Tuesday, November 6, 2012

មន្ត្រី​រដ្ឋាភិបាល អះអាងថា ក្រោយ​ការបោះឆ្នោត នយោបាយ​អាមេរិក នឹង​មិន​ប្រែប្រួល​ទេ ចំពោះ​កម្ពុជា​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា ទោះបីជា​សហរដ្ឋអាមេរិក មាន​ប្រធានាធិបតី​ថ្មី តាមរយៈ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​៦​វិច្ឆិកា ឆ្នាំ​២០១២ ក៏​នយោបាយ​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក មកលើ​ប្រទេស​កម្ពុជា នឹង​មិន​ប្រែប្រួល​ទេ​។ នោះ​គឺ​កម្ពុជា និង​អាមេរិក បាន​បង្កើន​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ក្នុង​រយៈពេល ៦០ ឆ្នាំ​មកហើយ​។​

​ លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ថា "​យើង​ឃើញ​ជា​ការពិសោធន៍​ពីរ​អាណត្តិ​មកហើយ នៃ​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក និ​មួយៗ គឺ​ការងារ​នយោបាយ​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក មិនសូវ​មាន​ការ​ផ្លាស់​ប្តូរ​ទេ ទោះជា​ជាប់​បេក្ខជន​ណាមួយ ចេញពី​គណបក្ស​សាធារណរដ្ឋ ឬ​ក៏​គណបក្ស​ប្រជាធិបតេយ្យ​។ នោះ​គឺ​នយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក គឺ​ការពារ​គោលនយោបាយរ​បស់​សហរដ្ឋអាមេរិក​។ ផលប្រយោជន៍​សហរដ្ឋ​អាមេរិក គឺជា​ផលប្រយោជន៍​រួម ដែល​គេ​ត្រូវការពារ​"​។​

លោក ផៃ ស៊ីផា​ន ដែល​មាន​សញ្ជាតិ​អាមេរិកាំង ដើមកំណើត​ខ្មែរ ក៏​បាន​កត់សម្គាល់ ក្នុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការ​តតាំង​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក​ប្រធានាធិបតី ប៉ា​រ៉ាក់ អូ​បា​ម៉ា និង​លោក មី​ត រ៉​មនី គឺ​យើង​ឃើញ គេ​ឈរ​ច្បាស់​ណាស់​លើ​សេដ្ឋកិច្ច​។ បញ្ហា​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដែល​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច​របស់​ស​ហ​រដ្ឋ​អាមេរិក និង​ធានា​នូវ​ការងារ​របស់​សហរដ្ឋ​អាមេរិក​។​

​លោក ផៃ ស៊ីផា​ន ដែល​បាន​អះអាងថា លោក​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការពិភាក្សា​រវាង​បេក្ខជន​ ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់ថា "​ចំពោះ​ការពិភាក្សាគ្នា​នឹង បាន​ឲ្យ​យើង​ដឹង​ថា អ្វី​ដែល​ជា​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នឹង គឺ​ឆ្ពោះទៅរក​ផលប្រយោជន៍ និង​កិច្ចសហការ​ជាមួយនឹង​ប្រទេស​ចិន ប្រជាមានិត ដែល​ប្រទេស​ចិន ប្រជាមានិត ជា​ចលករ​មួយ​រួមចំណែក​យ៉ាង​សំខាន់​នៃ​ដំណើរការ​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​ អាមេរិក​។ ដូច្នេះហើយ​បានជា​លោក​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា និង​បេក្ខជន​ប្រធានាធិបតី រ៉​មនី បាន​នាំគ្នា​លើក​យកមក​និយាយថា តើ​គេ​ធ្វើ​ការងារ​ជាមួយនឹង​ប្រទេស​ចិន​របៀប​ណា នៅក្នុង​ការងារ​សេដ្ឋកិច្ច​?"​។

​ចំពោះ​បញ្ហា​នេះ លោក ផៃ ស៊ីផា​ន បាន​ទាញ​ចូល​ដល់​ប្រទេស​កម្ពុជា ដោយ​លោក លើកឡើងថា "​អ្នកនយោបាយ​កម្ពុជា​យើង ជំនាន់​មុន ភាគច្រើន ដែល​គិត​ច្រើន​ទៅលើ​នយោបាយ​សន្តិសុខ​ច្រើន និង​ភូមិសាស្ត្រ​នយោបាយ​ច្រើន​។ តែ​ពេល​នេះ សហរដ្ឋអាមេរិក បាន​មើល​មក​អាស៊ាន ជា​ទិសដៅ​នៃ​សេដ្ឋកិច្ច​សុទ្ធសាធ ដែលមាន​តុល្យភាព​រវាង​សហរដ្ឋអាមេរិក ជាមួយនឹង​ប្រទេស​ចិន​។ ដូច្នេះ​ល្គឹកណា ដែល​គេ​យក​ការទុកចិត្ត​យ៉ាង​ខ្លាំង​លើ​ការងារ​សេដ្ឋកិច្ច​ជាមួយនឹង​ប្រទេស​ ចិន បានន័យថា គេ​គិត​ផលប្រយោជន៍​សេដ្ឋកិច្ច ជាមួយនឹង​អាស៊ាន ដែល​នឹង​បង្កើត​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ ផងដែរ​។ ដូច្នេះ​ពេល​នេះ គេ​គិត​ការងារ​សេដ្ឋកិច្ច​ធំ ជាង​ការងារ​សង្គមកិច្ចរ​វា​ង​សហរដ្ឋអាមេរិក ជាមួយនឹង​ប្រទេស​ចិន​"​។​

​ លោក ផៃ ស៊ីផា​ន ក៏​បាន​បន្ថែមថា "​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នៅតែ​ដដែល​។ ជា​ដៃគូ​។ ដៃគូ​ក្នុង​ការអភិវឌ្ឍន៍​។ ដៃគូ​ក្នុង​ការរក្សា​សន្តិភាព​នៅក្នុង​តំបន់​អាស៊ាន​របស់​យើង ហើយក៏​ជា​ដៃគូ​មួយ ដែល​ជា​ដៃគូ​ប្រវត្តិសាស្ត្រ​សាជាថ្មី​ម្តងទៀត បន្ទាប់​ពី​ការបែកបាក់ និង​កា​រជត់​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ក៏​ប៉ុន្តែ​នៅពេល​នេះ សហរដ្ឋអាមេរិក នៅតែ​តម្កល់​ផលប្រយោជន៍​សហរដ្ឋអាមេរិក ជាមួយនឹង​កម្ពុជា ទាំង​ផ្នែក​លុបលាង​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ឆ្គាំឆ្គង នៅ​ក្នុង​ទស្សវត្ស ៧០ ក៏ដូចជា​របត់​នយោបាយ​រវាង​សហរដ្ឋអាមេរិក ជាមួយនឹង​កម្ពុជា ដែល​តាមរយៈ​សម្តី​របស់​លោកជំទាវ ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​លោក​មានប្រសាសន៍ថា សហរដ្ឋ​អាមេរិក រឹតតែ​ពង្រឹង​នូវ​ចំណង​មេត្រីភាព​ខ្លាំង​ជាង​មុន ហើយ​និង​ជួយ​សហការ​ជាមួយ​នឹង​កម្ពុជា​គ្រប់​វិស័យ​ទាំងអស់​។ ដូច្នេះ​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាមេរិក មើល​មក​កម្ពុជា​ពេល​នេះ គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច ក៏ដូចជា​ផល​ប្រយោជន៍​នយោបាយរ​បស់​សហរដ្ឋអាមេរិក មកលើ​កម្ពុជា ដែល​ធ្វើឲ្យ​យើង​មាន​តុល្យភាព​រវាងស​ហរ​ដ្ឋ​អាមេរិក និង​ផលប្រយោជន៍​របស់​ប្រទេស​ចិន​នេះឯង​។ ដូច្នេះ​ទោះជា​មាន​ការផ្លាស់ប្តូរ​ប្រធានា​ធិបតី​​អាមេរិក ជា​បុគ្គល ឬក៏​ជា​គណបក្ស​យ៉ាងណាក៏ដោយ ក៏​ទិសដៅ​ជា​នយោបាយ​របស់​សហរដ្ឋអាមេរិក មកលើ​កម្ពុជា មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ​"​។​

​ចំណែក​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ដោយ​អះអាង​ថា លោក​មិន​សូវ​បាន​​តាមដាន​ការបោះឆ្នោត​សហរដ្ឋអាមេរិក ឲ្យបាន​ដិត​ដល់​ប៉ុន្មាន​ទេនោះ ក៏​បាន​មើល​ឃើញ​ថា "​នយោបាយ​ក្រៅប្រទេស របស់​សហរដ្ឋអាមេរិក ក៏​បេក្ខជន​ទាំងពីរ​មាន​នយោបាយ​ប្រហាក់ប្រហែល​គ្នា​យ៉ាង​មោះមុត​ដើម្បី​នឹង​ មិនឲ្យ​មេដឹកនាំ​ផ្តាច់ការ​ពិភព​លោក ឬក៏​កម្លាំង​ប្រជាធិបតេយ្យ កម្លាំង​សេរី​ពហុបក្ស​នឹង ត្រូវ​គេ​ធ្វើ​ទុក្ខ​ម្នេញ​ទេ​។ ដូច្នេះ​​ខ្ញុំ​​សង្ឃឹមថា បេក្ខជន​ណាមួយ​ក៏ដោយ ដែល​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ជួយ​ដល់​តំបន់​អាស៊ី ពិសេស​អាស៊ាន ១០ ប្រទេស ដែល​ប្រាកដ​ជា​លោក​ប្រធានាធិបតី​អាមេរិក នឹង​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា ក្នុង​ជំនួប​កំពូល​អាស៊ាន ហើយ​និង​បណ្តា​ប្រទេស​ធំៗ​លើ​សកលលោក​អីចឹង​"​។​

​លោក គង់ គាំ បាន​បន្ថែម​ដោយ​ក្តីសង្ឃឹម​ថា "​បេក្ខជន​ណាមួយ​ក៏ដោយ ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី នឹង​យកចិត្តទុកដាក់​លើ​កម្ពុ​ជា ដែល​កំពុងតែ​មាន​ការ​ដែល​ស្ថិត​នៅលើ​ផ្លូវ ដែល​ស្មុគស្មាញ​នៅឡើយ​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា សហរដ្ឋអាមេរិក នឹង​ជួយ​ដល់​កម្ពុជា នូវ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ជួយ​កម្ពុជា ក្នុង​ទំ​នក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទស​អាស៊ាន ដើម្បីឲ្យ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ធ្វើឡើង​ឲ្យបាន​ល្អ​"​។​

​ ចំពោះ​គោលនយោបាយ​របស់​ប្រធានាធិបតីស​ហរ​ដ្ឋ​អាមេរិក​ថ្មី តាមរយៈ​ប្រជាជន​សហរដ្ឋអាមេរិក នឹង​បោះឆ្នោត​សម្រេច​នៅ​ថ្ងៃទី​៦​វិច្ឆិកា ឆ្នាំ​២០១២ ត្រូវបាន​លោក គង់ គាំ គូសបញ្ជាក់ថា "​យើង​ចង់ឲ្យ​សហរដ្ឋអាមេរិក ដែល​ជា​មហាអំណាច ហើយ​ដែល​យកចិត្តទុកដាក់​តំបន់ ដែល​មាន​ប្រទេស​ទាំង​បី​ជា​ឥណ្ឌូចិន ដែល​មាន​កម្ពុជា​មួយ​ផង ធ្លាប់តែ​លះបង់​ដើម្បី​សេរីភាព លះបង់​ដើម្បី​ប្រជាធិបតេយ្យ និង​ដើម្បី​ការអភិវឌ្ឍន៍​ផ្សេងៗ​នោះ ខ្ញុំ​សូមឲ្យ​សហរដ្ឋអាមេរិក ពិសេស​ប្រជា​ធានា​ធិបតី​ថ្មី​នោះ ទន្ទឹមគ្នា​នឹង​អង្គការសហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប ទន្ទឹមគ្នា​នឹង កុំ​មើលរំលង​បញ្ហា​ន​កម្ពុជា គឺ​បញ្ហា​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​បោះឆ្នោត ដែល​ជា​បញ្ហា​សំខាន់ ដែល​កម្ពុជា​បាន​ទទួល ទាំង​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ជា​ពិសេស​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​កម្ពុជា ចង់ឲ្យ​មាន​ការបោះឆ្នោត នៅ​កម្ពុជា នា​ឆ្នាំ​២០១៣ ប្រកបដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ ដែល​ត្រូវមាន​វត្តមាន​របស់​លោក សម រង្ស៊ី ដែលជា​ប្រធាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ត្រូវ​មាន​ការរៀបំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​រៀបចំ គ​.​ជ​.​ប​. ដែល​កំលាំង​ទាំងពីរ របស់​គណបក្សប្រឆាំង ដែល​មាន​នៅក្នុង​រដ្ឋសភា មាន​ការជឿជាក់​បាន និង​ការទទួលយក​បាន​"​។​

​លោក គង់ គាំ បាន​ជូនពរ ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង ឲ្យ​ជ្រើសរើស​ប្រធានាធិបតី ស្របតាម​បំណង​របស់​ខ្លួន​។​

​គិត​មកដល់ពេលនេះ សហរដ្ឋអាមេរិក និង​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​គ្នា​អស់​រយៈពេល ៦០ ឆ្នាំ​មកហើយ​។​

​ សូម​រម្លឹកថា លោក​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ( Barack Obama ) បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក មី​ត រ៉​មនី ( Mitt Romney ) ជា​បេក្ខជន​មកពី​គណបក្ស​សាធារណៈរដ្ឋ បាន​ឈរឈ្មោះ ប្រកួតប្រជែង ដើម្បី​បោះឆ្នោត​យក​តំណែង​ប្រធានាធិបតី​អាមេរិក ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​៦​វិច្ឆិកា ឆ្នាំ​២០១២ ម៉ោង​ពេល​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៧​វិច្ឆិកា ឆ្នាំ​២០១២ ម៉ោង​ពេលនៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ពលរដ្ឋ​សហរដ្ឋអាមេរិក​ នៅ​កម្ពុជា ស្ថានទូត​សហរដ្ឋអាមេរិក បាន​រៀបចំ​ស្ថានីយបោះឆ្នោត​ចំនួន​បី​កន្លែង គឺ​នៅក្នុង​បរិវេន​ស្ថានទូត នៅ​រាជធានី​ភ្នំពេញ នៅ​ក្រុង​ព្រះ​ស៊ី​ហ​នុ និង​នៅក្នុង​ខេត្តសៀមរាប​។​

​ ពលរដ្ឋ​អាមេរិកកាំង ដែល​រស់​នៅ​កម្ពុជា ត្រូវបាន​អញ្ជើញ​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត ដោយ​ប្រើ​ទម្រង់​មិនផ្ទាល់​។ ប្រជាពលរដ្ឋ​អាមេរិក សរុប​ចំនួន ៣២០ នាក់ បាន​ផ្ញើ​ទម្រង់​បោះឆ្នោត មិនផ្ទាល់ តាមរយៈ​អ៊ីមែល ទៅ​កាន់​សហរដ្ឋអាមេរិក តាម​រយៈ​​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា រួចរាល់​ហើយ ចាប់តាំងពី​សប្តាហ៍​មុន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ស្ថានទូត​។​

​ ជាមួយគ្នា​នោះ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នឹង​រៀបចំ​ពិធី​មើល​ការផ្សាយ​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ ព្រឹក នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ឲ្យដឹងថា ក្នុង​ពេល​​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់ នូវ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លើ​ផ្ទាំង​បញ្ចាំង​ធំ ក្នុង​បរិវេណ​ស្ថានទូត នា​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​នេះ លោក វីលាម ថ​ដ្ត ( William E. Todd ) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ដល់​ភ្ញៀវ ដែល​ចូលរួម​៕​

Comments system

Disqus Shortname