ភ្នំពេញ៖ យោងតាម ប្រភពព័ត៌មានមិនទាន់ផ្លូវការ តែអាចពិត បានឲ្យដឹងនៅ រសៀលថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១២នេះថា អ្នកស្រី យស់ សុគន្ធារី (ហៅ យាយក្រពើ) បច្ចុប្បន្ន កំពុងរស់នៅប្រទេសបារាំង និងអ្នកពាក់ព័ន្ធ ប្រឈមមុខនឹងការចាប់ខ្លួន ទាក់ទិនរឿងដីបឹងពោងពាយ ជាង ៣៤ហិកតា ដែលអ្នកស្រីអះអាងថា ទិញពីប្រជាពលរដ្ឋ តាំងពីចុងទសវត្ស៩០ បន្ទាប់មករាជរដ្ឋាភិបាល បានប្រកាសដក ហូតសម្រាប់ប្រយោជន៍សាធារណៈ នៅក្នុងឆ្នាំ២០០៥ ឬក៏ ឆ្នាំ២០០៧ ។
យោងតាមប្រព័ត៌មាន ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ ហើយមិនទាន់ហ៊ានអះអាងថា ពិត ឬមិនពិត បានឲ្យដឹងថា អ្នកស្រី យស់ សុគន្ធារី និងបក្ខពួក ៧នាក់ទៀត នៅស្រុកខ្មែរ ប្រឈមមុខនឹងការចាប់ខ្លួន ដោយសារតែពួកគេប្រឆាំង ទៅនឹងអនុក្រិត្យលេខ១០១ របស់រាជរដ្ឋាភិបាល ដែលរក្សាផ្ទៃដី នៅបឹងពោងពាយ សម្រាប់ការពារទឹកជំនន់ បញ្ជៀសការលិចទីក្រុងភ្នំពេញ។
សូមបញ្ជាក់ថា ចៅសង្កាត់ ភ្នំពេញថ្មី ជុំ សារាយ ដែលមុននេះបានចេញលិខិតបញ្ជាក់ ទទួលស្គាល់ដី ៣៤ហិកតា នៅបឹងពោងពាយ ថាជា អ្នកស្រី យស់ សុគន្ធារី ប៉ុន្តែក្រោយពីដឹងថា រាជរដ្ឋាភិបាលមិនដកថតក្នុងបញ្ហានេះ ទើបលោកចៅសង្កាត់ភ្នំពេញថ្មី បានចេញលិខិតកាលពីថ្ងៃសុក្រ ទី៧ ខែកញ្ញា បដិសេធលិខិតរបស់លោក ដែលចេញប៉ុន្មានថ្ងៃមុន៕