ខេត្តព្រះសីហនុ ៖ រូបសម្រស់បាត់បង់
ស្នេហាក៏បាត់បង់ ដោយប្តីបែកបែរចិត្តទៅមានស្រីថ្មី។
នេះជារឿងជីវិតសោករបស់នារីអ្នកចម្រៀងវ័យក្មេងម្នាក់
ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ពេលជិះរថយន្តជាមួយអ្នករួមអាជីព
របស់នាងទៅប្រគំតន្ត្រី ។ នារីរូបនេះឈ្មោះ ប៉ែន រស្មី
តែរស្មីជីវិតរបស់នាងរលត់សូន្យសុងទៅហើយ ។
នាងជាសមាជិកនៃក្រុមតន្ត្រីមួយនៅខេត្តព្រះសីហនុ
ហើយក៏ជាទីដែលគ្រោះថ្នាក់ចរាចរណ៍បំផ្លិចបំផ្លាញយកអស់ក្តី
សង្ឃឹម និងសុភមង្គលពីជីវិតនាងដែរ ។
រឿងរ៉ាវដ៏ខ្លោចផ្សារបស់នាងរស្មី
អាយុ២៨ឆ្នាំ គេដឹងឮតែនៅតំបន់របស់នាងរស់នៅប៉ុណ្ណោះ
ប៉ុន្តែទើបតែកាលពីថ្ងៃសៅរ៍ទី៣០ មិថុនា ២០១២
បានដឹងឮជាសាធារណៈតាមរយៈនាងឡើងច្រៀងរំលេចដោយផ្ទៃមុខមានស្នាម
របួសយ៉ាងអាក្រក់ និងប្រអប់ដៃទាំងពីរដាច់ពិការ
ក្នុងងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយ
។បច្ចុប្បន្ននាង ប៉ែន រស្មី ប្រឹងត្រដររស់ទាំងតូចចិត្តខ្លួនឯង
ដ្បិតភាពស្រស់ប៉ប្រិមនៃវង់ភ័ក្ត្របាត់បង់អស់
សល់តែស្លាកស្នាមឆេះខ្លោច និងស្នាមវះកាត់
ចំណែកដៃទាំងសងខាងដាច់អស់ម្រាម ។
ក្នុងស្ថានភាពបែបនេះនាងមានជីវិតរស់ដូចជាស្លាប់ទៅហើយ
ប៉ុន្តែកាន់តែឈឺចាប់ថែមទៀតដ្បិត
ប្តីមិននៅថែទាំ លើកទឹកចិត្តនាងទេ
គឺចាកចោលនាងទៅមានស្រីថ្មីទៀត
។ធ្លាក់ខ្លួនក្នុងសភាពបែបនេះទៅហើយ
នាងពុំចង់គិតពីខ្លួនឯងទេ
ប៉ុន្តែមានកូនប្រុសតូចមួយអាយុ១ឆ្នាំ៩ខែ
ដែលត្រូវយកចិត្តទុកដាក់ពីជីវិតរបស់គេ ។
នារីអ្នកចម្រៀងអភ័ព្វម្នាក់នេះ
និយាយទាំងយំអួលអាក់ថា «នៅពេលឃើញខ្ញុំធ្លាក់ខ្លួនពិការ
និងផ្ទៃមុខបាត់បង់សម្រស់អស់ ប្តីមិនអាណិតខ្ញុំទេ
គេបែកចិត្តទៅមានស្រីថ្មី ។
ខ្ញុំត្រូវបង្ខំចិត្តរស់នៅយ៉ាងលំបាកជាមួយកូនប្រុស ។
សព្វថ្ងៃនាងខ្ញុំតូចចិត្តអាណិតខ្លួនឯងណាស់
តែមិនដឹងធ្វើម៉េច មានតែទ្រាំរស់តាមយថាកម្មចុះ» ។ នាង
ប៉ែន រស្មី មានស្រុកកំណើតនៅភូមិអូរច្រនាង ស្រុកកំពង់ត្រាច
ខេត្តកំពត និងមានបងប្អូន៥នាក់ ក្នុងនោះប្រុស៣នាក់
ចំណែករូបនាងជាកូនពៅ ។មុនក្លាយជាអ្នកចម្រៀងសម័យ
នៅវ័យកុមារអាយុ៥ឆ្នាំ
នាងបានចូលរួមសម្តែងល្ខោនបាសាក់នៅក្រុមអូសេតេ ។
នាងចាប់ផ្តើមជីវិតជាអ្នកចម្រៀងសម័យប្រចាំក្រុមតន្ត្រីអូ
សេតេនៅឆ្នាំ២០០៥
ដែលអ្នកខេត្តព្រះសីហនុអាចស្គាល់នាងតាមរយៈការចូលរួមច្រៀង
ក្នុងពិធីផ្សេងៗ ពិសេសពិធីជប់លៀងមង្គលការ
។
នាងរស្មី បានរៀបការនៅឆ្នាំ២០០៣
និងមានកូនប្រុសម្នាក់ ។
ក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍នា
ពេលនោះ នាងរស្មីច្រៀងចំនួន២បទ គឺបទ«ផ្កាស្រពោន»
និងបទ«រាត្រីទឹកឃ្មុំ»
ដែលទំនងអត្ថន័យនៃបទចម្រៀងទាំងនេះមានលំនាំប្រហាក់ប្រហែលឆាក
ជីវិតពិតរបស់នាង
ហើយនាងទម្លាយចេញពីបេះដូងរបស់នាងទៅទស្សនិកជន ។
នាងច្រៀងពីរោះគួរសម
តែមិនទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាងរឿងជីវិតសោករបស់
នាងដែលពិធីករនិទាន និងភាពពិការរបស់នាងទេ ។
ទស្សនិកជនទាំងនៅទស្សនាផ្ទាល់ និងទស្សនាតាមកញ្ចក់ទូរទស្សន៍
ម្នាក់ៗរំភើបខ្លោចចិត្តអាណិតនាង ។
ដោយក្តីអាណិតអាសូរសម្តេចតេជោ ហ៊ុន សែន
និងលោកជំទាវ បានឧបត្ថម្ភប្រាក់ដល់នាងរស្មីចំនួន១.០០០ដុល្លារ ។
ក្រៅពីនេះក៏មានសប្បុរសជនមួយចំនួនទៀតដែរ
ផ្តល់ប្រាក់ឧបត្ថម្ភដល់នាង
។គ្រោះថ្នាក់ចរាចរណ៍ដែលឆក់យករូបសម្រស់របស់នាងរស្មីនោះ
គឺរ៉ឺម៉កម៉ូតូកង់បីបុករថយន្តដឹកក្រុមតន្ត្រីរបស់នាង
បណ្តាលឱ្យឆេះកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១
នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិអណ្តូងថ្ម ស្រុកព្រៃនប់
ខេត្តព្រះសីហនុ ។
ក្នុងរថយន្តមានតន្ត្រីករ
និងអ្នកចម្រៀងចំនួន១២នាក់
ក្នុងនោះមានអ្នកចម្រៀង៤នាក់ឆេះស្លាប់
និង៨នាក់ទៀតឆេះខ្លោចខ្លួនប្រាណស្ទើរស្លាប់រាប់ទាំងនាង
រស្មីផង
។នារីអ្នកចម្រៀងរូបនេះត្រូវគេនាំចូលព្យាបាលនៅមន្ទីរ
ពេទ្យចម្ការចេក ក្រុងព្រះសីហនុ ។
អស់រយៈពេលជាង១ឆ្នាំទើបនាងជាស្បើយមុខរបួសទាំងបាត់បង់អស់
សម្រស់
និងពិការដៃទាំងសងខាង។អតីតកាលមិនត្រឡប់មករកនាងរស្មីវិញទេ
តែទោះបីជានាងរស់នៅក្នុងបច្ចុប្បន្នទាំងសោកសៅ
តែនាងនៅតែត្រដរស់ដោយសល់ក្តីសង្ឃឹមមួយសម្រាប់នាង
ដែរ នោះគឺកូនប្រុសតូចជាទីស្រឡាញ់
ដែលនាងត្រូវតែយកចិត្តទុកដាក់ជួយតម្រង់អនាគតរបស់គេ ៕