Wednesday, July 4, 2012

កម្មកររោងចក្រ តាយ ណាន ជាង ៤ពាន់នាក់ នៅតែបន្តបិទផ្លូវ ជាតិលេខ៤ រកដំណោះស្រាយ

Photo by DAP-NEWS 















ភ្នំពេញ៖ ពលករ-ពលការិនី ដែលបម្រើការងារ នៅរោងចក្រតាយណាន ជាង ៤ពាន់នាក់ នៅតែបន្តបិទផ្លូវជាតិ លេខ៤ បើទោះបីជាមានអន្តរាគមន៍ពីអភិបាលស្រុកអង្គស្នួល និងមន្រ្តីក្រសួងសង្គមកិច្ចយ៉ាងណាក៏ដោយ ក៏ កម្មករនៅតែមិនព្រមចាកចេញពីផ្លូវជាតិនោះដែរ ដ៏រាបណាគ្មានដំណោះស្រាយសមរម្យ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមាន ប្រសាសន៍ប្រាប់ជម្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ថា ក្រុមកម្មការិនីជាង៤ពាន់នាក់ នៃរោងចក្រតាយណាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅតែបន្តបិទផ្លូវជាតិលេខ៤ បើទោះបីជាមានអន្តរាគមន៍ពីអភិបាលស្រុកអង្គស្នួល និងមន្រ្តីក្រសួង សង្គមកិច្ចយ៉ាងណាក៏ដោយ។
លោកបន្តថា «ខ្ញុំបានស្នើរសុំឲ្យមានការដោះស្រាយជូនកម្មករឲ្យបានឆាបរហ័ស ពេលនោះផ្លូវនេះ នឹងត្រូវបាន បើកឡើងវិញ ប៉ុន្តែខាងលោកអភិបាលស្រុកអង្គស្នួល និងមន្រ្តីក្រសួងសង្គមកិច្ច បានចុះទៅពិគ្រោះយោបល់គ្នា សិន ហើយពេលនេះនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ»។
លោក រ៉ុង ឈុន បន្ថែមថា ការដែលក្រុមកម្មករមកអង្គុយនៅលើផ្លូវជាតិលេខ៤នោះ វាមិនមែនជាកំហុសរបស់ កម្មករនោះទេ តែវាជាកំហុសរបស់ក្រុមហ៊ុន ដែលបានចាក់ឧបករណ៍ បំពងសំឡេងធ្វើឲ្យរំខានដល់ការធ្វើកូដ កម្មរបស់កម្មករ ដូចច្នោះហើយពួកគេ ក៏បង្ខំចិត្តមកអង្គុយលើផ្លូវជាតិតែម្តងទៅ។
លោកបន្តថា «ប្រសិនបើភាគីរោងចក្រមិនព្រមរក ដំណោះស្រាយជូនកម្មករ ហើយនៅតែបន្តចាក់សំឡេងរំខាន ដល់ការធ្វើកូដកម្មរបស់កម្មករទៀតនោះ ពួកគេនឹងមិនព្រមចាកចេញពីលើផ្លូវជាតិលេខ៤នោះឡើយ តែបើមាន ដំណោះស្រាយពួកគេនឹងចេញពីលើផ្លូវភ្លាម ដោយនាំគ្នាមកតវ៉ានៅពីមុខរោងចក្រវិញ»។
សូមបញ្ជាក់ថា លក្ខណ្ឌការងារទាំង៥ចំណុចដែលក្រុមកម្មករ បានទាមទារនោះរួមមាន៖ ទី១-សិទ្ធិអត្ថប្រយោជន៍ តាមផ្លូវច្បាប់នៅពេលដែលក្រុមហ៊ុននេះ បានប្តូរឈ្មោះពី តៃយាន ទៅតៃណាន តាមច្បាប់ត្រូវគិតគូរ ដល់ពួក គាត់។ ទី២- ទាមទារប្រាក់ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន១៥ដុល្លារ។ ទី៣- ទាមទារប្រាក់ថ្លៃទឹកដោះគោ សម្រាប់កូនតូចរបស់ពួកគាត់ចំនួន ១៥ដុល្លារក្នុងមួយខែ។ ទី៤-ប្រាក់រង្វាន់ទៀងទាត់ ចំនួន ១៥ដុល្លារក្នុងមួយ ខែ និងទី៥- អ្នកដែលមានមុខតំណែងជាប្រធានក្រុម ឬប្រធានពួក នៅពេលឈប់សម្រាក២ទៅ៣ថ្ងៃ មិនត្រូវឲ្យ មានការកាត់ប្រាក់នោះទេ៕

Comments system

Disqus Shortname