កោះកុងៈ កម្មករចិនម្នាក់ដែលធ្វើការ នៅវ៉ារីអគ្គិសនីភូមិ កោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅចំណុច (វារីអគ្គិសនីឬស្សីជ្រុំ) ត្រូវបានកម្លាំងនគរបាល ខេត្តកោះកុងចាប់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូន ទៅតុលាកាដោយចោទប្រកាន់ពី បទសម្លាប់មនុស្សដោយចេតនា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ នេះ។
ប្រភពសមត្ថកិច្ចព្រហ្មទណ្ឌឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ករណីខាងលើបង្កឡើងដោយជន ល្មើសឈ្មោះចាវ ឈុនឃីង ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិចិន មុខរបរជាកម្មករ។រីឯជនរងគ្រោះ ឈ្មោះកាវ ឆាវអ៊ូរ ភេទប្រុសអាយុ៤៨ឆ្នាំ ជាជនជាតិចិនដូចគ្នា មុខរបរជាកម្មករវារីអគ្គិសនី នៅឬស្សីជ្រុំដូចគ្នា។
ប្រភពដដែលបានបន្តថា ជនល្មើសឈ្មោះចាវ ឈុនឃឺង បានទៅសុំទឹកលាងដៃមួយផ្តិល តែត្រូវជនរងគ្រោះ ឈ្មោះកាវ ឆាវអ៊ួរ មិនព្រមឲ្យ ទើបមានការឈ្លោះប្រកែកគ្នា ធ្វើឲ្យជនរងគ្រោះទាញយក ក្តាបោកខោអាវ ទៅវាយ លើជនល្មើស ពេលនោះជនល្មើសទាញតំបងបោកខោអាវប្រវែង៣តឹក វាយទៅលើជនរងគ្រោះចំកញ្ចឹងក បណ្តាលឲ្យរងរបួសធ្ងន់ ហើយស្លាប់ពេល បញ្ជូនទៅព្យាបាលនៅមន្ទីរ កាល់ម៉ែត ដោយរង របួសធ្ងន់ពេកកាល ពីថ្ងៃទី៣ ខែកក្កដា ។ចំណែកជនល្មើសត្រូវកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកស្នងការដើម្បីបញ្ជូនខ្លួននិង វត្ថុតាង ទៅតុលាការវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕