បុរសម្នាក់ណាត់តាមទូរស័ព្ទជួបកូនក្រមុំគេ តែម្ដាយលើកជំនួស វាយបែកក្បាល និងចាប់ខ្លួនទៀត |
នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានឲ្យដឹងថ្ងៃទី៩ វិច្ឆិកាថា បុរសជាប់សង្ស័យនោះឈ្មោះ ថន សុជាតិ អាយុ២៧ឆ្នាំ មានប្រពន្ធនិងកូន ស្នាក់នៅបណ្ដោះអាសន្នភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាល និងគ្រួសារនាងក្រមុំ បានឲ្យដឹងថា នាងក្រមុំបានលង់ស្នេហ៍នឹងបុរសនោះហើយបានញ៉ែគ្នាញឹកញាប់ មានដល់បានឱបថើបគ្នាផង។ យប់ម៉ោង១១ថ្ងៃទី៦ វិច្ឆិកា ២០១២ បុរសនោះទូរស័ព្ទចូលលេខទូរស័ព្ទនាង ដើម្បីចែចង់និងសុំឲ្យនាងចុះមកជួបដើម្បីខ្លួនបានឱបថើបទៀត។ តែពេលនោះម្ដាយនាងបានលើកទូរស័ព្ទជំនួសនិងធ្វើសំឡេងដូចកូនក្រមុំ រួចណាត់ជួបបុរសនោះមកមុខផ្ទះ។ ពេលមកដល់ស្ត្រីនោះ កាន់ព្រនង់ដំបងឈើមួយវាយក្បាលបុរសនោះបែកឈាម ហើយបុរសនោះបានរត់ប្រាសអាយុបាត់ទៅ។
ថ្ងៃបន្ទាប់ ស្ត្រីជាម្ដាយបានទៅប្ដឹងនគរបាលក្រុងប៉ោយប៉ែត និងប៉ូលិសរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានឃាត់ខ្លួនបុរសនោះនៅថ្ងៃទី៨ វិច្ឆិកា ហើយទើបសម្រេចចិត្តកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ វិច្ឆិកា ដោយចោទពីបទប្រទូស្តកេរ។
នេះដូចបទចម្រៀងសម័យទសវត្សទី ៦០ ដែលហៅទូរស័ព្ទខ្សែទៅទាក់ទងកូនស្រីគេ ត្រូវម្ដាយលើកជំនួស តែចម្រៀងនោះត្រឹមបែកការណ៍និងត្រូវម្ដាយនាងជេរថា ប្រុសចិត្តខ្មៅប៉ុណ្ណោះ៕ S