ភ្នំពេញៈ ថ្ងៃឯករាជ្យនៃប្រទេសកម្ពុជា ៩ វិច្ឆិកា ត្រូវបានពលរដ្ឋខ្មែរគ្រប់ជំនាន់ចងចាំមិនភ្លេច និងត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាតែងតែ ប្រារព្ធធ្វើពិធីបុណ្យនេះឡើង ជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់ការទាមទារឯករាជ្យពីអាណាព្យាបាលបារាំង ដែលបានដាក់អាណានិគមមកលើប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣។
ខួបទី ៥៩នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១២ ថ្ងៃនេះ ធ្វើឡើងក្នុងអត្ថន័យនៃការចងចាំនូវព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងការដណ្តើមឯករាជ្យភាពពេញលេញពីបារាំង និងជាការគោរពនូវព្រះវិញ្ញាណក្ខន្ធព្រះអង្គផងដែរ ដែលទើបតែយាង សោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រមទាំងជាការរម្លឹកដល់ ឥស្សរជនស្នេហាជាតិដទៃទៀតដែលបានពលីក្នុងបុព្វហេតុជាតិមួយនេះ។
ព្រះ តេជគុណ រតនៈ មានវត្តមានចូលរួមក្នុងពិធីបុណ្យឯករាជ្យថ្ងៃនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ព្រះអង្គតែងតែនឹកឃើញ និងចងចាំ ចំពោះឯករាជ្យជាតិរបស់កម្ពុជា ទោះបីជាព្រះអង្គកើតមិនទាន់សម័យអាណានិគមនោះក៏ដោយ។
ព្រះអង្គ បញ្ជាក់ថា «បូជនីយដ្ឋានវិមានឯករាជ្យ ជាភស្តុតាងមួយស្រាប់ ដែលជាស្នាព្រះហត្ថរបស់ព្រះបាទនរោត្តម សីហនុដែលព្រះអង្គព្យាយាមយ៉ាងខ្លាំងក្លា ក្នុងទាមទារឯករាជ្យ ដូច្នោះឃើញវិមានឯករាជ្យ ដូចជានឹកឃើញដល់ព្រះអង្គផងដែរ»។
កញ្ញា សន ម៉ារី និស្សិតផ្នែកច្បាប់សាកលវិទ្យាល័យបៀលប្រាយ ក៏បានសម្តែងមតិផងដែរថា ឯករាជ្យឆ្នាំ១៩៥៣ ជាឯករាជ្យយ៉ាងធំធេងរបស់ប្រទេសកម្ពុជា ដែលជួយឲ្យកម្ពុជាមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ។ កញ្ញាក៏បានសម្តែងនូវការសោកស្តាយចំពោះការសោយទីវង្គតរបស់សម្តេច ព្រះនរោត្តម សីហនុផងដែរ។
សូមបញ្ជាក់ថា បុណ្យឯករាជ្យឆ្នាំនេះ ដែលបានប្រារព្ធឡើងនៅបូជនីយដ្ឋានវិមានឯករាជ្យ ដោយមានការចូលរួមពីព្រះសង្ឃ សិស្ស និស្សិត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងក្រោមវត្តមានលោក ហេង សំរិន ព្រះប្រធានរដ្ឋសភាជាតិ ជាអ្នកអុជភ្លើងជ័យ ជំនួយឲ្យ ព្រះមហក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី ដែលពុំមានព្រះវត្តមានឡើយ។