Friday, July 6, 2012

អ្នកកាសែត កម្ពុជា ចេញផ្សាយ សៀវភៅថ្មី ស្តីពីខ្មែរក្រហម សម្រាប់ជាឯកសារ

Photo by DAP-NEWSភ្នំពេញ៖ អ្នកកាសែត កម្ពុជា មួយរូប បានចេញ ផ្សាយសៀវភៅថ្មី មួយក្បាល ស្តីពីខ្មែរក្រហម ដែល មានកម្រាស់១៤៥ទំព័រ ជាភាសាអង់គ្លេស និង១៨៥ទំព័រជាភាសាខ្មែរ មានចំណងជើងថា «អ្នកម្តាយ និងកូនអង្គការ-យើងហ៊ានកម្ទេចពុកម៉ែ ដើម្បីអង្គការ»។
សៀវភៅនេះ មានគោលបំណង ផ្តល់ឲ្យសាលាក្តីខ្មែរក្រហម នូវព័ត៌មាន បន្ថែមពីការរំលោភ សិទ្ធិកុមារ ដ៏ធ្ងន់ធ្ងរ ក្នុងអំឡុងពេល របបកម្ពុជា ប្រជាធិបតេយ្យ នៅឆ្នាំ១៩៧៥-១៩៧៩ ជាពេលដែល មនុស្ស ប្រមាណ២លាននាក់ បានស្លាប់ដោយសារការសម្លាប់ ការធ្វើទារុណកម្ម ការអត់ឃ្លាន ជំងឺ និងធ្វើការ ហួសកម្លាំង ។
នៅក្នុងសន្និសីទ សារព័ត៌មានមួយ នារាជធានីភ្នំពេញ លោក ឆាយ សុផល អ្នកនិពន្ធនាយក សារព័ត៌ មាន Cambodian News និងជាគ្រូបណ្តុះ បណ្តាល សារព័ត៌មាន បាននិយាយថា សៀវភៅនេះ រៀបរាប់ ពីបទពិសោធន៍របស់អ្នកនិពន្ធ ជាមួយក្មេងជំទង់ផ្សេងទៀត ដែលបានរស់នៅក្នុង «កងកុមារចល័ត» ក្នុងរបបវាលពិឃាដ របស់កម្ពុជាប្រជាធិបតេយ្យ។
លោកបន្តថា សៀវភៅរំលឹកឡើងវិញពី ពេលវេលាដ៏ខ្មៅងងឹត ដែលអ្នកនិពន្ធ និងមនុស្សក្នុង ជំនាន់ របស់ខ្លួនដែលបានប្រឈមនឹ ងពលកម្មធ្ងន់ធ្ងរ ដោយគ្មានអាហារគ្រប់គ្រាន់ គ្មានការថែទាំសុខភាព មានការគំរាមផ្តាច់ជីវិត ការធ្វើទារុណកម្ម និងការសម្លាប់។
លោក ឆាយ សុផល បានបញ្ជាក់ថា លោកមិនដែលមានបំណង ចង់ធ្វើការសងសឹកណាមួយ ដល់មេ ដឹកនាំខ្មែរក្រហម ដែលកំពុងជាប់ឃុំ និងការកាត់ទោសនោះទេ ប៉ុន្តែអ្វីដែលរៀបរាប់ នៅក្នុង សៀវភៅ មានចេតនា ចង់បង្ហាញការពិត ដែលបានកើតមានចំពោះលោក និងសហការី ជាក្មេងជំទង់របស់ លោកនាសម័យកាលនោះ។
លោកបានបន្ថែមថា «ខ្ញុំគ្រាន់តែចង់ចែករំលែក ទៅឲ្យកូនចៅ និងចៅទួត របស់ខ្ញុំផង ឲ្យជនរួមជាតិ កម្ពុជាផង និងពិភពលោកផង ហើយឲ្យពួក គេបានដឹងពីការចងចាំ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ និងក្មេងជំទង់ដទៃទៀតដែលបានរស់នៅ និងធ្វើពលកម្មជាមួយខ្ញុំនាសម័យកាលនោះ»។
នៅក្នុងសៀវភៅនេះ លោក សុផល ក៏បានបញ្ចូលបទសម្ភាសន៍ របស់លោកជាមួយមេដឹកនាំ និងកម្មាភិបាលខ្មែរក្រហម មួយចំនួន ហើយបានដាក់ បញ្ចូលសក្ខីកម្មខ្លះ របស់ពួកគេនៅក្នុង សាលាក្តីខ្មែរក្រហមចាប់ពីចុងឆ្នាំ២០១១ ដល់ពាក់កណ្តាលឆ្នាំ២០១២។
ព្រះមហាក្សត្រនរោត្តម សីហនុ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុល ពត អៀង សារី អៀង ធីរិទ្ធ ខៀវ សំផន នួន ជា ព្រមទាំងជនបរទេសមួយ ចំនួនទៀត ក៏ត្រូវបានដកស្រង់សំដី នៅក្នុងសៀវភៅ នោះដែរ។
សៀវភៅនេះ ជាស្នាដៃទី២ហើយ ដែលលោក សុផល បានចេញផ្សាយនាឆ្នាំនេះ។ កាលពីថ្ងៃទី៥ មករាកន្លងមកនេះ លោកបានចេញផ្សាយសៀវភៅ ដែលមានចំនួន៣៤៦ទំព័រ មានចំណងជើងថា «ហ៊ុន សែន -នយោបាយនិងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ» ដែលលោកបានបញ្ជាក់ថា បានរៀបរាប់ពីអំណាច និងនយោបាយនៅប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ១៩៧០ និងឆ្នាំ២០១១៕
Photo by DAP-NEWS

Comments system

Disqus Shortname