ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថ
និងប៉ូលិសខេត្តកំពង់ស្ពឺបានរកឃើញទីតាំងផលិតថ្នាំញៀនដ៏ធំមួយនៅ
ថ្ងៃអង្គារនេះ ប៉ុន្តែមិនបានចាប់ជនសង្ស័យណាម្នាក់នោះទេ។
ទីតាំងផលិតគ្រឿងញៀននោះស្ថិតនៅក្នុងកសិដ្ឋាន
ចិញ្ចឹមជ្រូកមួយនៃភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច
ដែលស្ថិតនៅចម្ងាយ៧៨ គីឡូម៉ែត្រខាងលិចរាជធានីភ្នំពេញ។
នៅក្នុងការចុះបង្រ្កាបនៅព្រឹកថ្ងៃអង្គារនេះ
ក្រុមសមត្ថកិច្ចមិនបានរកឃើញធាតុផ្សំនៃគ្រឿងញៀនដែលនៅសេសសល់ច្រើន
នោះទេ ក៏ប៉ុន្តែបានរកឃើញឧបករណ៍ផលិតគ្រឿងញៀនជាច្រើន។
លោកវីរសេនីយ៍ឯក ចាន់ ដា
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ដែលបានដឹកនាំប្រតិបត្តិការនេះជាមួយក្រុមប៉ូលិសមានប្រសាសន៍ថា
ឆ្មាំចាំកសិដ្ឋានម្នាក់បានរាយការណ៍ជូនអាជ្ញាធរបន្ទាប់ពីឆ្មាំ
កសិដ្ឋានរូបនោះធំក្លិនចម្លែកខ្លាំងក្នុងកសិដ្ឋាននេះ។
«ក្នុងនោះមានទឹកគាត់បានចាក់ចូលនៅក្នុងប្រឡាយ
ហើយម្សៅក៏បានចាក់ចូលនៅក្នុងប្រឡាយដែរ ហើយយកដីកប់។
ខ្ញុំឃើញមានតែសម្ភារៈរបៀបផលិតហ្នឹងនៅមាន មានធុង
មានអីផ្សេងៗច្រើនដូចជាធុងជ័រចំណុះមួយរយលីត្រចំនួន៧១ធុង
និងចំណុះ៥០លីត្រចំនួន១១ធុង
និងថង់ដែលហៅថាការ៉ុងជាតិផ្សៅហ្នឹងមានចំនួន១២០ការ៉ុង
និងមួយចំនួនទៀតគាត់ធ្វើការចាក់ចោលទឹក
ហើយនឹងកប់សារធាតុនេះនៅក្នុងប្រឡាយទាំងអស់»។
លោក ចាន់ ដា មានប្រសាសន៍ថា ក្រុមសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនជនជាប់សង្ស័យនៅឡើយ។
មានក្លិនឆួលយ៉ាងខ្លាំងនៅក្នុងបន្ទប់ផលិតគ្រឿងញៀនដែល
ស្ថិតក្នុងរោងផ្ទាល់ដីសង់បណ្តោយថ្ងៃ។
ក្នុងរោងនេះមានការសង់ជាបន្ទប់ខណ្ឌមានសណ្ឋានដូចជាទ្រុង
ចិញ្ចឹមជ្រូក។មានចំហាយធ្វើឲ្យក្រហាយភ្នែកយ៉ាងខ្លាំងនៅទីនេះ។
ក្នុងកសិដ្ឋានដដែលព័ទ្ធជុំវិញដោយរបងថ្ម
និងបិទទ្វារជិតដែលអ្នកភូមិមិនអាចមើលឃើញ ពីក្រៅបានទេ។
មានរោងប្រក់សង្កសីដូចៗគ្នានេះជាច្រើនទៀត
ហើយរោងមួយចំនួនត្រូវប្រើជាឃ្លាំងសម្រាប់ផ្ទុកសារធាតុផ្សុំរបស់
គ្រឿងញៀន។
ក្រុមបច្ចេកទេសត្រួតពិនិត្យគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ
បានធ្វើការពិសោធន៍បឋមនៅទីកន្លែងដែលរកឃើញនេះ។
ប៉ុន្តែមិនទាន់មានការសន្និដ្ឋានជាផ្លូវការនៅឡើយ។
លោក ម៉ែន សុផល
ប្រធានបច្ចេកទេសនៃការិយាល័យប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃមាន
ប្រសាសន៍ថា
គ្រឿងញៀនផលិតនៅទីនេះអាចជាប្រភេទគ្រឿងញៀនម្យ៉ាងដែលមានឈ្មោះថា
ម៉េតំហ្វេតាមីនទឹកកក។
«ដូចជាកែវបាឡុង ទុកយូរណាស់ ពីតុងអាស៊ីត
ហើយសាធាតុមួយចំនួន ឈើធុង ពីតុងអាស៊ីតហ្នឹង
វាសម្រាប់បម្រើឲ្យផលប្រយោជន៍ដល់គ្រឿងញៀន។ គ្រឿងញៀននេះ
បើវាផលិតចេញមកគឺម៉េតំហ្វេតាមីនទឹកក។
អាហ្នឹងវាមានផលប៉ះពាល់ច្រើនណាស់ ប៉ះពាល់ដល់សរសៃប្រសាទ
អារម្មណ៍មិននឹងនរពេលដែលយើងប្រើគ្រឿងញៀនហ្នឹងទៅគឺប៉ះពាល់ដល់
សុខភាពយើងយ៉ាងខ្លាំងបំផុត»។
កម្ពុជាបានក្លាយជាប្រទេសមានទីតាំងផលិតគ្រឿងញៀនផង និងសម្រាប់ការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ផង។
កាលពីប៉ុន្មានខែមុនក្រុមសមត្ថកិច្ចកម្ពុជាបានរកឃើញ
ទីតាំងផលិតគ្រឿងញៀនក្នុងក្រុងភ្នំពេញ។
ដោយឡែកអង្គភាពប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃខ្មែរបានចាប់បាន
សារធាតុសម្រាប់ផលិតគ្រឿងញៀនចំនួនប្រមាណប្រាំមួយតោននៅក្នុងស្រុក
ភ្នំស្រួចនេះដែរ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។
ម្សៅគ្រឿងញៀនទាំងនោះត្រូវបានរកឃើញចម្ងាយប្រមាណតែពីរគីឡូម៉ែត
ប៉ុណ្ណោះ ពីទីតាំងរកឃើញថ្មីនេះ។
ដោយឡែកថ្មីនេះការសែត The Age
របស់ប្រទេសអូស្រ្តាលីបានភ្ជាប់ការរត់ពន្ធគ្រឿងញៀនពីកម្ពុជាទៅ
អូស្រ្តាលីជាមួយនឹងលោកឧញ៉ា ហ៊ុន តូ
ក្មួយប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន។ ក៏ប៉ុន្តែលោក ហ៊ុន
តូ បានច្រានចោលការផ្សព្វផ្សាយនោះ៕