ភ្នំពេញ: គណៈកម្មការជំនាញ របស់រដ្ឋសភា កំពុងតែសិក្សាយ៉ាងយកចិត្តទុកដាក់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៣ ឬហៅជាសាមញ្ញថា ច្បាប់ថវិកាជាតិ ឆ្នាំ២០១៣។ នេះបើតាមការបញ្ជាក់របស់លោក ស្មាន ទៀត អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម របស់រដ្ឋសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីសម្រេចប្រគល់សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ឲ្យទៅគណៈកម្មការជំនាញរដ្ឋសភា គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម របស់រដ្ឋសភា សិក្សា និងពិនិត្យ មុននឹងបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា ពិភាក្សា និងអនុម័ត។
លោក ស្មាន ទៀត បានលើកឡើងថា "សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ បានមកដល់គណៈកម្មការទី២ ហើយ ( គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម របស់រដ្ឋសភា )។ យើងកំពុងសិក្សាលើសេចក្តីព្រាងច្បាប់នោះ"។
ចំពោះ កិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ គឺមិនមានរបៀបវារៈនៃកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ នៅឡើយទេ។ មូលហេតុ ត្រូវបានលោក ស្មាន ទៀត ពន្យល់ថា "សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ មិនទាន់ដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅឡើយទេ ដោយថា យើងត្រូវធ្វើសិក្ខាសាលា ហើយធ្វើសិក្ខាសាលារួចហើយ ត្រូវប្រជុំផ្ទៃក្នុងរបស់គណៈកម្មការទី២ ជាមួយនឹងតំណាងរាជរដ្ឋាភិបាល គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រជុំ ដើម្បីពិនិត្យឡើងវិញ កែសម្រួល ឬក៏យ៉ាងណាម៉េច?។ ជជែកគ្នាចប់សព្វគ្រប់ហើយ បានដាក់ចូលទៅរបៀបវារៈនៃកិច្ចប្រជុំរដ្ឋសភាពេញអង្គ។ ដូច្នេះនៅថ្ងៃប្រជុំរដ្ឋសភា នៅថ្ងៃទី១៤វិច្ឆិកានេះ មិនមានរបៀបវារៈស្តីពី សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣នេះទេ"។
យ៉ាងណាក៏ដោយ លោក ស្មាន ទៀត បានបញ្ជាក់ថា តាមច្បាប់ រដ្ឋសភា ត្រូវអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ក្នុងអំឡុងខែតុលា រហូតដល់ខែធ្នូ។ ដូច្នេះសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ នឹងត្រូវរដ្ឋសភា ប្រជុំអនុម័ត មិនឲ្យលើសពីខែធ្នូទេ។
លោក តំណាងរាស្ត្រ ស្មាន ទៀត បានឲ្យដឹងថា ក្នុងសេចក្តីព្រាងថវិកាជាតិ ឆ្នាំ២០១៣ ត្រូវបានរាជរដ្ឋាភិបាល បង្កើនថវិកា នៅវិស័យនិមួយៗ ដោយកើនស្ទើរតែគ្រប់វិស័យ។ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យបានជាក់ច្បាស់ពីកំណើនទាំងនោះឡើយ។
សូមរម្លឹកថា កាលពីថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១២ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេច ហ៊ុន សែន បានប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៣ ឬហៅជាសាមញ្ញថា ច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ដែលមានទឹកប្រាក់ ១២.៥២៧.៨០០ លានរៀល ស្មើប្រមាណជាង ៣.១០០ លានដុល្លារអាមេរិក។ ថវិកាចំណាយសរុប ប្រចាំឆ្នាំ២០១៣ នេះ បានកើនឡើង ១២,៩% បើធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១២ ដែលមានត្រឹមតែជាង ២.៦០០ លានដុល្លារ។
ក្នុង សេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ បង្ហាញថា ការអនុម័តរបស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ដែលមានទឹកប្រាក់ជាង ៣.១០០ លានដុល្លារ គឺរាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយដំឡើងប្រាក់បៀវត្សមូលដ្ឋាន ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ២០% បន្ថែមទៀត នៅក្នុងឆ្នាំ២០១៣ ហើយក៏បាន និងកំពុងបន្តពង្រឹងការអនុវត្តបេឡាសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និងបេឡាជាតិសន្តិសុខអតីតយុទ្ធជន ដើម្បីបន្តកែលំអការអនុវត្តន៍ប្រាក់សោធននិវត្តន៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ ឲ្យកាន់តែប្រសើរឡើង។
សេចក្តីប្រកាសដដែល ក៏បានលើកឡើងថា ច្បាប់ថវិកាជាតិឆ្នាំ២០១៣ ក៏សម្រាប់ឲ្យរាជរដ្ឋាភិបាល បន្តអនុវត្តនូវគោលនយោបាយកម្មវិធីយុទ្ធសាស្ត្រ និងបណ្តាសកម្មភាព ការងារអាទិភាពតាមវិស័យ ពិសេសបន្តជំរុញការអនុវត្តន៍គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ បន្តផ្តល់អាទិភាពដល់ការបង្កើន និងលើកកម្ពស់គុណភាពសេវាកម្ម នៅក្នុងវិស័យសង្គមកិច្ច ជាពិសេស វិស័យអប់រំ សុខាភិបាល ការកសាងធនធានមនុស្ស និងសំណាញ់សុវត្ថិភាពសង្គម រួមទាំងការបន្តអនុវត្តគោលនយោបាយ ផ្តល់ដីសម្បទានសង្គមកិច្ច ដល់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធ និងការបន្តជំរុញការអនុវត្តន៍សកម្មភាពថ្មី លើគោលនយោបាយចាស់ នៃកំណែទម្រង់ការគ្រប់គ្រងដីធ្លី។
ការបង្កើនថវិកាជាតិ នៅឆ្នាំ២០១៣ រហូតដល់ជាង ៣.១០០ លានដុល្លារ ក៏ត្រូវបានរដ្ឋាភិបាលអះអាងថា ដើម្បីធានាដល់ការរៀបចំការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ នាខែកក្កដា ព្រមទាំងដើម្បីបន្តពង្រឹង និងពង្រីកការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ជាដើម៕