រាជធានីភ្នំពេញ ៖
អ្នកបើកបរធុំក្លិនស្រាដូចគ្នាមកដល់ចំណុចផ្លូវកែងរថយន្ត BMW
ពណ៌ខ្មៅ បុកគ្នាជាមួយរថយន្តកូរ៉ូឡា ពណ៌ស្ករ ធ្វើឱ្យរថយន្ត
BMW វិលទៅបុកជាប់បង្គោលភ្លើង
បណ្តាលឱ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុង
ឯម្ចាស់រថយន្តកូរ៉ូឡារងរបួសដៃបន្តិច ។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ
ឈានចូលថ្ងៃទី៩ វិច្ឆិកា នៅចំណុចមហាវិថីព្រះនរោត្តម កែង២១៤
ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សាក្សីឱ្យដឹងថា រថយន្ត BMW ពណ៌ខ្មៅ
ជិះគ្នា៣នាក់ ជាយុវជន បើកតាមផ្លូវលេខ២១៤ ពីកើតទៅលិច
ចំណែករថយន្តកូរ៉ូឡា ពណ៌ស្ករ ជិះម្នាក់ឯង
តាមមហាវិថីព្រះនរោត្តម ពីត្បូងទៅជើង
ខណៈមកដល់ចំណុចផ្លូវកែងអ្នកបើកបររថយន្តទាំង២គ្រឿង
សុទ្ធតែធុំក្លិនស្រា និងបើកលឿនដូចគ្នា
បណ្តាលឱ្យបុកគ្នាលាន់ដូចរន្ទះធ្វើឱ្យរថយន្ត BMW
វិលទៅបុកជាប់បង្គោលភ្លើងធ្វើពីដែកខូចខាតផ្នែកខាងមុខ
និងចំហៀងខាងឆ្វេង ចំណែករថយន្តកូរ៉ូឡារបើកដំបូល
និងខូចខាតចំហៀងខាងស្តាំ ឯម្ចាស់របួសដៃស្តាំបន្តិច ។
អ្នកបើករថយន្តកូរ៉ូឡាឈ្មោះណែម នីន ភេទប្រុស អាយុ៣១ឆ្នាំ
ជាវិស្វករ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលេខ២០២
សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ក្រោយពេលកើតហេតុរថយន្តទាំង២គ្រឿងរងការខូច
ខាតយ៉ាងដំណំត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាល
ចរាចរផ្លូវគោករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕