រ៉ាណែលបានរៀបរាប់ថា បច្ចុប្បន្ន
កញ្ញាបានបញ្ចប់ការសិក្សាហើយ តែដោយសារកម្មវិធី Sabay Write នេះ
ផ្ដល់ឱកាសសម្រាប់មិត្តអ្នកអានទូទៅឲ្យចូលរួម
និងដោយសារកញ្ញាមានចំណាប់អារម្មណ៍ខាងផ្នែកតែងនិពន្ធនេះ
ទើបសម្រេចចិត្តចូលរួម។

“ខ្ញុំមិននឹកស្មានសោះថា ក្លាយជាអ្នកឈ្នះ
ព្រោះខ្ញុំបានផ្ញើអត្ថបទមកតែមួយគត់…រវល់ណាស់ដែរ”។ រ៉ាណែល
បានប្រាប់ថា កញ្ញាមានចិត្តសប្បាយរីករាយ
រំភើបជាខ្លាំងបន្ទាប់ពីដឹងថាខ្លួនក្លាយជាអ្នកមានសំណាងដំបូងគេ
ក្នុងចំណោមអ្នកចូលរួមរាប់រយនាក់ ហើយកញ្ញា ពេញចិត្តនិងអ្វីដែល
Sabay កំពុងធ្វើនិងសង្ឃឹមថា Sabay
អាចបន្តបង្កើតកម្មវិធីល្អៗទៀតសម្រាប់យុវវ័យ។
ក្នុងចំណោមអត្ថបទដែលចូលរួមប្រកួត
ប្រជែងទាំងអស់ចំនួន ២៦០ អត្ថបទ អត្ថបទក្រោមប្រធានបទ “ជីវិត”
របស់កញ្ញា សាន់ រ៉ាណែល ដែលមានចំណងជើង “រសជាតិជីវិត” នាំមុខដាច់គេ
ដោយមានសំឡេងគាំទ្រសុទ្ធ (មិនគិត facebook) ដល់ទៅ ២.៥៦៩ សំឡេង
បើធៀបនឹងអត្ថបទលំដាប់ទី២ក្នុងផ្នែកជីវិតដូចគ្នាដែលមានត្រឹម
តែ ១.០០៤ សំឡេងប៉ុណ្ណោះ។
បើទោះបីជាអ្នកខ្លះបានលើកឡើងថា
កម្មវិធី Sabay Write មិនទាន់មានភាពយុត្តិធម៌១០០% តែជយលាភីខែទី១
ខាងលើ គិតថាកម្មវិធី Sabay Write
នេះជាកម្មវិធីល្អគ្រប់គ្រាន់ក្នុងការចូលរួមលើកកម្ពស់អក្សរសាស្ត្រ
ខ្មែរ បង្កើនការស្រាវជ្រាវដល់យុវវ័យ
ជាពិសេសបានលើកទឹកចិត្តយុវវ័យ។ “ខ្ញុំគិតថាល្អ យុត្តិធម៌
ហើយខ្ញុំក៏ចង់ឲ្យយុវវ័យដទៃទៀតបានចូលរួមដែរ”។ រ៉ាណែលបញ្ជាក់។
រ៉ាណែល
ជាកូនស្រីច្បងក្នុងគ្រួសារដែលមានសមាជិក ៥ នាក់
នៅរាជធានីភ្នំពេញនេះ។
កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ
និងជានិស្សិតឆ្នើម នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ទាប់ពីចូលប្រឡូកការងារអស់រយៈពេល ៥ ឆ្នាំមក បច្ចុប្បន្ន រ៉ាណែល
ជាសវនករម្នាក់នៅក្នុងក្រុមហ៊ុនសវនកម្មអន្តរជាតិដែលឈ្មោះថា BDO មានការិយាល័យនៅសណ្ឋាគារកាបូឌីយ៉ាណា រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ Sabay
ក៏បានប្រគល់រង្វាន់ជាកាតាបម៉ាក Sabay
ដល់អ្នកមានសំណាងពីការចូលរួមផ្ញើសារគាំទ្រអត្ថបទ Sabay Write
ផងដែរ។ ក្នុងនោះរួមមាននិស្សិត គង់ សិរីប៉ាន់ និង ឆោម យុឌ្ឍធាណា ។
អ្នកទាំងពីរមានចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នា គឺសប្បាយរីករាយ
ពេញចិត្ត និងបង្ហាញការគាំទ្រពេញទំហឹងចំពោះកម្មវិធីនេះ។
អ្នកទាំងពីរមានបំណងចង់ចូលរួមកម្មវិធី Sabay Write
ដែរនៅខែបន្ទាប់។
ជយលាភីក្នុងកម្មវិធី Sabay Write
នេះបានទទួលរង្វាន់ Laptop មួយគ្រឿង និងលិខិតសរសើរស្នាដៃសរសេរពី
ក្រុមហ៊ុន Sabay។
តើមិត្តយុវវ័យដទៃចង់ក្លាយជាម្ចាស់រង្វាន់នៅខែបន្ទាប់ទេ?
សូមរួសរាន់ផ្ញើអត្ថបទរបស់អ្នកមកដើមខែនីមួយៗ
ដើម្បីចូលរួមរួមប្រកួត ហើយកុំភ្លេចណា៎ ថានៅមានរង្វាន់ Laptop
បួនគ្រឿង The New iPad មួយគ្រឿង និងឱកាសធ្វើការជាមួយ Sabay
កំពុងតែរង់ចាំអ្នក!