លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានចលនាសង្គ្រោះជាតិ ដែលមានបេសកកម្មជាង១ខែ នៅសហរដ្ឋអាមេរិក បានវិលត្រឡប់មកកម្ពុជា វិញហើយ នៅថ្ងៃទី១០ ខែកញ្ញា ដោយមានអ្នកគាំទ្រប្រមាណ ២០នាក់ ចូលរួមស្វាគមន៍នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។
លោក កឹម សុខា ផ្ដល់បទសម្ភាសន៍ឲ្យក្រុមអ្នកកាសែតថា គាត់បានធ្វើកិច្ចការធំៗចំនួន ៤ នៅក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក គឺទី១ ការចូលរួមជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើពិធីរំលឹកខួបដែលមានឈ្មោះថា ខ្មែរក្រោមម្ចាស់ស្រុកនៅក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ ទី២ លោកបានចូលរួមដំណើរជាមួយលោក សម រង្ស៊ី ដើម្បីជួបមន្ត្រីអង្គការសហប្រជាជាតិ នៅទីក្រុងញីវយ៉ក ជួបមន្ត្រីក្រសួងការបរទេស និងតំណាងរាស្ត្រអាមេរិក ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា។ ទី៣ លោកបានជួបសហគមន៍ខ្មែរមួយចំនួន ដែលគាំទ្រគណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ និងទី៤ សំខាន់ជាងគេនោះ គឺលោកបានទទួលការអញ្ជើញពីតំណាងគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិក ចូលរួមក្នុងពិធីសមាជរបស់ខ្លួនក្នុងរយៈពេល ៤ឆ្នាំ។
លោក កឹម សុខា បន្តថា ជាលទ្ធផលអង្គការសហប្រជាជាតិ និងតំណាងរាស្ត្រសហរដ្ឋអាមេរិក គាំទ្រឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ លោកបន្តថា សហរដ្ឋអាមេរិកកំពុងជួយជំរុញរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងឲ្យលោក សម រង្ស៊ី អាចចូលស្រុកវិញបាន ដោយអន្តរជាតិយល់ឃើញថា ប្រសិនបើគ្មានវត្តមានលោក សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ទេនោះ មានន័យថា ការបោះឆ្នោតនៅកម្ពុជា មិនសេរី និងយុត្តិធម៌ ដូចដែលអន្តរជាតិរំពឹងទុកនោះទេ។
លោក កឹម សុខា៖ «យើងជួបនឹងមន្រ្តីសហរដ្ឋអាមេរិកហ្នឹង គឺយើងបានទទួលការផ្តល់យោបល់មកវិញថា គេនឹងគាំទ្រចង់ឲ្យប្រទេសកម្ពុជា ឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយមន្រ្តីសហរដ្ឋអាមេរិក ជាពិសេសតំណាងរាស្ត្រ ឌឺម៉ូក្រាត (Democrat) ដែលជាមេដឹកនាំធំៗ គេថានឹងប្ដេជ្ញាយកចិត្តទុកដាក់មែនទែន ការបោះឆ្នោត២០១៣ នៅកម្ពុជា»។
លោក កឹម សុខា បន្តថា តាមគម្រោងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងយករបាយការណ៍ស្ដីពីការបោះឆ្នោតនៅកម្ពុជា ដាក់បង្ហាញនៅក្នុងសន្និបាតអង្គការសហប្រជាជាតិនៅពេលខាងមុខ ដើម្បីឲ្យអន្តរជាតិដឹងពីស្ថានភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។
ស្របពេលនឹងការវិលត្រឡប់មកវិញរបស់លោក កឹម សុខា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងជាប្រធានចលនាសង្គ្រោះជាតិ ដែលគេចខ្លួននៅបរទេស ក៏បានប្រមែប្រមូលអ្នកគាំទ្រនៅក្រៅប្រទេស និងបានប្រកាសបង្កើតគណៈកម្មការសភាអន្តរជាតិ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា នៅឯក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippines) ដែលមានសមាជិកជាអ្នកតំណាងរាស្ត្រមកពីបណ្ដាប្រទេសជាច្រើនចូលរួម។ នេះបើតាមការឲ្យដឹងពីលោកស្រី មូរ សុខហួរ អគ្គលេខាធិការចលនាសង្គ្រោះជាតិ។
លោកស្រី មូរ សុខហួរ៖ «អ្នកតំណាងរាស្ត្រគេនឹងជំរុញទៅឲ្យរដ្ឋាភិបាលរបស់គេ ដែលជាហត្ថលេខីនៃអនុសញ្ញាទីក្រុងប៉ារីស ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នេះ គឺចងក្រងនៅក្នុងសង្គម ចង្កោមនៃអ្នកតំណាងរាស្ត្រអន្តរជាតិ»។
ចំពោះការលើកឡើងរបស់លោក កឹម សុខា និងលោកស្រី មូរ សុខហួរ នេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១០ ខែកញ្ញា។
នាយកប្រតិបត្តិគណៈកម្មការនីតិកម្មអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា យល់ឃើញថា ការបោះឆ្នោតមិនមែនជារឿងសំងាត់ដែលត្រូវលាក់បាំងពិភពលោកនោះទេ។
លោកបញ្ជាក់ថា ចង់មិនចង់ គណៈកម្មការសភាអន្តរជាតិដើម្បីបោះឆ្នោតដែលទើបបង្កើតនៅប្រទេសហ្វីលីពីន នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជា ហើយវាមិនធ្វើឲ្យប៉ះពាល់អ្វីដល់ស្ថានភាពនយោបាយ ឬសន្តិសុខនោះទេ តែវាជាការរីកចំរើនផ្នែកលទ្ធិប្រជាធិបតេយ្យទៅវិញ។
គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានសម្រេចបង្កើតគណបក្សសង្គ្រោះជាតិ ក្រោយពីមេដឹកនាំនៃគណបក្សទាំងពីរព្រមព្រៀងគ្នាក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែកក្កដា កន្លងទៅ៕