ភ្នំពេញ ៖ កម្មករ-កម្មការិនី រោងចក្រលានគ្លូ បូលថេកស្កាយខេមបូឌា ប្រមាណ ៣០០នាក់ ក្នុងចំណោមកម្មករ-កម្មការិនី ៧០០នាក់ បាននាំគ្នាធ្វើកូដកម្មអហិង្សាមួយ ដើម្បីសុំឱ្យតំណាងសហជីពរបស់គេ ៥រូប បានចូលធ្វើការឡើង មិនតែប៉ុណ្ណោះ បានសុំលក្ខខណ្ឌការងារចំនួន ១៣ចំណុច បន្ថែមទៀត ហើយក្នុងការធ្វើកូដកម្មនោះ ក៏មានការប៉ះទង្គិចគ្នាមួយប្រាវ រវាងកម្មករ-កម្មការិនី និងភាគីខាងរោងចក្រ ប៉ុន្ដែពុំបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ។
ការផ្ទុះកូដកម្មនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ តែពុំមានដំណោះណាមួយ ដល់កម្មករ-កម្មការិនីឡើយ។ ការធ្វើការកូដកម្មនេះ ស្ថិតនៅខាងមុខរោងចក្រ លានគ្លូបូល ថេកស្កាយ ខេមបូឌា ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន ពីកម្មការិនីមួយរូប បានឱ្យដឹងថា ពួកគាត់បាននាំគ្នាធ្វើកូដកម្មអហិង្សានេះ គឺបន្ទាប់ពីភាគីរោងចក្រ បានដកតំណាងសហជីព របស់គេ ៥នាក់ ចេញ មិនឱ្យចូលធ្វើការងារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ដែលអ្នកទាំង៥ នេះ គឺជាតំណាងរបស់ពួកគេ ចេញមុខក្នុងការតវ៉ាជូនពួកគេពេលដែលភាគីខាងរោងចក្រ មានការគាបសង្កត់ ដូច្នេះភាគីរោងចក្រ ដកតំណាងសហជីពរបស់ពួកគេចេញ ក្នុងគោលបំណងជិះសេះលែងដៃហើយ ពីព្រោះកាលណាបើពួកគេ ជាកម្មករ-កម្មការិនី គ្មានតំណាងតវ៉ាឱ្យនោះ គឺស្រេចតែអំពើចិត្ដ របស់ភាគីរោងចក្រ ចង់ធ្វើយ៉ាងម៉េចក៏បានដែរ ។
ប្រភពបានបន្ដទៀតថា រហូតមកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២នេះ ហើយគឺពុំទាន់ទទួលបាន ដំណោះស្រាយមួយណាសមរម្យនៅឡើយ ទេ ហើយនៅព្រឹក ថ្ងៃទី៣ ខែកក្កដានេះ ក៏មានវត្ដមាន លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ចុះមកអន្ដាគមន៍ដែរ ប៉ុន្ដែពុំទទួលបានដំណោះស្រាយនោះអ្វីដែរ លុះពេលដែលអញ្ជើញចេញ ទៅវិញ កម្មករ-កម្មការិនី មិនសុខចិត្ដ ដោយភាគីខាងរោងចក្រ មិនទទួលយកតាមសំណើរបស់ពួកគេនោះ ក៏នាំគ្នាយកកៅស៊ូកង់រថយន្តមកដុត ពេលនោះ ស្រាប់ភាគី រោងចក្របានទាញទុយោទឹក មកបាញ់ទៅលើ កម្មករ-កម្មការិនីទាំងអស់ ថែមទាំងយកខ្សាច់មកបាចពីលើទៀតផង ។ ប៉ុន្ដែពុំបណ្ដាលឱ្យនរណារងរបួសនោះទេ ។
ប្រភពបានបន្ដទៀតថា តំណាងសហជីព ដែលភាគីខាងរោងចក្រដកចេញនោះ ទី១-ឈ្មោះ ទៀង វៃ ទី២-ឈ្មោះ វ៉ាន់ ណារិន ទី៣-ឈ្មោះ ចែម សារឿន ទី៤-ឈ្មោះ ឆុំ ធារិន និងទី៥-ឈ្មោះ ហ៊ឹម ញាញ់ អ្នកទាំង៥ ដែលភាគីរោងចក្រដកចេញ គឺជាតំណាងរបស់ពួកគេ ជាអ្នកការពារពួកគេទាំងអស់គ្នា ។
ប្រភពដដែលបានបន្ដទៀតថា បន្ទាប់ពីសុំឱ្យ សហជីពរបស់ពួកគេទាំង៥នាក់ ចូលធ្វើការឡើងវិញនោះ គឺទាមទារសុំលក្ខខណ្ឌការងារ បន្ថែមចំនួន ១៣ទៀត ដែល ភាគីខាងរោងចក្រ ពុំទាន់គោរពតាមច្បាប់ការងារនៅឡើយ ហើយប្រសិនបើភាគី នៅតែព្យាយាមមិនទទួលយក តាមសំណូមពររបស់ពួកទេនោះ ពួកគេនឹងបន្ដធ្វើកូដ កម្មនេះ រហូតមានដំណោះស្រាយសមរម្យ៕