យោងតាមការស្ទាបស្ទង់មតិជាច្រើនចេញផ្សាយក្រោយពេលបញ្ចប់សមាជគណបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុនមកប្រជាប្រិយភាពលោកបារ៉ាក់អូបាម៉ាហាក់ដូចជាឡើងខ្ពស់ដោយការស្ទាបស្ទង់មតិមួយបានផ្តល់កាលពីថ្ងៃទី១០ កញ្ញា ឱ្យលោកនាំមុខគូប្រជែងនៃគណបក្សសាធារណរដ្ឋលោកមីត រ៉ូមនី ដល់ទៅ៦ពិន្ទុឯណោះ។
យោងតាមការស្ទាបស្ទង់របស់CNN-OPINION RESEARCH ថាប្រធានាធិបតីចប់អាណត្តិមានអ្នកចង់បោះឆ្នោតឱ្យដល់ទៅ៥២%ក្នុងចំណោមពួកអ្នកត្រូវសាកសួរទល់នឹង៤៦%សម្រាប់លោករ៉ូមនី អតីតអភិបាលរដ្ឋម៉ាសាជូសេតដែលនឹងប្រកួតគ្នា ដើម្បីយកតំណែងនៅសេតវិមាននាថ្ងៃទី៦ វិច្ឆិកា ខាងមុខនេះ ។ ការស្ទាបស្ទង់មតិលើកមុនរបស់ក្រុមនេះធ្វើមុនសមាជគណបក្សប្រជាធិបតេយ្យជាលទ្ធផលបេក្ខជនសេតវិមានទាំង២រូបមានអ្នកគាំទ្រប្រហែលគ្នាគឺ៤៨% ។
កាលពីថ្ងៃទី១០ កញ្ញា វិទ្យាស្ថានRASMUISSEN លើកឡើងពីអ្នកចង់បោះឆ្នោតគាំទ្រលោកអូបាម៉ាថាមាន៥០%ទល់នឹង៤៥%សម្រាប់លោកមីតរ៉ូមនី ចំណែកការស្ទាបស្ទង់មតិរបស់GALLUPក៏ផ្តល់ការនាំមុខ៥%ដល់លោកអូបាម៉ាដែរគឺ៤៩%ទល់នឹង៤៤%សម្រាប់លោករ៉ូមនី ៕