ភ្នំពេញ:
ខាងក្រោមនេះ ជារឿងប្លែកៗ ឬគួរអោយរន្ធត់ នាសប្តាហ៍កន្លងមក ហើយ CEN បានកត់ត្រា៖
១- ទាហានម្នាក់ត្រូវគេសម្លាប់ ពេលចាំចម្ការនៅម៉ាឡៃ
បន្ទាយមានជ័យ: បុរសម្នាក់ ជាពលទាហានក្នុងវរសេនាតូចលេខ ៥១៣
កងពលតូចលេខ ៥១ ហើយបានសុំច្បាប់រួចទៅចាំចម្ការ នៅចម្ការដូងប្រេង
នៅក្រុមហ៊ុន ណាំហុង ក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ
ត្រូវឃាតកមិនស្គាល់មុខសម្លាប់។
លោក សៅ ប៊ុន
អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថ្ងៃទី៨ វិច្ឆិកាថា
ជនរងគ្រោះនោះមានឈ្មោះ ស៊ុន នី អាយុ៥០ឆ្នាំ លំនៅភូមិកូនដំរី
សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បម្រើការជាពលយោធានៅវរសេនាតូចលេខ
៥១៣ កងពលតូចលេខ ៥១ បានទៅយាមចម្ការដូងប្រេងរបស់ក្រុមហ៊ុនដូចខាងលើ
ជារបស់ក្រុមហ៊ុនមួយ ដែលមានម្ចាស់ជាជនជាតិថៃ។
ជនរងគ្រោះដែលគ្មានប្រពន្ធកូន នៅឡើយនោះ
ត្រូវគេប្រទះឃើញស្លាប់ក្នុងអង្រឹង។
ជនរងគ្រោះនេះអាចត្រូវគេសម្លាប់នៅយប់ថ្ងៃទី៧ វិច្ឆិកា ២០១២៕
២- ឈ្លោះប្រកែកដណ្តើមសង្សារ វាយរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់
ភ្នំពេញ: យុវជន ២ក្រុម ឈ្លោះប្រកែកគ្នា រហូតឈានដល់ការវាយដំ
រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ដោយសាររឿងដណ្តើមសង្សារគ្នា។
ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ១០ និង ២០ នាទី យប់ ថ្ងៃទី៨ ខែវិច្ឆិកា
ឆ្នាំ២០១២ នៅមុខស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិច តាមផ្លូវលេខ២៧១
ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះ
របួសធ្ងន់ មានឈ្មោះ វ៉ន សុធា អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣
នៃសាកលវិទ្យាល័យបៀលប្រាយ មានស្រុកកំណើត នៅភូមិពោធិ៍ដំណាក់ ឃុំវាល
ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវមួយដំបងចំពីមុខបែកខ្ទង់ច្រមុះ
ថ្ងាស និងមាត់។
ចំណែកអ្នករងរបួសស្រាលមានឈ្មោះ លី ឆលីហៀង អាយុ ២២ឆ្នាំ ជានិស្សិតរៀនជាមួយគ្នា ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះទាំងពីរនាក់
ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន។ ចំណែកម៉ូតូ
របស់ជនរងគ្រោះ ត្រូវសមត្ថកិច្ច យកទៅរក្សាទុកនៅខណ្ឌសែនសុខ៕
៣- ប្ដីវាយសម្លាប់ប្រពន្ធ ដោយសារទំនាស់តិចតួច
តាកែវ: បុរសម្នាក់ត្រូវបានប៉ូលិសស្រុកត្រាំកក់ចាប់ដាក់ខ្នោះ
បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២
ដោយសារបុរសនោះប្រើអំពើហិង្សាវាយសម្លាប់ប្រពន្ធ
ព្រោះតែមានទំនាស់តិចតួច បន្សល់ទុកនូវកូនកំព្រាពីរនាក់។
ហេតុការណ៍នេះបានកើតមានឡើងកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២
វេលាម៉ោង ៩ និង ៤៥ នាទីយប់ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង
ស្រុកត្រាំកក់ ខេត្ដតាកែវ។
អធិការស្រុកត្រាំកក់ លោក ញែម
សឿន បានឲ្យដឹងថា ជនសង្ស័យជាប្ដីឈ្មោះ ចាន់ សុខា អាយុ ៣៤ឆ្នាំ
រីឯប្រពន្ធឈ្មោះ ថី ចាន់ថន អាយុ ២៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
បុរសជាប្ដីបានប្រាប់ប៉ូលិសពីដំណើររឿងថា
រូបគេមិនបានវាយសម្លាប់ប្រពន្ធ ដូចពាក្យគេចោទទេ
ពេលរូបគេត្រឡប់មកពីផឹកស្រាវិញ ដល់ផ្ទះ
ស្ដ្រីជាប្រពន្ធបានរករឿងឈ្លោះ រហូតប្រតាយគ្នា
ពេលនោះប្រពន្ធបានវាយរូបគេមួយដៃ ហើយក៏រត់សំដៅទៅផ្ទះឪពុកម្ដាយ
ប៉ុន្ដែរត់បានប្រហែលចម្ងាយ ៦០ ម៉ែត្រ ក៏ដួលបោកក្បាលសន្លប់
ហើយក៏បានដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ៕
៤- ឃុំខ្លួនម៉ែយ៉ែមម្នាក់ ដែលនាំសិស្សសាលាឱ្យភ្ញៀវរួមភេទ
ភ្នំពេញ: ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ
កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២
បានសម្រេចឃុំខ្លួននារីវ័យក្មេងម្នាក់
ដែលបានអូសទាញក្មេងស្រីៗសិស្សសាលា ដើម្បីយកមកឱ្យតាតា
ឬអ្នកមានប្រាក់រួមភេទ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ
សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី។
នារីរូបនេះ
ឈ្មោះ ឆន កន្និកា ហៅឆយ ហៅដា អាយុ ២៣ឆ្នាំ ជាជាងអ៊ុតសក់
ស្នាក់នៅផ្ទះជួលម្ដុំផែថ្ម តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ
សង្កាត់ស្រះចក ខណ្ឌដូនពេញ
ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៦
ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងផ្ទះសំណាក់ "ស្រែយើង"
មានទីតាំងនៅទល់មុខវត្ដនាគវ័ន្ត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
ព្រមទាំងបាននាំខ្លួននារីសិស្សសាលាពីរនាក់ ដើម្បីមកសាកសួរ។
ប្រភពបានឱ្យដឹងទៀតថា ឈ្មោះ ឆន កន្និកា បាននិយាយណែនាំ
អូសទាញសិស្សសាលាណាដែលត្រូវការប្រាក់ ឱ្យទៅដេកជាមួយនឹងភ្ញៀវ
ដែលជាអ្នកមានប្រាក់ ក្នុងការរួមភេទមួយសិចតម្លៃពី ១០០ ដុល្លារ ទៅ ៣០០
ដុល្លារ ដោយនារីរូបនេះ បានធ្វើរបៀបនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ៕
J
៥- រថយន្តយីឌុបដឹកអង្ករ បុកបុរសម្នាក់ដើរឆ្លងថ្នល់ដាច់មួយកំណាត់ខ្លួន ស្លាប់
ភ្នំពេញ: រថយន្តយីឌុបដឹកអង្ករ
បានបើកបុកបុរសម្នាក់ដែលកំពុងដើរឆ្លងថ្នល់ រួចកិនដាច់ជើង
ធ្លាយពោះវៀន និងដាច់ខ្ទេចមួយកំណាត់ខ្លួនផ្នែកខាងក្រោម
បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ១៩ និង ៣០
នាទី នៅផ្លូវភ្នំពេញហាណូយ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ។
សាកសពជនរងគ្រោះ
មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល ៤០ឆ្នាំ
សម្បុរស្រអែម កម្ពស់ ១៤,៥០ ម៉ែត្រ។
បុរសនោះត្រូវបានរថយន្តយីឌុបពណ៌ខៀវឆ្នូតស ម៉ាក FUSO
ស្លាកលេខភ្នំពេញ 3A 6552 បើកពីត្បូងទៅជើង តាមផ្លូវភ្នំពេញហាណូយ
បើកបុកស្លាប់ ហើយរថយន្តបើករត់ដល់ផ្លូវដីក្រហមភូមិសំរោង
សង្កាត់ឃ្មួញ ទើបសមត្ថកិច្ចឃាត់រថយន្តបាន។
ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចវ៉ៃខ្នោះ។
សាកសព
ត្រូវយកទៅកម្កល់នៅវត្តទឹកថ្លា និងសូមអំពាវនាវបងប្អូន
ដែលបាត់សាច់ញាតិ ដែលមានភិនភាគដូចខាងលើ សូមមករកសពនៅវត្តទឹកថ្លា។
ចំណែករថយន្តបង្ក
ត្រូវបានប៉ូលិសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានី៕
៦- ឃាត់ខ្លួនឪពុកចុង រំលោភកូនស្រីអាយុ ៨ឆ្នាំ
ខេត្តបាត់ដំបង: ប៉ូលិសស្រុកកំរៀង បានឃាត់ខ្លួនបុរសជាឪពុកចុងម្នាក់
កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
និងបន្តទៅតុលាការ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២
ខណៈដែលឪពុកចុងរូបនេះ ចាប់រំលោភកូនស្រីអាយុ ៨ឆ្នាំ
ពេលម្តាយចេញទៅស៊ីឈ្នួលច្រូតស្រូវឲ្យគេនៅកន្លែងឆ្ងាយ
ទុកកូនតូចៗបីនាក់ឲ្យនៅជាមួយឪពុក។
ហេតុការណ៍ឃាត់ខ្លួននេះ
បានធ្វើឡើងកាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២
ក្នុងភូមិអូរដារលើ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង
បន្ទាប់ពីក្មេងស្រីរងគ្រោះទៅរៀនឯសាលា ហើយប្រាប់ឲ្យអ្នកគ្រូបង្រៀន
និងមិត្តភក្តិបានដឹង។
មន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌស្រុក
កំរៀង បានឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួន ឈ្មោះ លន់ តឿ អាយុ ២៩ឆ្នាំ
មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះអាយុ ៨ឆ្នាំ៕
៧- សមត្ថកិច្ច តាមចាប់លោកគ្រូពេទ្យម្នាក់ ដែលចាក់ថ្នាំអ្នកជំងឺស្លាប់
កំពង់ចាម: ដោយសារតែបុរសម្នាក់មានជំងឺណែនៗទ្រូង
ទើបអញ្ជើញលោកគ្រូពេទ្យឯកជនម្នាក់ មកពិនិត្យជំងឺ
ហើយក៏ឃើញឈាមឡើងដល់ជាង ១៤ ក៏ចាក់ថ្នាំមួយអំពូល
ធ្វើឲ្យអ្នកជំងឺប្រកាច់បែកពពុះមាត់ស្លាប់ក្នុងរយៈពេលប្រមាណជាង ១០
នាទីក្រោយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ២០
នាទី រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅភូមិទូកណ្តាន ឃុំកោះពីរ
ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ត្រី សាំ ហេង
អធិការនគបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា
ជនរងគ្រោះដែលលោកគ្រូពេទ្យឯកជនចាក់ថ្នាំ ហើយបានស្លាប់នោះ ឈ្មោះ យិន
ថន អាយុ ៥១ឆ្នាំ ស្នាក់នៅភូមិទូរកណ្ដាន ឃុំកោះពីរ ស្រុកក្រូចឆ្មារ
ខេត្តកំពង់ចាម។
ប្រពន្ធជនរងគ្រោះ ឈ្មោះ ស្រ៊ន ស៊ីណេត អាយុ
៤៨ឆ្នាំ បានឲ្យដឹងថា
គ្រូពេទ្យដែលបានចាក់ថ្នាំបណ្តាលឲ្យជនរងគ្រោះស្លាប់នោះឈ្មោះ ម៉ង់
ប៉ុនណា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិកោះភ្លង់ ឃុំកោះពីរ
ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដែលមានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល
៣គីឡូម៉ែត្រ។
ប្រពន្ធជនរងគ្រោះ បាននិយាយទៀតថា
ក្នុងពេលនោះលោកគ្រូពេទ្យ ម៉ង់ ប៉ុនណា បាននិយាយថា
ចាក់ថ្នាំមួយអំពូលទៅ ដែលមានឈ្មោះ Indonedrol។ បន្ទាប់ពីចាក់ថ្នាំ
បានប្រហែលជា ១០ នាទី ក្រោយមក
ជនរងគ្រោះក៏ប្រកាច់បែកពពុះមាត់ស្លាប់តែម្តង។
ប្រពន្ធ
ជនរងគ្រោះឈ្មោះ ស្រ៊ន ស៊ីណេត បានបញ្ជាក់ថា
"ក្នុងពេលប្តីគាត់កំពុងប្រកាច់នេះ លោកគ្រូពេទ្យ ម៉ង់ ប៉ុនណា
បាននិយាយប្រាប់គាត់ថា ខ្ញុំទៅរកថ្នាំបន្សាបមួយភ្លែត!
ហើយក៏បាត់ខ្លួនរហូតមកទល់ពេលនេះ"៕
៨- ចាប់ទាហានទ័ពអាកាស ៥ នាក់ ដែលជាជើងកាងប្រចាំភូមិ ពីបទគម្រាមក្រុមយុវជនស្ម័គ្រចិត្ដ
កំពង់ឆ្នាំង: ទាហានទ័ពអាកាស និងត្រូវជាកូនមន្ដ្រីទ័ពអាកាសចំនួន ៥
នាក់ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ កាលពីយប់ថ្ងៃទី៥
និងព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២
បន្ទាប់ពីពួកគេធ្វើសកម្មភាពជេរប្រមាថ និងគម្រាម
ទៅលើយុវជនស្ម័គ្រចិត្ដសម្តេចតេជោហ៊ុន សែន ក្រុមទី៩០
ដែលកំពុងបំពេញបេសកកម្មវាស់វែងដី ធ្លីជូនប្រជាពលរដ្ឋ
នៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា
នៅវេលាម៉ោង១៧និង១០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ លោកអួង
វិរៈ ប្រធានក្រុមយុវជនស្ម័គ្រចិត្ដក្រុមទី៩០ រួមដំណើរជាមួយនិង
យុវជន២នាក់ទៀត
ដោយជិះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ចេញពីកន្លែងស្នាក់នៅ
(វត្ដក្រាំងលាវ ) ឆ្ពោះមកកាន់ផ្លូវជាតិលេខ៥
លុះមកដល់ចំណុចស្ពានមួយក្បែរព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង
ក៏ជួបនិងក្រុមជនបង្កមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង
ក្នុងនោះមានម៉ូតូ១គ្រឿងបានជិះមកឆាបម៉ូតូ
ក្រុមនិស្សិតស្ម័គ្រចិត្ដ ឃើញដូចនេះខាងក្រុមនិស្សិតបានឈប់ម៉ូតូ
ហើយងាកទៅមើលក្រុមដែលជិះម៉ូតូឆាបនោះ
ស្រាប់តែក្រុមជនបង្កនាំគ្នាឈប់ម៉ូតូដើរសំដៅមកក្រុមនិស្សិត
ដោយមានកាន់ កាំបិតប៉័ងតោផងបានស្រែកជេប្រមាថនិងគម្រាម
ដល់ក្រុមនិស្សិតទាំង៣នាក់នោះ។ ឃើញដូចនេះ លោកអួង វិរៈ
ប្រធានក្រុមយុវជនស្ម័គ្រចិត្ដ ក្រុមទី៩០
ដែលស្ថិតក្នុងហេតុការណ៍នេះដែរ
បានទូរស័ព្ទសុំការអន្ដរាគមន៍ពីសមត្ថកិច្ច។
នៅពេលសមត្ថកិច្ចមកដល់ក្រុមជនបង្កបាននាំគ្នាជិះម៉ូតូចូលទៅ
ក្នុងទីបញ្ជារការទ័ពអាកាស
ដែលមានទីតាំងស្ថិតក្នុងបរិវេណព្រលានយន្ដខេត្ដកំពង់ឆ្នាំង
គេចខ្លួនតែម្ដង។
លោក លឹម ហាក់ បានបញ្ជាក់ឲ្យដឹងទៀតថា
ករណីនេះកើតឡើងដោយសារតែ ការស្រវឹងមិនមែនជារឿងគំនុំទេ
ហើយជនទាំ៥នាក់នេះ គឺជាជើងកាងប្រចាំភូមិក្រាំងលាវ តែម្ដង។
បច្ចុប្បន្នពួកគេកំពុងសាកសួរយកចម្លើយនៅទីបញ្ជាការកងរាជអាវុធហត្ដ
ខេត្ដកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ
ចាត់ការបន្ដទៅតាមនីតិវិធី៕
៩- កូនប្រុសលោកឧកញ៉ា ឃី ពៅ ទើបចេញពីពន្ធនាគារ បើកឡានដេញបុកគេនៅខេត្តប៉ៃលិន
ប៉ៃលិន: ដោយសារតែមានទំនាស់បោះពាក្យសម្តី ជេរឌឺដងដាក់គ្នាតិចតួច
ភាគីម្ខាងដែលជាជនបង្ក ដែលគេស្គាល់ថាកូនប្រុសរបស់លោកឧកញ៉ា ឃី ពៅ
ទើបនឹងចេញពីពន្ធនាគារថ្មីៗនោះ បានបើករថយន្តស៊េរីទំនើប
ដេញបុកជនរងគ្រោះកំពុងជិះម៉ូតូយ៉ាងសាហាវ
ហើយជនរងគ្រោះបានរត់គេចចូលក្នុងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
ដើម្បីសុំជំនួយអន្តរាគមន៍ ទើបសមត្ថកិច្ចដេញចាប់ជនបង្ក
រួមជាមួយវត្ថុតាង។
មន្ត្រីប៉ូលិសខេត្តប៉ៃលិន
បានឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា នេះថា នៅល្ងាចថ្ងៃទី៣ ខែតុលា
ឆ្នាំ២០១២ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីក្មេងទំនើងម្នាក់ ឈ្មោះ
ពៅ ដាណា អាយុ ២៧ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់លោកឧកញ៉ា ឃី ពៅ
បានបើកបររថយន្តម៉ាកឡង់គ្រីស័រ ពាក់ស្លាក ភ្នំពេញ 2F-0106
ដេញបុកជនរងគ្រោះឈ្មោះ ផាង ណារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ
ដែលកំពុងជិះមូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១១
ដោយសារជនល្មើសបានខឹងសម្បានឹងជនរងគ្រោះបោះពាក្យសម្តីជេរឌឺដង
ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ពីចំណុចភូមិអូរច្រា
ឆ្ពោះមកសង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន៕
១០- ខឹងឪពុក ម្ដាយមិនឲ្យដើរលេងបុណ្យកឋិន ចងកសម្លាប់ខ្លួន
ខេត្តពោធិ៍សាត់: យុវជនម្នាក់សុំឪពុកម្ដាយទៅលេងបុណ្យកឋិនមិនបាន
សុខចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនឯងនៅលើដើមដង្កោ
កាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១២។
លោក ផាន សុភ័ណ្ឌ នាយប៉ុស្ដិ៍រដ្ឋបាលឃុំស្នាមព្រះ បានឲ្យដឹងថា
អត្តឃាតជនដែលចងកសម្លាប់ខ្លួនឈ្មោះ ង៉ា សុជាតិ អាយុ២០ឆ្នាំ
រស់នៅភូមិ ព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់
បានចងកសម្លាប់ខ្លួននៅលើដើមដង្កោ ក្បែរមាត់ស្រះ
ខាងកើតផ្ទះចម្ងាយ៨០០ម៉ែត្រ
នៅវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១២។
នេះព្រោះតែខឹងឪពុកមិនឲ្យទៅលេងបុណ្យកឋិននៅវត្ត
ព្រោះកន្លងមកនៅក្នុងវត្តកោះជុំនេះពេលមានបុណ្យទានម្ដងៗ
តែងតែមានជម្លោះរហូត មិនដែលខាន ដោយសារស្រវឹងស្រា
ហើយម្យ៉ាងទៀតកូនគាត់ជាអ្នកចូលចិត្តផឹកស្រាផង៕