Monday, July 2, 2012

លោក ហ៊ុន សែន ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ពុក​រលួយ​ក្នុង​បទ​ល្មើស​នេសាទ

បន្ទាប់​ពី​រដ្ឋាភិបាល​លុប​ឡូត៍​នេសាទ​នៅ​ទូទាំង​ប្រទេស​កន្លង​មក រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​ថា ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​បង្ក្រាប​បទល្មើស​នេសាទ និង​បង្កើត​សហគមន៍​នេសាទ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ទប់​ស្កាត់​បទល្មើស​នេសាទ។
ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​ថា ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​មាន​ប្រសិទ្ធភាព​នោះ លុះ​ត្រា​ណា​រដ្ឋាភិបាល លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ស្ថាប័ន​ជលផល។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​បង្កើត និង​ពង្រឹង​សហគមន៍​នេសាទ​នៅ​ទូទាំង​ប្រទេស ហើយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់ ត្រូវ​ហ៊ាន​តស៊ូ​មតិ ដើម្បី​ការពារ​ធនធាន​ជលផល សម្រាប់​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ទូទៅ។
លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​ប្រធាន​សហគមន៍​នេសាទ  ឬ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់ កុំ​ឲ្យ​ធ្វើ​ការ​បម្រើ​ក្រុម​ឈ្មួញ កាត់​បឹង​លក់​ឲ្យ​ឈ្មួញ​ធ្វើ​ជា​សម្បត្តិ​ឯកជន គឺ​ត្រូវ​បម្រើ​សហគមន៍ ពិសេស​ត្រូវ​ទប់​ស្កាត់​បទល្មើស​នេសាទ។
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ដូច្នេះ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​មច្ឆា​ជាតិ នៅ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ ២០១២ ដែល​លោក​បាន​លែង​កូន​ត្រី​ជាង ៥០ ម៉ឺន​ក្បាល និង​បង្កង​ជាង ១០ ម៉ឺន​ក្បាល ទៅ​អាង​ស្តុក​ទឹក​បឹង​ធំ មាន​ទំហំ​ជាង ១០០ ហិកតារ ស្ថិត​នៅ​ភូមិ​ទី​៦ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូច​ឆ្មារ ខែត្រ​កំពង់ចាម ក្រោម​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ឈ្មោះ កូយការ (KOICA)។
លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដាំ​ព្រៃ​លិច​ទឹក​ឡើង​វិញ និង​បាន​ព្រមាន​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​នៅ​រដូវ​វស្សា។
ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ លុះ​ត្រា​ណា មន្ត្រី​ជលផល និង​អាជ្ញាធរ​ភូមិ​ឃុំ​ទាំង​អស់ ឈប់​ប្រព្រឹត្តិ​អំពើ​ពុករលួយ បើក​ដៃ​ឲ្យ​ឈ្មួញ​ទុច្ចរិត ព្រោះ​ថា កន្លង​មក លោក​បាន​បង្កើត​សហគមន៍​នេសាទ​ជា​ច្រើន ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស។ ប៉ុន្តែ មិន​មាន​ផល​វិជ្ជមាន​ទេ ដោយសារ​ថា មន្ត្រី​ជលផល​ប្រព្រឹត្តិ​អំពើ​ពុករលួយ។
ទាក់ទង​ទៅ​និង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចំពោះ​មន្រ្តី​ពាក់ព័ន្ធ​ទាំង​អស់ កុំ​ឲ្យ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ហើយ​ថា ស្ថាប័ន​អំពើ​ពុក​រលួយ ត្រូវ​ចាត់​ការ​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នោះ។
បន្ថែម​ពី​លើ​នេះ​ទៀត ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា បទ​បញ្ជា ឬ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នោះ មាន​ប្រសិទ្ធភាព​តែ​រយៈ​ខ្លី​ទេ ហើយ​បញ្ហា​ដែល​បន្ត​កើត​មាន​នោះ ដូច​ជា​បទល្មើស​នេសាទ កត្តា​សំខាន់​មក​ពី​បញ្ហា​ពុក​រលួយ។
របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សរសេរ​ថា ឡូត៍នេសាទចំនួន៨០ ត្រូវ​បាន​លុប​ចោល នៅ​ទូទាំង​ប្រទេស ក្នុង​ឆ្នាំ ២០១២ និង​ប្រគល់​ជូន​សហគមន៍​នេសាទ​បង្កើត​ថ្មី ចំនួន ៤៧ ពង្រីក​ដែន​នេសាទ​ជូន​សហគមន៍​ចំនួន ៣៣។  ដែន​នេសាទ​ទុក​សម្រាប់​អភិរក្ស មាន​ជាង ៩ ម៉ឺន ៧ ពាន់​ហិកតារ និង​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ មាន​ជាង ៣ សែន ១ ម៉ឺន​ហិកតា៕

Comments system

Disqus Shortname