កំពង់ចាម
៖ កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម
បានធ្វើការបង្កា្របទប់ស្កាត់បទល្មើសគ្រឿងញៀនប្រៀបដូចជាភ្លៀងរលឹម
មិនថាពេលយប់ឬថ្ងៃ ឱ្យតែការស៊ើបអង្កេតបានឃើញជនល្មើសយ៉ាងច្បាស់ហើយ
កំលាំងតែងធ្វើការបង្ក្រាបភ្លាមៗមិនដែលទុកឱកាសឱ្យជនល្មើសរត់គេច
ខ្លួនឡើយ។
ជាក់ស្ដែង
កាលពីថ្ងៃទី២ កក្កដា កន្លងមកនេះ
ជនជួញដូរគ្រឿងញៀនពីរក្រុមមានគ្នា៦នាក់
ត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាប
ឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា។ក្នុងនោះជនសង្ស័យមួយក្រុមមាន
គ្នា៤នាក់ត្រូវឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក
និងជនសង្ស័យមួយករណីទៀតមានគ្នា
ពីរនាក់ធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល។
លោក
សោម រស់
នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបានឱ្យកម្ពុជាថ្មី
ដឹងថា ជនសង្ស័យដែលបង្ក្រាបបានទាំងពីរក្រុមខាងលើនេះទី១ឈ្មោះប៊ន
ប៊ុនធាញ ហៅធី ភេទប្រុស អាយុ៣០ឆ្នាំ ទី២ឈ្មោះយ៉ង់ ស្រីបាន
ភេទស្រីអាយុ១៩ឆ្នាំ ទី៣ឈ្មោះយ៉ង់ ស្រីមាន ភេទស្រី អាយុ១៩ឆ្មាំ(ត្រូវជាកូនភ្លោះជាមួយយ៉ង់ ស្រីបាន) ទី៤ឈ្មោះ
អាត ស្រីមុំ ភេទស្រី អាយុ១៩ឆ្នាំ។អ្នកទាំង៤បច្ចុប្បន្នមានទីលំនៅ
ផ្ទះជួល សង្កាត់កំពង់ចាម
ក្រុងកំពង់ចាម។ជាក្រុមទីមួយដែលសមត្ថកិច្ចបង្ក្រាបបានវេលា
ម៉ោង១០និង៣០នាទីព្រឹក ។ចំណែកមួយក្រុមទៀតមានគ្នា២នាក់ ទី១ឈ្មោះម៉ៅ
ចាន់បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ និងទី២ ឈ្មោះហុក ដូនណាត ភេទប្រុស
អាយុ២០ឆ្នាំ អ្នកទាំង២ជានិសិត្សសាលាកសិកម្ម មានទីលំនៅភូមិទី២
សង្កាត់ វាលវង់ ក្រុងកំពង់ចាម។
លោក
សោម រស់ បានបន្តឱ្យដឹងថា ដោយមានការស៊ើបអង្កេត
តាមដានរបស់សមត្ថកិច្ចជាយូរមកហើយ ជនសង្ស័យក្រុមទី១
ត្រូវសមត្ថកិច្ចក្របួចបាននៅក្នុងបន្ទប់ជួលរួមគ្នាមួយ
ខណៈពេលដែលអ្នកទាំងអស់គ្នាកំពុងសេពថ្នាំញៀន
និងក្រុមទី២សមត្ថកិច្ចបានប្រើវិធីសាស្រ្ត
ដោយប្រើកំលាំងសុំទិញថ្នាំពីជនសង្ស័យ
ហើយនៅពេលឃាត់ខ្លួនបានម្នាក់ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនម្នាក់
ទៀតនៅក្នុងបន្ទប់។
នៅក្នុងពេលបង្ក្រាបជនសង្ស័យទាំងពីរករណីនេះសមត្ថកិច្ច
រឹបអូសបានថ្នាំញៀនក្រាមពណ៌សនៅក្នុងបន្ទប់រួម មាន១៦កញ្ចប់តូច
និង១កញ្ចប់ធំ ព្រមទាំងឧបករណ៍សេពថ្នាំញៀនមួយកំផ្លេ។
ជនសង្ស័យទាំង៦នាក់នេះបន្ទាប់ពីធ្វើការឃាត់ខ្លួនបានសមត្ថកិច្ចបាន
កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម៕