Sunday, November 11, 2012

សំណល់ ដែកអគារ ខ្មែរកាត់ដេរ ឯករាជ្រ និងវិមានឯករាជ្រ កាត់ដេរ នៅបន្តធ្លាក់ចូល ផ្ទះអ្នកជិតខាង

www.dap-news.com-លិខិតរបស់ អភិបាល រាជធានីភ្នំពេញ គ្មានតម្លៃ សម្រាប់អាជ្ញាធរ ពាក់ព័ន្ធចុះទៅ ដោះស្រាយ
ភ្នំពេញ៖ សំណល់ដែក ដែលមាន ទម្ងន់ធ្ងន់ បានធ្លាក់លាន់ ឮដូចរន្ទះ មកលើផ្ទះរបស់ ប្រជាពលរដ្ឋ មួយគ្រួសារ ដែលរស់នៅ ខាងក្រោយ និងក្រោម សំណង់អគារ ខ្មែរកាត់ដេរឯករាជ្រ និងវិមាន ឯករាជ្រ កាត់ដែរ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ប៉ុន្តែសំណាងល្អ ដែលមិនត្រូវ នរណា ម្នាក់ប៉ុន្តែ បានធ្វើឲ្យ ដំបូលរបស់ គ្រួសារជនរងគ្រោះ រងនូវការខូចខាត និងធ្លុះធ្លាយ យ៉ាងខ្លាំង។
ទន្ទឹមគ្នានេះ លិខិតរបស់ អភិបាលរាជធានី ភ្នំពេញ លោក កែប ជុតិមា ដែលបានបញ្ជាឲ្យ មានការផ្អាក នូវកាសាងសង់ ជាបណ្តោះអាសន្ន នោះ ក៏គ្មានតម្លៃសម្រាប់ អាជ្ញាធរពាក់ព័ន្ធ ផងដែរ ពីព្រោះរហូតមក ដល់ពេលនេះ ទៅហើយ អគារនៅតែបន្ត សាងសង់ដដែល ហើយសំណល់ដែក និងកំទេច កំទីថ្ម នៅបន្ត ធ្លាក់មកដដែល។
ជាក់ស្តែង ជនរងគ្រោះ នៃផ្ទះខាងលើ បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នំា២០១២ នេះ សំណល់ដែកប្រវែងវែង និងមានទម្ងន់ធ្ងន់ បានធ្លាក់ពីលើអគារ ដែលមានទីតាំង ផ្ទះលេខ៦៣ និង៦៤ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មកលើផ្ទះរបស់គាត់ ចំដំបូល បណ្តាលឲ្យធ្លុះធ្លាយ និងខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យ ចំសមាជិកគ្រួសារ ណាមួយនោះ។
ដោយសារតែ ទ្រាំមិនបាន នូវការរងទុក្ខ ជារៀងរាល់ថ្ងៃ សម្រាប់ការរស់នៅនោះ ជនរងគ្រោះបាន ដាក់ពាក្យបណ្តឹង ទៅកាន់ ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដោយចោទ ប្រកាន់ថា បានបំផ្លិច បំផ្លាញទ្រព្យ សម្បត្តិរបស់ខ្លួន ។
ទាក់ទិន និងករណីនេះ នាយរង ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ លោក ផែង វណ្ណៈ បានថ្លែងឲ្យដឹងថា លោកបាន ទទួលពាក្យ បណ្តឹង របស់ជនរងគ្រោះហើយ ចំពោះករណីនេះ ។ លោក ផែង វណ្ណៈ បានបន្តថា ក្រោយទទួលបាន ពាក្យបណ្តឹងរួចហើយ លោកបាននិង កំពុងសុំគោលការណ៍ ពីព្រះរាជអាជ្ញា ដើម្បី ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជាជំហ៊ានដំបូង រួចហើយ និងមានវិធានការណ៍ តាមក្រោយ ។
 សូមបញ្ជាក់ថា ប្រជាពលរដ្ឋ មួយគ្រួសារ រួមមានក្មេងតូចៗ ផងនោះ ដែលរស់នៅ ខាងក្រោយ និងក្រោម អគារដែល កំពុងសាងសង់ មានភាពភ័យខ្លាច ជារៀងរាល់យប់ថ្ងៃ ដោយសារតែ សំណល់ដូចជា ដែក និងថ្មតូចធំ ធ្លាក់ចេញពី អគារកំពុងសាងសង់ ដោយម្ចាស់អគារ មិនគោរព តាមបទដ្ឋាន សាងសង់ ត្រឹមត្រូវ និងតាមច្បាប់ ហើយជាងនេះទៅទៀត ម្ចាស់អគារខាងលើនេះ បាននិងកំពុង បំពាន លិខិតបញ្ជា ឲ្យផ្អាក របស់អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ទៀតផង ខណៈអាជ្ញាធរ សង្កាត់ និងខណ្ឌ ត្រឹមតែចុះទៅ អើតមើល មួយភ្លែត ហើយត្រឡប់មកវិញ ក្រោយពីត្រូវរ៉ូវ ជាមួយម្ចាស់ អគារ ដែលមានទ្រព្យសម្បត្តិ ប៉ុន្តែមិនគោរព អ្នកជិតខាងនោះ។
អគារដែលបាន និងកំពុង សាងសង់ ហើយមិនគោរព តាមបទដ្ឋាន ត្រឹមត្រូវ និងប៉ះពាល់ដល់ ផ្ទះអ្នកជិតខាងនោះ ត្រូវបានគេស្គាល់ថា ជាអគារ កាត់ដេរ របស់ម្ចាស់ហាង ខ្មែរកាត់ដេរឯករាជ្រ និងវិមានឯករាជ្រ កាត់ដេរ ដែលមានទីតាំង ស្ថិតនៅ ផ្ទះលេខ៦៣ និង៦៤ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះដែល ជាជនរងគ្រោះ ដោយសារការធ្លាក់ សំណល់ថ្ម និងដែកពីលើអគារ របស់ម្ចាស់ហាង យីហោខ្មែរ កាត់ដេរឯករាជ្រ និងវិមានឯករាជ្រ កាត់ដេរនោះ បានរៀបរាប់ថា ក្រុមគ្រួសារ របស់លោកស្រី ទាំងមូល ដែលមានសមាជិកជិត ១០នាក់ រួមទាំងក្មេងតូចៗ ដែលជាចៅ របស់ខ្លួន បានភ័យខ្លាច ជារៀងរាល់ថ្ងៃ ដោយសារតែការរំខាន គ្មានថ្ងៃលោះ ពីការសាងសង់អគារ ខាងលើនេះ ពីព្រោះក្រៅ ពីការបង្ក ការខូចខាត ដល់ជញ្ជាំងផ្ទះ និងដំបូលផ្ទះរបស់ លោកស្រី គឺសមាជិក គ្រួសារទាំងមូល បានរងផលប៉ះមួយទៀត នោះគឺការធ្លាក់ សំណល់ថ្ម និងដែក យ៉ាងច្រើន និងជារៀងរាល់ថ្ងៃមក លើដំបូលផ្ទះ ដែលអាចបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ សមាជិកគ្រួសារ របស់លោកស្រី នៅថ្ងៃណាមួយជាក់ ជាមិនខាន។
ម្ចាស់ផ្ទះរូបនេះ បានបន្តថា ថ្ងៃមួយដែកប្រវែង ប្រហែល៦ម៉ែត្រ និងមានទម្ងន់ យ៉ាងធ្ងន់ បានធ្លាក់ចូលក្នុងផ្ទះ របស់លោកស្រី តែសំណាងល្អ មិនបានចំ និងធ្លាក់ត្រូវ សមាជិកគ្រួសារ ខណៈកំទេចកំទីថ្មធំតូច បានធ្លាក់ជា បន្តបន្ទាប់ ទាំងយប់ទាំងថ្ងៃ ដែលធ្វើឲ្យ មានការព្រួយបារម្មណ៍ គ្រប់ពេលទាំងអស់ ក្នុងការរស់នៅ ជិតអគារដែល កំពុងសាងសង់នេះ។
ទាក់ទិននឹងបញ្ហានេះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសាលា ខណ្ឌដូនពេញ និងសាលារាជធានីភ្នំពេញ ដើម្បីឲ្យចេញមក ជួយសម្របសម្រួល និងចុះត្រួតពិនិត្យ មើលការ សាងសង់អគារ  កម្ពស់ជាច្រើនជាន់នេះ រហូតដល់លោក អភិបាលរាជធានីភ្នំពេញ កែប ជុតិមា កាល ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២ បានចេញ លិខិតបញ្ជា ឲ្យមានការផ្អាក សំណង់អគារខាងលើនេះ ប៉ុន្តែផ្ទុយ ទៅវិញ ម្ចាស់អគារ ដែលអាងលុយ និងអំណាចនោះ នៅតែបន្តសាងសង់ ដដែល ដោយមើលងាយ និងមើលស្រាល ចំពោះលិខិត ជាផ្លូវការ របស់អភិបាលរាជធានីភ្នំពេញ។
យោងតាម លិខិតរបស់ លោកអភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ផ្ញើជូន អភិបាល ខណ្ឌដូនពេញ ដែលមាន កម្មវត្ថុស្តីពី សំណើសុំផ្អាក ការសាងសង់ សំណង់របស់ឈ្មោះ ស៊ុន គឹមស្រូយ និងឈ្មោះ ចាន់ ង៉ែត ស្រេង ស្ថិតនៅក្បាល ដីលេខ៦៣ និង៦៤ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លិខិតរបស់ លោកអភិបាលបានបន្តថា យោងតាម សំណើរបស់ លោក ព្រាម ឆាយគ្រី ដែលជាម្ចាស់ ផ្ទះរងគ្រោះ ម្ចាស់សំណង់ នេះបានសាងសង់ ខុសបទដ្ឋាន គំរូប្លង់ បណ្តាលឲ្យប្រេះស្រាំ ស្រុតផ្ទះរបស់លោក និងបង្កសម្លេងរំខាន ធ្វើឲ្យជ្រុះសម្ភារៈ សំណង់មកលើ បរិវេណផ្ទះរបស់លោក ដូច្នេះ សាលារាជធានីភ្នំពេញ ស្នើឲ្យផ្អាក ការសាង សង់សំណង់នេះ ជាបណ្តោះអាសន្ន រង់ចាំការ ដោះស្រាយសិន។
បើទោះបីមាន លិខិតសុំឲ្យផ្អាក សំណង់នេះ ប៉ុន្តែម្ចាស់អគារ នៅតែបន្តឲ្យ ក្រុមជាងរបស់ខ្លួន ដែលមានសម្តីឈ្លើយៗនោះ សាងសង់ ដដែល ខណៈអាជ្ញាធរ សង្កាត់និងអាជ្ញាធរ ខណ្ឌដូនពេញ ហាក់បីមាន អំណាចតិតតួច ចំពោះ ការងារនេះ។ ទាក់ទិន នឹងករណីនេះ អភិបាលរង ខណ្ឌដូនពេញ លោក សុខ ពេញវុធ ធ្លាប់បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ចំពោះការងារនេះ ខាងអាជ្ញាធរ ខណ្ឌដូនពេញ បានចេញមុខមក សម្របសម្រួលរួចហើយ និងភាគីម្ចាស់ផ្ទះ ដែលជាជនរងគ្រោះ បានលុយចំនួន ៣០០០ដុល្លារទៀតផង ពីភាគីម្ចាស់អគារ។
ចំពោះការ លើកឡើងថា ម្ចាស់ផ្ទះបាន លុយចំនួន៣០០០ដុល្លារ សម្រាប់យកទៅធ្វើការជួលជុល ដំបូល និងជញ្ជាំង ដែលរងការ ខូចខាតនោះ ត្រូវបានម្ចាស់ផ្ទះ បដិសេធថា មិនបានទទួលនោះឡើយ សូម្បីមួយសេន លុយខ្មែរ។
ស្រ្តីជាម្ទាស់ផ្ទះ បានចង្អុល ប្រាប់ដំបូល របស់ខ្លួន ដែលធ្លុះធ្លាយ ដោយសារការ ធ្លាក់នូវសម្ភារៈ សំណង់មកលើ និងជញ្ជាំងផ្ទះ រងប្រេះស្រាំ ដោយសារ តែការបុកគ្រឹះ នៃការធ្វើអគារ ប៉ុន្តែសម្រាប់ លោកស្រី ដែលជាម្ចាស់ផ្ទះ មិនចង់រករឿងវែងឆ្ងាយ នោះឡើយ ពីព្រោះយល់ថា ជាអ្នករស់នៅ ជិតខាង ផ្ទុយទៅវិញ ម្ចាស់អគារ មិនបានយោគយល់ និងតែងតែ ឆ្លើយថា បញ្ហាទាំងនោះ គឺបង្កឡើងដោយក្រុម ជាងសាងសង់ទៅវិញ ដែលនេះគឺជាការ ឆ្លើយដោះសារ ទំាំងស្រុង។
យ៉ាងណា ក៏ដោយ គេសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ របស់ សាលា រាជធានី ភ្នំពេញ និងសាលា ខណ្ឌដូនពេញ នឹងដោះស្រាយ បញ្ហាមួយនោះ ប្រកបដោយ ភាពយុត្តិធម៌ កុំទុកបណ្តែត បណ្តោយ ឲ្យម្ចាស់អគារ មួយនេះ នៅបន្តសាងសង់ ដោយរំលោភច្បាប់ និងមិនគោរព អ្នកជិតខាង ក្នុងឋានៈជាខ្មែរ ដែលចេះ និងនិយាយភាសាខ្មែរ ដូចគ្នានោះ។
ជាមួយគ្នានេះ គេនឹងរង់ចាំ មើលចំពោះ ចំណាត់ការ របស់អាជ្ញាធរ ការដែលម្ចាស់អគារ មិនគោរពតាម លិខិតបញ្ជារបស់ លោកអភិបាល រាជធានីភ្នំពេញ លោក កែប ជុតិមា៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
ដែកប្រវែងប្រហែលម៉ែត្រ ដែលធ្លាក់ពីលើអគារ
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
មន្រ្តីអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យមើល
www.dap-news.com
www.dap-news.com
www.dap-news.com
លិខិតរបស់លោកអភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យផ្អាកសំណង់

Comments system

Disqus Shortname