ភ្នំពេញៈ ឌឹបឹងហ្គាឡូស ស្ថិតនៅច្រាំងទន្លេមេគង្គបានផ្ដល់នូវទេសភាពដ៏ស្រស់ត្រកាលពេល ព្រះទិនករចូលនិទ្រា។ វាគឺជាចំណីចក្ខុដ៏ប្រពៃដែលអាចជួយរំសាយក្ដីនឿយណាយនៃជីវិត ដ៏មមាញឹកនៅរាជធានីភ្នំពេញដែលពោរពេញទៅដោយផ្សែង និងយានយន្តកកកុញ។
ប៉ុន្តែ ទីកន្លែងដ៏មនោរម្យនេះពិបាករកឃើញបន្តិច ព្រោះវាបណ្ដែតខ្លួននៅក្បែរច្រាំងទន្លេ ភ្ញៀវទាំងឡាយចាំបាច់ត្រូវជិះសាឡាង ឬទូករយៈពេល២០នាទី។ យ៉ាងណាមិញ ការធ្វើដំណើរនេះមិនខាតពេលទេ ព្រោះមានទិដ្ឋភាពប្លែកកំដរអ្នកជាប់ជានិច្ច។ ទៅដល់បឹងហ្គាឡូស កៅអីឈើ ជញ្ជាំងរនាមឫស្សី និងចង្កៀងគោមរយីងរយោងពិតជាធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍ លន្លង់លន្លោចដូចទិដ្ឋភាពនៅក្នុងរឿងប្រលោមលោកមែន។
នៅបឹង ហ្គាឡូស ភ្ញៀវអាចអង្គុយ ឬគេងទម្រេតក្រេបភេសជ្ជៈក្រោមម្លប់ឆត្រ ដែលបែរមុខទៅទិសបស្ចិម ជាទិសដៅព្រះសូរ្យសែងរសាត់បាត់ក្នុងជើងមេឃ។
នៅទីនេះ មានកន្លែងអង្គុយសម្រាប់ភ្ញៀវយ៉ាងតិច៣០នាក់ប៉ុណ្ណោះ ប៉ុន្តែទីដ៏តូចស្ងាត់កម្បាំងនេះបានក្លាយជាឋានសួគ៌លាក់ខ្លួន របស់ជនបរទេស និងភ្ញៀវខ្មែរដែលនិយមការកម្សាន្តស្ងប់ស្ងាត់ បែបធម្មជាតិពិតៗ។
អ្នកចាត់ការទូទៅ ចច ណ័រប៊ើតម៉ាន់ បាននិយាយថា លោកនឹងមិនពង្រីកបឹងហ្គាឡូសនេះទេ។
លោក បន្តថា៖ «យើងមិនចង់ធ្វើឲ្យវាក្លាយជាកន្លែងធំ ឡូយឆាយឡើយ។ យើងចង់រក្សាទំហំរបស់វាឲ្យតូចច្រឡឹងនឹងស្ងប់ស្ងាត់សម្រាប់ភ្ញៀវ ដែលស្វែងរកសេវាកម្សាន្តប្រភេទនេះ»។
បញ្ជីរាយនាមអាហារនៅក្នុង ហាងក៏មានលក្ខណៈសាមញ្ញដែរ ដោយក្នុងនោះរួមមាន ស្រាស ស្រាក្រហម ស្រាបៀរក្លាសេ ស្រាក្រឡុក និងម្ហូបកូនកាត់ប៉ុន្មានមុខប៉ុណ្ណោះ សម្រាប់ឲ្យភ្ញៀវញ៉ាំសម្រន់ទំរាំតែដល់ពេលជិះទូកត្រឡប់ទៅច្រាំង វិញ។ នៅក្នុងពេលទទួលទាន ភ្ញៀវអាចនឹងមានអារម្មណ៍ថា ខ្ចូសភ្លោះនោះហាក់រេរាំតាមរលកទឹកទន្លេតិចៗ ប៉ុន្តែចលនានេះមិនធ្វើឲ្យពួកគេមានអារម្មណ៍ឈឺក្បាលធេងធោងឡើយ។
នៅពេល ដែលព្រះអាទិត្យលិចបាត់ ពន្លឺភ្លើងអគ្គិសនីនៅត្រើយម្ខាងទន្លេដែលមានអគារខ្ពស់ៗនោះក៏ ចាប់ផ្ដើមបំភ្លឺចែងចាំងប្រណាំងនឹងពន្លឺអំពូលភ្លើងគោមដែលបាចសាច ចេញពីខ្ចូសនៅឯណេះផងដែរ។
ចំពោះភ្ញៀវដែលស្រឡាញ់សត្វចិញ្ចឹម នៅបឹងហ្គាឡូស ក៏មានឆ្កែប៉ុន្មានក្បាលដើរឆ្វែលឆ្វាត់ផងដែរ រង់ចាំឲ្យភ្ញៀវចាប់វាឱប អង្អែលរោមលេង។
នៅវេលាម៉ោង៧យប់ ទូកក៏បាននាំភ្ញៀវមកច្រាំងទន្លេក្បែរភោជនីយដ្ឋានទីតានិក ដើម្បីឲ្យពួកគេដើរទស្សនាតាមដងទន្លេ និងផ្សាររាត្រីផងដែរ។
ដើម ឡើយបឹងហ្គាឡូស គឺជាសំណង់ដែលគ្រោងធ្វើជាផ្ទះសំណាក់បណ្ដែតទឹកទេ ប៉ុន្តែអ្នកចាត់ការ ចច ណ័រប៊ើតម៉ាន់ បានណែនាំទៅម្ចាស់គម្រោងឲ្យប្រែក្លាយវាជាបារ៍នៅរដូវវស្សា និងរក្សាបន្ទប់តូចមួយសម្រាប់ជួលស្នាក់ពេលយប់នៅរដូវប្រាំង។ ជាងនេះទៅទៀត បឹងហ្គាឡូសក៏អាចជួលធ្វើជាកន្លែងរៀបចំកម្មវិធីផ្សេងៗផងដែរ មិនថាជាជប់លៀង ឬខួបកំណើតនោះទេ ខណៈដែលកន្លែងនេះបើកលក់ជាផ្លូវការណ៍តែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃសៅរ៍ និងអាទិត្យចុងសប្ដាហ៍៕