Friday, September 7, 2012

រយៈពេល៦ថ្ងៃ នៃការពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត ដំណើរការបានល្អ

Photo by DAP-NEWS
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ រហូតមកដល់ ថ្ងៃទី៦ ខែកញ្ញា នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន គ្មានការរារាំងរំខាន ហើយក៏គ្មានពាក្យបណ្តឹងណាមួយ កើតមានឡើងដែរ។
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ថា បន្ទាប់ពីការបើកទំព័រ នៃការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល៦ថ្ងៃមកនេះ គឺប្រព្រឹត្តទៅយ៉ាងល្អ ដោយគ្មានភាព រញ៉េរញ៉ៃអ្វីមួយកើតមានឡើងទេ។
លោកថា ក្នុងមួយថ្ងៃៗ មានពលរដ្ឋបានមកត្រួតពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត មានជាង១ម៉ឺននាក់នៅទូទាំងប្រទេស។
លោកបញ្ជាក់ថា «តាមឃុំ-សង្កាត់ ទាំងអស់បានដំណើរការធម្មតា ហើយយើងបានកំណត់ពេលជាង៤០ថ្ងៃ នៃចំនួនដែលត្រូវចុះឈ្មោះ ហើយពលរដ្ឋទៅពិនិត្យឈ្មោះ លុបឈ្មោះ និងកែតម្រូវឈ្មោះ ជាទូទៅ អាចប្រព្រឹត្តល្អទាំងសណ្តាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងទិន្នផលនៃការងារទាំងអស់គឺល្អ»។
ចំពោះរាជធានីភ្នំពេញវិញ ដំណើរការរឹតតែល្អ ដោយសារតែមានកិច្ចសហប្រតិបត្តិការ រវាងអភិបាលរាជធានី និងអភិបាលខណ្ឌទាំង៩ ដែលពួកគាត់ជួយជម្រុញឲ្យគ្រប់ឃុំ-សង្កាត់ទាំងអស់ប្រើបា្រស់ប្រព័ន្ធអ៊ីនធើណេត ដើម្បីបង្កការងាយស្រួលក្នុងការពិនិត្យបញ្ជីឈ្មោះ តាមប្រព័ន្ធកុំព្យូទ័រ។
អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប. លោក ទេព នីថា បន្តទៀតថា ស្របពេលជាមួយគ្នានេះដែរ ប្រធាន គ.ជ.ប. លោក អ៊ឹម សួរស្តី ក៏បានចុះត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមបណ្តាខេត្តមួយចំនួន នៅទូទាំងប្រទេសកម្ពុជាផងដែរ ដោយកាលពីថ្ងៃទី៥ ខែកញ្ញា លោកបានទៅខេត្តស្វាយរៀង ហើយនៅថ្ងៃនេះ លោកទៅខេត្តព្រៃវែង ហើយនឹងបន្ត ទៅតាមខេត្តមួយចំនួនទៀត ធ្វើយ៉ាងណាឲ្យដំណើរការនេះបានល្អប្រសើរ។
សូមបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត បានចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ៕

Comments system

Disqus Shortname