បន្ទាប់ពីបាន ឆ្លើយបញ្ជាក់អំពីទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងក្នុងអណត្តិ ទីពីរបន្ទាប់ពីជាប់ឆ្នោតមក សេតវិមានបានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍នេះថា លោកអូបាម៉ា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដែលនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអគ្នេយ៍ ពីថ្ងៃ ១៧ ដល់២០ ខែវិចិ្ឆកា ដែលលោកត្រូវមកទស្សនកិច្ចនៅប្រទេសថៃ និងប្រទេសកម្ពុជាផងដែរ។
លោក Jay Carney អ្នកនាំពាក្យសេតវិមានបាននិយាយថា ដំណើរទស្សនកិច្ចមកប្រទេសមីយ៉ាន់ម៉ា ជាលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតថ្មី លោកអូបាម៉ានិងជួបពិភាក្សាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន និងមេដឹកនាំបក្សប្រឆាំងគឺលោកស្រី អ៊ុង ស៊ាងស៊ូជី ដើម្បីជម្រុញបន្តនូវកំណែទម្រង់ប្រជាធិបតេយ្យក្នុងប្រទេសនេះ។
វត្តមាន របស់លោកអូបាម៉ាក្នុងប្រទេសមីយ៉ាន់ម៉ា នឹងគូសបញ្ជាក់ពីអ្វីដែលរដ្ឋបាលអាណត្តិទី១របស់លោក មើលឃើញជាសម្ធិផលនយោបាយការបរទេស និងការអភិវឌ្ឍន៍ដែលអាចជួយឲ្យស្មើនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់យុទ្ធសាស្ត្រសំខាន់មួយនេះ។
យុទ្ធនាការអាមេរិក សម្រាប់មីយ៉ាន់ម៉ា បាននិយាយថា ដំណើររបស់លោកអូបាម៉ានឹងធ្វើឲ្យប្រសើរឡើងនូវសកម្មជនប្រជាធិប តេយ្យ និងជនជាតិភាគតិច ដែលមន្ត្រីរដ្ឋបាលជាន់ខ្ពស់នៃសហរដ្ឋអាមេរិកក៏មានប្រសាសន៍ដែរថា លោកអូបាម៉ា ក៏នឹងជួបជាមួយនឹងក្រុមសង្គមស៊ីវិល ដើម្បីបញ្ជាក់ពីការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស ហឹង្សាលើក្រុមជនជាតិភាគតិច និងអ្នកទោសនយោបាយក្នុងប្រទេសនេះផងដែរ។
យោងតាមមន្ត្រីជាន់ ខ្ពស់នៃរដ្ឋាភិបាលទីក្រុង យ៉នហ្គោនបានឲ្យបញ្ជាក់ថាលោកអូបាម៉ា នឹងមកដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ១៩ ខែវិច្ឆិកា។
លោក អូបាម៉ាក៏នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ ២០ ខែវិច្ឆិកា ព្រមទាំងមានប្រមុខរដ្ឋាភិបាលនៃប្រទេសចិន ជប៉ុន រូស្ស៊ីចូលរួមផងដែរ។