លោកបន្តថា កម្ពុជាបានត្រៀមការពារ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅជាយក្រុងភ្នំពេញផងដែរ ក្នុងនោះរួមមានទាំងកម្លាំង នគរបាល កងទ័ព កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្សជាដើម។ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធបន្ថែមថា “យើងបានចាត់តាំងការពារ សន្តិសុខតាំងពីមុនថ្ងៃនៃកិច្ចប្រជុំមកម៉្លេះ ដោយបានត្រៀមកម្លាំង យ៉ាងរៀបរយ ពិនិត្យសភាពការណ៍។ ចំពោះកម្លាំងការពារជំហរយើង នឹងធ្វើការពង្រាយនៅ ពេលកិច្ចប្រជុំកំពូលអាស៊ានជិតឈានចូលមកដល់”។
នៅមុនពេលកិច្ចប្រជុំកំពូល អាស៊ានចូលមកដល់នេះ គេសង្កេតឃើញនៅតាមដងវិថីធំៗ ក្នុងរាជធានីភ្នំពេញមានរៀបចំ តែងលំអរភ្លើងផ្កាភ្ញីវល្លិ៍នានា ដើម្បីជួយលើកសោភ័ណភាព រាជធានីភ្នំពេញ មួយកម្រិតថែមទៀត សម្រាប់កិច្ចប្រជុំនេះ ហើយសាលារាជធានី ក៏បានដាំផ្កានៅ សួនមុខវិមានសន្តិភាព និងសួនច្បារវត្តភ្នំ កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១២ ដោយមានការចូលរួម ពីក្រុមយុវជនរាជធានីភ្នំពេញជាង ១០០នាក់ផងដែរ៕