Tuesday, November 6, 2012

ចាប់ទាហានទ័ពអាកាស ៥ នាក់ ដែលជាជើងកាងប្រចាំភូមិ ពីបទគម្រាមក្រុមយុវជនស័្មគ្រចិត្ដ

ចាប់​ទា​ហា​ទ័ពអាកាស​៥ នាក់ ដែលជា​ជើងកាង​ប្រចាំ​ភូមិ​ក្រាំង​លាវ ពីបទ គម្រាម​ក្រុមយុវជន​ស្ម័គ្រចិត្ដ​
កំពង់ឆ្នាំង: ទាហាន​ទ័ពអាកាស និង​ត្រូវជា​កូន​មន្ដ្រី​ទ័ពអាកាស​ចំនួន ៥ នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​បន្ដបន្ទាប់ កាលពី​យប់​ថ្ងៃទី​៥ និង​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ជេរប្រមាថ និង​គម្រាម ទៅលើ​យុវជន​ស្ម័គ្រចិត្ដ​សម្តេច​តេ​ជោ​ហ៊ុន សែន ក្រុមទី​៩០ ដែល​កំពុង​បំពេញបេសកកម្ម​វាស់វែង​ដី ធ្លី​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​។
​    ​
​ ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៧​និង​១០​នាទី​ល្ងាច ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក​អួ​ង វិ​រៈ ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ក្រុមទី​៩០ រួម​ដំណើរ​ជាមួយនិង យុវជន​២​នាក់​ទៀត ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​៣​នាក់​ចេញពី​កន្លែង​ស្នាក់នៅ (​វត្ដ​ក្រាំង​លាវ ) ឆ្ពោះ​មកកាន់​ផ្លូវជាតិ​លេខ​៥ លុះ​មកដល់​ចំណុច​ស្ពាន​មួយ​ក្បែរ​ព្រលានយន្ដហោះ ខេត្ដ​កំពង់ឆ្នាំង ក៏​ជួប​និង​ក្រុម​ជនបង្ក​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​១​គ្រឿង​បាន​ជិះ​មក​ឆាប​ម៉ូតូ ក្រុមនិស្សិត​ស្ម័គ្រចិត្ដ ឃើញ​ដូចនេះ​ខាង​ក្រុមនិស្សិត​បាន​ឈប់​ម៉ូតូ ហើយ​ងាក​ទៅ​មើល​ក្រុម​ដែល​ជិះ​ម៉ូតូ​ឆាប​នោះ ស្រាប់តែ​ក្រុម​ជនបង្ក​នាំគ្នា​ឈប់​ម៉ូតូ​ដើរ​សំដៅ​មក​ក្រុមនិស្សិត ដោយមាន​កាន់ កាំបិតប៉័ងតោ​ផង​បាន​ស្រែកជេ​ប្រមាថ​និង​គម្រាម ដល់​ក្រុមនិស្សិត​ទាំង​៣​នាក់​នោះ​។ ឃើញ​ដូចនេះ លោក​អួ​ង វិ​រៈ ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ដ ក្រុមទី​៩០ ដែល​ស្ថិតក្នុង​ហេតុការណ៍​នេះដែរ បាន​ទូរស័ព្ទ​សុំ​ការអន្ដរាគមន៍​ពី​សមត្ថកិច្ច​។ នៅពេល​សមត្ថកិច្ច​មក​ដល់​ក្រុម​ជនបង្ក​បាននាំគ្នា​ជិះ​ម៉ូតូ​ចូលទៅ ក្នុង​ទី​បញ្ជា​រការ​ទ័ពអាកាស ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​ព្រលាន​យន្ដ​ខេត្ដ​កំពង់ឆ្នាំង គេចខ្លួន​តែម្ដង​។​
​    ​
​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា នៅក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ​លោក ចេង ញ៉ា​ន់ ដែលជា​អភិបាលរង​ខេត្ដ​កំពង់ឆ្នាំង បាន​ដឹកនាំ​កម្លាំង ប៉ូលិស និង​ប៉េអឹម ចុះទៅ​កាន់​កន្លែង​កើត ហេតុ ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនបង្ក​។ ដោយមាន​កិច្ចសហការ​ពី​មេ​បញ្ជារ​ការ​ទ័ពអាកាស ជនបង្ក ៤ នាក់​ត្រូវ​បានប្រគល់​ឲ្យ​សមត្ថកិច្ច​ទាំងយប់ និង​ម្នាក់ទៀត​ត្រូវបាន​ឪពុក​របស់ខ្លួន​នាំយកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នៅ​ ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា​។​
​    ​
​លោក​វរសេនីយ៍ត្រី លឹម ហាក់ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជន​ទាំង​៥​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ ១-​ឈ្មោះ ថា​ន សុវណ្ណ​ដេ​ត ហៅ តុលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​កំពង់​ត្រំ ឃុំ​កោះ​និ​មិ​ត្ដ ស្រុក​កំពង់សៀម ខេត្ដ​កំពង់ចាម ជននេះ​មាន​ក្របខ័ណ្ឌ​ជា​យោធា​ទ័ពអាកាស និង​ត្រូវជា​កូន​របស់ លោក​វរសេនីយ៍ ទោ អ៊ី សារិន មន្ដ្រី​ទ័ពអាកាស​កំពង់ឆ្នាំង​។ ២-​ឈ្មោះ មុជ ចាន់ណា​វុ​ធ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​។ ៣-​ឈ្មោះ អ៊ុន ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ​។ ៤-​ឈ្មោះ ហេង តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង និង ៥-​ឈ្មោះ​ធិ​ន ថា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​លាជ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​។ ជន​ទាំង​៤​នាក់​នេះ​មាន​ក្របខ​ណ័​ណ្ឌ​ជា​ទាហាន​ទ័ពអាកាស នៅ​ព្រលានយន្ដហោះ​ខេត្ដ​កំពង់ឆ្នាំង​។​
​    ​
​លោក លឹម ហាក់ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ករណីនេះ​កើតឡើង​ដោយសារតែ ការ​ស្រវឹង​មិនមែនជា​រឿង​គំនុំ​ទេ ហើយ​ជន​ទាំ​៥​នាក់​នេះ គឺជា​ជើងកាង​ប្រចាំ​ភូមិ​ក្រាំង​លាវ តែម្ដង​។ បច្ចុប្បន្ន​ពួកគេ​កំពុង​សាកសួរ​យក​ចម្លើយ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ដ ​ខេត្ដ​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ដទៅ​តាម​នី​តិ​វិធី​៕

Comments system

Disqus Shortname