ក្រុមអ្នករត់ម៉ូតូឌុប សុំឯកអគ្គរដ្ឋទូតអាមេរិក ស្រាយបំភ្លឺរឿងស្ត្រីអ្នកភូមិបឹងកក់អ្នកស្រីយ៉ោម បុប្ផា កំពុងជាប់ពន្ធនាគារព្រៃស |
លិខិតរបស់ក្រុម អ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី បានលើកឡើងថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ១៩ និង ១០ នាទីយប់ កន្លងមកនេះ មុខផ្ទះសំណាក់ បុប្ផា ស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មកលើមាជិកអ្នករត់ម៉ូតូឌុបរបស់សមាគម ដែលមានឈ្មោះ វ៉ាត ថៃសេង ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ ង៉ែត ចិត្ត ហៅចន ភេទប្រុស អាយុ២៨ឆ្នាំ នៅពេលកំពុងរង់ចាំដឹកភ្ញៀវ ស្រាប់តែឈ្មោះ យ៉ោម បុប្ផា និងប្តី រួមទាំងប្អូនប្រុសពីរនាក់ទៀត គឺឈ្មោះ យ៉ោម កន្លង់ និងឈ្មោះ យ៉ោម សិដ្ឋ បានមកចោទប្រកាន់ជនរងគ្រោះទាំងពីរនាក់ខាងលើថា បានលួចកាច់កញ្ចក់ឡានរបស់ខ្លួន ហើយពួកជនល្មើស បានមកចាប់ជនរងគ្រោះទាំងពីរនាក់ ដោយទុលឡឺវីសចាក់ និងយកពូថៅកាប់លើក្បាលជនរងគ្រោះទាំងពីរ មានរបួសយ៉ាងធ្ងន់ធ្ងរ។
សេចក្តីប្រកាសបានបន្តថា ក្រោយមកឈ្មោះ វ៉ាត សារ៉ាត ជាឪពុក និងជាឪពុកមា របស់ជនរងគ្រោះទាំងពីរនាក់ បានមកប្តឹងសមត្ថកិច្ចហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកានាំខ្លួនជនល្មើស និងបញ្ជូនទៅគុកព្រៃស។
សូមបញ្ជាក់ថា ការតវ៉ារបស់ក្រុមអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី នៅព្រឹកថ្ងៃទី៦វិច្ឆិកា ឆ្នាំ២០១២ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមស្ត្រីអ្នកភូមិបឹងកក់ និងអ្នករស់នៅបុរីកីឡា បានលើកគ្នាទៅប្រមូលផ្តុំ និងដាក់ញ្ញតិ្ត នៅស្ថានទូតអាមេរិក ជិតវត្តភ្នំ ដើម្បីសុំអន្តរាគមន៍ពីលោកប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា ដែលនឹងមកកាន់កិច្ចប្រជុំនៅរាជធានីភ្នំពេញ នាពាក់កណ្តាលខែវិច្ឆិកាខាងមុខ។ ក្រុមអ្នកភូមិ បានសុំឲ្យប្រធានាធិបតីអាមេរិក ជួយអន្តរាគមន៍ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយក្នុងជម្លោះដីធ្លីនៅបឹងកក់ និងនៅបុរីកីឡា ព្រមទាំងដោះលែងអ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា គឺអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុនី ពីពន្ធនាគារព្រៃស៕