ភ្នំពេញ៖
សកម្មភាពប្លន់ ប្រដាប់អាវុធមួយ បានកើតមានឡើង ធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ខណៈដែល ក្រុមចោរប្លន់ មានគ្នាពីរនាក់ បានតាមពីក្រោយ ជនរងគ្រោះតាំង ពីផ្សារត្រពាំងពោធិ៍ ទីកន្លែងដែល ជនរងគ្រោះ លក់មាស នៅទីនោះ ហើយពេលជនរង គ្រោះបានធ្វើដំណើរ មកដល់មុខផ្ទះ ក្រុមចោរ បានធ្វើការបាញ់ ប្រហារ បណ្តាលឲ្យ ជនរងគ្រោះទាំងពីរ នាក់របួសធ្ងន់ ។
ប៉ុន្តែសំណាងអាក្រក់ របស់ក្រុមចោរ បានត្រូវប្រជាពលរដ្ឋ នៅក្បែរនោះ បានស្រែកតៗគ្នា ហើយស្ទាក់ចាប់បាន ក្រុមចោរទាំងពីរ រួចស្វាគមន៍មួយដៃ មួយជើងរហូតធ្វើឲ្យពួកគេ ស្លាប់នៅកន្លែង កើតហេតុតែម្តង។ សកម្មភាព ប្លន់ប្រដាប់អាវុធ ដែលប្រជាពលរដ្ឋ បានកាត់ក្តី ជំនួសតុលាការ ខាងលើនេះបាន កើតឡើងកាល ពីវេលាម៉ោង ៧ យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ មុខផ្ទះជនរងគ្រោះលេខ២៨៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សេចក្តីរាយការណ៍ ពីកន្លែកកើតហេតុបាន ឲ្យដឹងថា ខណៈជនរងគ្រោះ ទាំងពីរនាក់ ដែលត្រូវជាបងប្អូន ជីដូន មួយ ត្រឡប់មកពីលក់មាស នៅផ្សារត្រពាំងពោធិ៍ ស្រាប់តែដល់ មុខផ្ទះរបស់ខ្លួន ក៏ត្រូវជនសង្ស័យពីរនាក់ ប្រដាប់ដោយ អាវុធពីរដើម និងគ្រាប់បែក ចំនួន៤គ្រាប់ បានធ្វើសកម្មភាព ប្លន់ដោយបានបាញ់ ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយមានការ បាញ់ប្រហារ យ៉ាងដូច្នេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅក្បែរខាង ស្រែកឆោឡោ រួចនាំគ្នា តាមចាប់ និងវាយក្រុម ចោរទាំងនោះ បណ្តាលឲ្យស្លាប់នៅ កន្លែងកើតហេតុ តែម្តង ។
ដោយឡែក ជនរងគ្រោះទីមួយ មានឈ្មោះ ម៉ៅ ខួច អាយុ១៦ឆ្នាំ និងឈ្មោះ ផេន សុថី អាយុ៣៤ឆ្នាំ ត្រូវបានដឹក បញ្ជូនទៅកាន់ មន្ទីរពេទ្យឯកជន នៅក្បែរនោះ។ យ៉ាងណាក៏ដោយ សង្ស័យជា ក្រុមចោរប្លន់ មិនទាន់ត្រូវបាន សមត្ថកិច្ចបញ្ជាក់ ពីអត្តសញ្ញាននោះទេ ពីព្រោះក្រុមចោរបាន ស្លាប់បាត់ទៅហើយ ។
កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ភ្លាមៗ បានធ្វើការបាញ់ តដៃគ្នា ជាមួយក្រុមចោរ និងមានការជួយពីប្រជាពលរដ្ឋផងនោះ ទើបបណ្តាលឲ្យ ក្រុមចោរស្លាប់តែម្តងទៅ។
នៅកន្លែងកើតហេតុ គេបានសង្កេតឃើញ វត្តមានរបស់លោកឧត្តមសេនីយទួច ណារ៉ុថ ស្នងការនគរបាល រាជធានីភ្នំពេញ និងលោក ប៊ន សំអាត អធិការនគរបាលខណ្ឌ ពោធិសែនជ័យ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ផ្សេងទៀត ដើម្បីអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុ៕