​បណ្តឹង​ ប៉ុន្តែ​​មិន​​បាន ​​មាន​តែ​លិខិត​ស្នាម​ខ្យល់​ ។
​ក្រុម​ប្រឹក្សា​​ស្រុក​ដែល​រង​ការ​ចោទ​​ប្រកាន់​រូប​ នោះ​ត្រូវ​បាន​គេ​​ស្គាល់​ឈ្មោះ​ជា ឈឿង អាយុ​​៦​២​ឆ្នាំ ​មាន​ទី​​លំនៅ​ភូមិ​​​ឧទម​្ពរ ឃុំ​ស្វាយ​ជ្រុំ ​ស្រុក​រលា​ប្អៀរ ។ លោក​ជា ឈឿង ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​​នគរបាល​​ខេត្ត ធ្វើ​ការ​​កោះ​ហៅ​សាក​សួរ​នៅ​ល្ងាច​​ថ្ងៃទី​​៧ វិច្ឆិកា ហើយ​​បាន​​បញ្ជូន​ទៅ​តុលា​ការ និង​បាន​ធ្វើ​ការ​​សាក​សួរ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ គឺថ្ងៃទី​​៨ វិច្ឆិកា ​ទើប​​សម្រេច​ឃុំ​​ខ្លួន​តែ​​ម្តង ។ ​យោង​តាម​​ប្រភព​មន្ត្រី​​ប៉ូលិស​​ដែល​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​និយាយ​ថា លោក​ជា ឈឿង ​ត្រូវបាន​ដើម​បណ្តឹង​​ឈ្មោះ​សុខ ​ប៊ុន ​មាន​ទី​លំនៅ​ក្រុង​ភ្នំពេញ ​ប្តឹង​ពី​បទ​ឆបោក​​ប្រាក់​ចំនួន​​២៥​ម៉ឺន​ដុល្លារ ។ ប្រភព​​ដដែល​​បន្ត​ថា លោក​ជា ឈឿង បាន​ទទួល​ប្រាក់​ដើម​បណ្តឹង​ចំនួន​២៥​ម៉ឺន​ដុល្លារ ​កាល​ពីថ្ងៃទី​​៩ មេសា ២០១២ ​ដើម្បី​ទិញ​​ និង​រៀបដី​ចំនួន​​១.៣០០​ហិកតា ប៉ុន្តែ​​រហូត​មក​ដល់​​ពេល​នេះ​មិន​បាន​​ដីអ្វី​​ទាំងអស់ ។
លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​បាន​និយាយ​​នៅ​ព្រឹក​ថ្ងៃទី​​៩ វិច្ឆិកា នេះ​ថា លោក​ជា ឈឿង ​បាន​ទទួល​ស្គាល់​ថា ​លោក​ពិត​ជា​បាន​ទទួល​ប្រាក់​​ចំនួន​​​២៥​ម៉ឺន​​ដុល្លារ​នោះ​ពិត​​មែន ដោយ​លោក​បាន​​ទិញ​ដី​​ចំនួន​​៣៥០​ហិកតា និង​​បាន​ធ្វើ​លិខិត​​ស្នាម​ផ្ទេរ​​ឱ្យ​ឈ្មោះ​​សុខ ប៊ុន​​ ម្ចាស់​​​ដើម​បណ្តឹង​​ហើយ​ដែរ ​។ លោក​ព្រះ​រាជ​អាជ្ញា​​បាន​បញ្ជាក់ថា ​ប៉ុន្តែ​​លិខិត​ដីធ្លី​នោះ​ គឺ​គ្មាន​​ដី​ពិត​​ប្រាកដ​​ទេ ​វា​ជា​ដី​របស់​​ប្រជា​ពល​រដ្ឋ​​ទាំង​​អស់​មាន​ន័យ​ថា ​លិខិត​​ស្នាម​ខ្យល់​តែ​ប៉ុណ្ណោះ​ ។ ដោយ​ហេតុ​នេះ​ ហើយ​​លោក​បាន​​សម្រេចចោទ​ប្រកាន់​​ក្នុង​បទ ​«​ឆបោក​» និងបាន​​បញ្ជូន​​សំណុំ​រឿង​នេះ​​ទៅ​ចៅ​ក្រម​​សាក​សួរ​បន្ត ។

Comments system

Disqus Shortname